ចេញមកខុសគេ! បែកធ្លាយ Huawei ប្រុងចេញទូរស័ព្ទបត់ថ្មី បត់ម្ដង៣ ផ្នត់
Sakada Techie
JULY 19 2024
អេឡិចត្រូនិក
258 views
1 min read

Huawei ត្រៀមខ្លួនដើម្បីប្រកួតប្រជែងក្នុងទីផ្សារទូរស័ព្ទបត់ឆ្នាំ២០២៤ ជាមួយនឹងការរំពឹងទុកនៃការចេញលក់ទូរស័ព្ទបត់បានបីដំបូងបង្អស់នៅលើពិភពលោក។

យោងតាមគណនីឈ្មោះ Fixed Focus Digital បង្ហោះសារនៅលើ Weibo កាលពីថ្ងៃ១៥ខែកក្កដាឆ្នាំ២០២៤នេះ ស្មាតហ្វូតបត់បីតង់នេះត្រូវបានរំពឹងថានឹងចេញលក់ក្នុងរយៈពេលពីរខែខាងមុខ។

ប្រភពបានបង្ហាញថា ទូរស័ព្ទបត់បាននេះនឹងមានតម្លៃថ្លៃ និងផលិតក្នុងបរិមាណមានកំណត់ ដែលបង្ហាញថាវាអាចបម្រើជាការបង្ហាញពីសមត្ថភាពបច្ចេកវិទ្យារបស់ Huawei ជាជាងការសំដៅយកឈ្នះទីផ្សារភ្លាមៗ។

ផលិតផលថ្មី និងច្នៃប្រឌិតតែងតែមានតម្លៃថ្លៃ ប៉ុន្តៃនៅពេលបច្ចេកវិទ្យាកាន់តែរីកចម្រើន និងការផលិតកាន់តែកើនឡើង តម្លៃត្រូវបានរំពឹងថានឹងធ្លាក់ចុះ។

ប្រភពនេះបានទស្សន៍ទាយបន្ថែមថា ទូរស័ព្ទបត់បានបីនេះអាចនឹងជំនួសទាំង iPad និងទូរស័ព្ទបត់បានបច្ចុប្បន្ន។ ទោះជាយ៉ាងណា ថាតើមហិច្ឆតានេះនឹងក្លាយជាការពិតឬយ៉ាងណានោះ នៅតែត្រូវរង់ចាំមើល។

ទោះបីជាព័ត៌មានលម្អិតអំពីលក្ខណៈបច្ចេកទេសនៅមានកម្រិតក៏ដោយ របាយការណ៍កាលពីដើមខែនេះបង្ហាញថា អេក្រង់សរុបមានទំហំប្រហែល 10 អ៊ីញ។ ការរចនាទូរស័ព្ទត្រូវបានចចាមអារ៉ាមថាមានប្រព័ន្ធត្រដាងពិសេសពីរ ដែលបង្កើតផ្នែកអេក្រង់ដាច់ដោយឡែកបី។ ផ្នែកមួយត្រូវបានគេនិយាយថាអាចបត់ចូលក្នុងទាំងសងខាង ខណៈដែលផ្នែកមួយទៀតបត់ចេញក្រៅ។ របាយការណ៍ក៏បានបង្ហាញផងដែរថា ការគ្រប់គ្រងស្នាមបត់ ដែលជាបញ្ហាកើតមានជាប្រចាំជាមួយអេក្រង់បត់បាន អាចនឹងត្រូវបានកែលម្អយ៉ាងខ្លាំងនៅលើឧបករណ៍នេះ។

ក្រៅពីនេះ មិនមានព័ត៌មានច្រើនអំពីមុខងាររបស់ឧបករណ៍បត់បានបីដែលនឹងចេញលក់នេះទេ។ ទោះជាយ៉ាងណា ការខិតខំប្រឹងប្រែងរបស់ Huawei ក្នុងការផលិតទូរស័ព្ទបត់បានបីបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុនបានចាប់ផ្តើមដាក់ពាក្យសុំប៉ាតង់សម្រាប់បច្ចេកវិទ្យានេះនៅឆ្នាំ 2021 ជាមួយនឹងការដាក់ពាក្យបន្ថែមនៅឆ្នាំ 2022។ ប៉ាតង់មួយដែលបានដាក់នៅខែកុម្ភៈ ឆ្នាំ 2023 បង្ហាញពីទូរស័ព្ទបត់បានបីជាមួយនឹងត្រដាងពីរ និងអេក្រង់អាចបត់បានដែលបត់ចេញក្រៅ ដែលស្របទៅនឹងព័ត៌មានចចាមអារ៉ាមបច្ចុប្បន្ន។

ខណៈពេលដែល Huawei ត្រៀមខ្លួនដើម្បីចេញលក់ឧបករណ៍ច្នៃប្រឌិតនេះ សហគមន៍បច្ចេកវិទ្យាកំពុងរង់ចាំយ៉ាងអន្ទះសារនូវព័ត៌មានបន្ថែមអំពីរបៀបដែលទូរស័ព្ទបត់បានបីនេះនឹងប៉ះពាល់ដល់ទីផ្សារ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia