កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ នៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកឆ្នាំ 2023 (MWC Barcelona 2023) ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានធ្វើការប្រជុំជាមួយនឹងប្រតិបត្តិករទូរស័ព្ទចល័ត ដៃគូឧស្សាហកម្ម និងអ្នកដឹកនាំមតិសំខាន់ៗជាច្រើន មកពីជុំវិញពិភពលោក ពិភាក្សាទៅលើប្រធានបទ «វិថីឆ្ពោះទៅរកពិភពលោកបច្ចេកវិទ្យាដ៏ឆ្លាតវ័យ» «GUIDE to the Intelligent World» ក្រោមគោលដៅបង្កើតប្លង់មេដើររួមគ្នា ដើម្បីបង្កើតមូលដ្ឋានគ្រឹះសេវា 5G ដែលអាចនាំមកនូវឱកាសជាច្រើន និងធ្វើឱ្យពិភពលោកកាន់តែទំនើបជាងមុន។
បច្ចុប្បន្ននេះ 5G កំពុងតែរីកលូតលាស់ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែង គិតត្រឹមដំណាច់ឆ្នាំ២០២២ មានអ្នកមនុស្សជាង១ពាន់លាននាក់ ជុំវិញពិភពលោកបានភ្ជាប់ប្រើប្រាស់សេវា 5G តាមរយៈទូរសព្ទដៃរបស់ខ្លួន។ ហើយសម្រាប់ប្រតិបត្តិករទូរស័ព្ទចល័តដែលឈានមុខគេលើពិភពលោក រួមមានក្រុមហ៊ុនមកពីប្រទេសចិន កូរ៉េខាងត្បូង ស្វីស ហ្វាំងឡង់ និងគុយវ៉ែត បានសម្រេចគោលដៅមានអ្នកអត្រាអ្នកប្រើប្រាស់សេវា 5G នៃក្រុមហ៊ុនរបស់ខ្លួនជាង ៣០%។
ហើយបើតាមរបាយការណ៍ចុងក្រោយបង្អស់របស់ Ookla បានបង្ហាញថា បច្ចុប្បន្ននេះមានទីក្រុងក្រុងតំណាងចំនួន ៤០របស់ពិភពលោកដែលប្រើប្រាស់ 5G។ ក្នុងក្នុងចំណោមទីក្រុងសំខាន់ៗទាំង៤០នោះ ក្រុមហ៊ុន Huawei ទទួលបានឱកាសធ្វើការសាសកសង់បណ្ដាញ 5G នៅទីក្រុងកំពូលៗចំនួន១០ ហើយជាលទ្ធផលបានបង្ហាញថាប្រព័ន្ធ 5G នៅក្នុងទីក្រុងទាំង១០នោះ គឺនៅដំណើរការល្អធម្មតា ដែលផ្ដល់នូវបទពិសោធន៍ដ៏ល្អដ៏អ្នកប្រើប្រាស់ និងបង្ហាញពីគុណភាពដែល Huawei ផ្ដល់ជូនផងដែរ។
ជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំនៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកឆ្នាំ២០២៣ (MWC Barcelona 2023) ខាងក្រុមហ៊ុន Huawei ក៏បានលើកឡើងយ៉ាងដូច្នេះថា ដើម្បីធ្វើឱ្យពិភពលោកកាន់តែទំនើបនិងឆ្លាតវៃ គឺគេត្រូវពង្រឹងទៅលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ឱ្យរឹងមាំ និងពង្រឹងសេដ្ឋកិច្ចឌីជិថល។ ហើយបើសម្លឹងទៅអនាគត ទាំងក្រុមហ៊ុន Huawei និងដៃគូឧស្សាហកម្មទាំងអស់ត្រូវសហការណ៍គ្នាក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ឱ្យកាន់តែរីកចម្រើន ដើម្បីធ្វើឱ្យឧស្សាហ៍កម្មទាំងមូលកាន់តែមានភាពធន់ និងមានភាពរីកចម្រើន។
នៅក្នុងព្រឹត្តិការណ៍មួយនេះផងដែរ ក្រុមហ៊ុន Huawei ក៏បានធ្វើការដាក់ស្ដង់ពិព័រណ៍ដ៏ធំមួយនៅក្នុងបន្ទប់ MWC Barcelona's Hall 1 ដោយបានធ្វើការដាក់បង្ហាញពីផលិតផល និងដំណោះស្រាយបច្ចេកវិទ្យា 5G ចុងក្រោយបំផុតរបស់ខ្លួន ដែលការដាក់បង្ហាញផលិតផលបច្ចេកវិទ្យាថ្មីៗចុងក្រោយនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Huawei ក្នុងការផ្ដោតក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យា 5G ដើម្បីរួមចំណែកជំរុញសេដ្ឋកិច្ចឌីជីថល និងដើម្បីបង្កើតគុណតម្លៃសម្រាប់អតិថិជនរបស់ខ្លួនផងដែរ។
ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Huawei ក៏បានធ្វើការ ដាក់បង្ហាញពីឧបករណ៍អេឡិចត្រូនិចទំនើបៗរបស់ខ្លួនផងដែរ ដូចជា ទូរសព្ទសេរីថ្មី HUAWEI Mate 50 series នាឡិកាឆ្លាតវៃ HUAWEI WATCH Buds និង HUAWEI WATCH GT Cyber ជាដើម។
គួរជម្រាបផងដែរថា ព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកឆ្នាំ (MWC Barcelona 2023) ដំណើរការចាប់ពីថ្ងៃទី ២៧ខែកុម្ភៈដល់ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ ដែលមានការចូលរួមពីក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័ត ដៃគូឧស្សាហកម្ម និងអ្នកដឹកនាំមតិសំខាន់ៗជាច្រើន មកពីជុំវិញពិភពលោក។ ដោយនៅក្នុងព្រឹត្តិការណ៍នេះ នឹងមានការពិភាក្សាលើប្រធានបទជាច្រើនដូចជា ការធ្វើឱ្យអាជីវកម្មជោគជ័យក្នុងសម័យ 5G, ឱកាស 5.5G, ការអភិវឌ្ឍន៍បៃតង, ការផ្លាស់ប្តូរឌីជីថល និងចក្ខុវិស័យក្នុងការប្រើប្រាស់ប្លង់មេអាជីវកម្មដើម្បីបង្កើតមូលដ្ឋានគ្រឹះ 5.5G ដើម្បីកសាងជោគជ័យក្នុងសម័យ 5G៕
ព័ត៌មានបន្ថែម៖ https://carrier.huawei.com/en/events/mwc2023