លោក Pavel Durov ដែលជាមហាសេដ្ឋី ស្ថាបនិក និងនាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Le Bourget ជិតទីក្រុងប៉ារីសកាលពីល្ងាចថ្ងៃសៅរ៍ ហើយលោកប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ២០ឆ្នាំ បើតាមការស៊ើបអង្កេតរបស់អាជ្ញាធរ។
ក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរបារាំង លោក Pavel Durov ត្រូវបានចោទប្រកាន់ពីបទ មិនបានចាត់វិធានការដើម្បីទប់ស្កាត់ការប្រើប្រាស់ Telegram បែបឧក្រិដ្ឋកម្ម និងបរាជ័យក្នុងការសហការជាមួយការអនុវត្តច្បាប់លើ ការក្លែងបន្លំ អំពើឆបោក ការជួញដូរគ្រឿងញៀន អំពើរំលោភបំពានផ្លូវភេទលើអនីតិជន និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត ខណៈបច្ចុប្បន្នវេទិកានេះ មានអ្នកប្រើប្រាស់ជាប្រចាំរហូតដល់៩០០លាននាក់។
គូសបញ្ជាក់ថា លោក Durov ដែលជាសហគ្រិនកើតនៅរុស្ស៊ី បានបង្កើត Telegram បន្ទាប់ពីចាកចេញពីរុស្ស៊ីក្នុងឆ្នាំ 2014 នៅពេលដែលគាត់បដិសេធមិនព្រមអនុវត្តតាមការទាមទាររបស់រដ្ឋាភិបាលឱ្យបិទក្រុមប្រឆាំងនៅលើ VK ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមុនរបស់គាត់ បន្ទាប់មកគាត់បានលក់ VK និងផ្លាស់ទីលំនៅ។