អ្នកធ្វើការជាច្រើននៅកម្ពុជាប្រាកដជាបានស្គាល់ហើយនូវកម្មវិធី CheckinMe ហើយ ដែលជាកម្មវិធីប្រើប្រាស់សម្រាប់កត់ត្រាសកម្មភាពនានារបស់ក្រុមហ៊ុន ដែលធ្វើឲ្យក្រុមហ៊ុនមួយនោះមានភាពងាយស្រួលប្រតិបត្តិការការងារ និងបែប Professional ។ ដូច្នេះមកដឹងពីប្រវត្តិត្រួសៗរបស់កម្មវិធី CheckinMe និងស្ថាបនិកដែលជាសហគ្រិនខ្មែរឆ្នើមមួយរូបនៃកម្មវិធី CheckinMe។
យោងតាមកិច្ចសម្ភាសន៍របស់ចាបខៀវរវាង លោក ឡី កំថូង ដែលជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនឆែកអ៊ីនមី (CheckinMe) បានប្រាប់ពីប្រវត្តិដែលលោកសម្រេចចិត្តចាប់ផ្តើមដំណើរការអាជីវកម្មមួយនេះ ដោយសារតែការសួរនាំ និងការជំរុញពីមិត្តភក្តិរបស់ខ្លួន ទៅលើប្រព័ន្ធគ្រប់គ្រងបុគ្គលិកក្នុងក្រុមហ៊ុន ទើបលោក ឡី កំថូង បានសម្រេចចិត្តទៅស្វែងរកក្នុង Google ហើយក៏ឃើញនូវការប្រើប្រាស់កម្មវិធីគ្រប់គ្រងធនធានមនុស្សមួយដែលកំពុងកើនឡើងទំហំទីផ្សារដែលមាននៅក្នុងអាស៊ីប៉ាស៊ីហ្វិកតែមួយគត់ ដែលនៅឆ្នាំ ២០២៤ បានព្យាករណ៍ថានឹងកើតឡើង ៥០% ថែមទៀតនៅក្នុង ៥ ឆ្នាំខាងមុខ។
ដោយលោកឃើញថាទីផ្សារមួយនេះមានទំហំធំ ទើបលោក និងក្រុមការងារបានសម្រេចចិត្តបង្កើត Prototype ឬក៏ហៅម្យ៉ាងទៀតថា MVP ដើម្បីយកទៅសាកល្បងនៅក្នងទីផ្សាររយៈ៣ខែ។ តែរឿងនឹកស្មានមិនដល់នោះ គឺត្រឹមតែរយៈពេល ៣ ខែ អាជីវកម្មរបស់លោកមានក្រុមហ៊ុនជាច្រើនបានចុះឈ្មោះប្រើប្រាស់ជាង ១០០ ស្ថាប័ន។ ដោយឃើញថាទីផ្សារមួយនេះល្អ លោកក៏សម្រេចចិត្តចុះឈ្មោះអាជីវកម្ម Trademark នៅក្រសួងពាណិជ្ជកម្ម និងស្នើសុំអាជ្ញាប័ណ្ណពីអគ្គនាយកដ្ឋាន ICT នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បន្ថែមទៀត ដើម្បីធានាថា Startup មួយនេះមានភាពស្របច្បាប់ និងទទួលបានការការពារពីច្បាប់។
មូលហេតុដែល CheckinMe មានអតិថិជន និងស្ថាប័នជាច្រើនរត់មកប្រើប្រាស់សេវាកម្មមួយនេះក៏ដោយសារតែ ចំណុចពិសេសនោះគឺ៖ តម្លៃសមរម្យ, គុណភាពខ្ពស់, និងងាយស្រួលប្រើប្រាស់។
ដោយសារតែការធ្វើទីផ្សារត្រូវ សមជាមួយនឹងគុណភាពសេវាកម្ម CheckinMe អាចឈរជើងតាំងពី ២០២១ បានរហូតមកដល់បច្ចុប្បន្ននេះ ហើយ CheckinMe សព្វថ្ងៃមានក្រុមហ៊ុនប្រើប្រាស់ជាងរាប់ពាន់ស្ថាប័ន និងបានបណ្តុះបណ្តាលទៅបុគ្គលិករបស់ស្ថាប័នទាំងអស់នោះសរុបជាងរាប់ម៉ឺននាក់ហើយ CheckinMe ក៏ទទួលបានពានរង្វាន់ជាច្រើនពីក្នុងប្រទេស និងក្រៅប្រទេសផងដែរ មានដូចជា៖
- Best Digital Startup ពីរដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- 1st Runner Up ពី Alibaba Cloud 2022
- ជ័យលាភីលេខ 3 ពី China-Asean Innovation and Entreprenureship
ជារួមមកវិញក្នុងខ្លឹមសារ និងអត្ថន័យនៃអត្ថបទមួយនេះ គឺជាសារលើកទឹកចិត្តដ៏ល្អមួយទៅកាន់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មលើផ្នែកបចេ្ចកវិទ្យា។ ជាចុងក្រោយ លោក ឡី កំថូង ដែលជាសហគ្រិនបច្ចេកវិទ្យាឆ្នើមមួយរូប បានផ្តល់ជាការលើកទឹកចិត្តដល់សហគ្រិនវ័យក្មេងទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀត ហើយបើគិតថាខ្លួននៅមិនទាន់ច្បាស់អំពីដំណើរសហគ្រិនភាពទេ លោកសូមណែនាំឲ្យចូលរួមវគ្គបណ្តុះបណ្តាលសំខាន់ៗមួយចំនួនមានដូចជា Hackathon, Incubator, Accelerator Program ហើយកម្មវិធីទាំងអស់នេះ អ្នកទាំងអស់គ្នាអាចស្វែងរក និងចុះឈ្មោះសិក្សាបានដោយឥតគិតថ្លៃនៅ Techno Startup Center និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
អត្ថបទដោយ៖ ងួន ឃុនណា