មហាសេដ្ឋីជួលមុខរបស់ពិភពលោក Bill Gates បានបង្ហាញការសោកស្តាយចំពោះជីវិតយុវភាព ខណៈឆ្លើយសំណួររបស់ A.I chatbot បើទោះបីជាខ្លួនជោគជ័យដល់កម្រិតកំពូលក្តី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNBC។
ក្នុងវីឌីអូមួយដែលបានបង្ហោះដោយការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak មេដឹកនាំអង់គ្លេសបានអានសំណួរដែលបង្កើតឡើងដោយ A.I chatbot ទៅកាន់លោក Bill Gates។ ក្នុងចំណោមសំណួរជាច្រើន មានសំណួរមួយសួរថា៖ «ប្រសិនបើអាចទាញពេលត្រឡប់ក្រោយបាន តើអ្នកនឹងផ្តល់ដំបូន្មានអ្វីទៅកាន់ខ្លួនឯង?»។ Bill Gates ឆ្លើយតបទាំងទួញសោក និងអារម្មណ៍ក្តុកក្តួលយ៉ាងដូច្នេះថា៖ «គ្រាយុវវ័យខ្ញុំពិតជាតានតឹងណាស់ ខ្ញុំគ្មានថ្ងៃចុងសប្តាហ៍ គ្មានថ្ងៃវិស្សមកាលទេ គិតតែប្រឹងបង្ខំខ្លួនឯងឲ្យធ្វើកិច្ចការធំ ចង់ទុំមុនស្រគៀល។ មិនទុកពេលឲ្យខ្លួនឯងរៀនសូត្របានគ្រប់គ្រាន់ ខ្ញុំស្តាយក្រោយណាស់»។មហាសេដ្ឋីរូបនេះបានបន្ថែមទៀតថា៖ «ម្លោះហើយខ្ញុំមានទស្សនៈតូចចង្អៀតចំពោះឥរិយាបថការងារ និងការនិយាយស្តី រួមទាំងប្រឈមបញ្ហាជាច្រើន»។
យ៉ាងណាមិញ ក្នុងបទសម្ភាសន៍មួយទៀតកាលពីពេលកន្លងទៅ លោក Bill Gates ក៏បានលើកឡើងផងដែរថា បើអាចទាញទ្រនិចនាឡិកាត្រឡប់ទៅកាលពីវ័យក្មេងម្តងទៀត លោកនឹងប្រាប់ខ្លួនឯងថា៖ «អានឲ្យបានច្រើន និងស្វែងយល់ពីប្រទេសកំពុងអភិវឌ្ឍន៍ក្នុងនាមជាអ្នកធ្វើដំណើរ»។ ក្នុងនាមជាសហស្ថាបនិកវ័យក្មេងលោក Bill Gates ជួបការលំបាកដូចទឹកបាក់ទំនប់លើការបំពេញការងារក្នុងឆ្នាំដំបូងរបស់ Microsoft។ ពីមុនលោកបានសារភាពថា ខ្លួនគឺជាចៅហ្វាយដែលមានតម្រូវការខ្ពស់ខ្លាំងដែលជួនកាលតែងនិយាយយ៉ាងឃោរឃៅទៅកាន់បុគ្គលិក ហើយអាកប្បកិរិយានេះគឺជាការឆ្លុះបញ្ចាំងពីស្តង់ដារខ្ពស់ដែលលោកបានកាន់សម្រាប់មនុស្សគ្រប់គ្នា រួមទាំងខ្លួនលោកផ្ទាល់ផងដែរ។
ជាមួយគ្នានេះ សហគ្រិនចាស់វស្សា Bill Gates បានប្រាប់ផតឃែស្ថ “Armchair Expert” យ៉ាងដូច្នេះថា៖ «សម្រាប់ក្រុមហ៊ុន Microsoft កាលនៅតូចដំបូង វាមិនអីទេ។ ប៉ុន្តែពេលយើងរីកធំជាងមុន ខ្ញុំត្រូវតែដឹងគ្រប់យ៉ាង ទាំងស្ថានភាព របៀបដែលត្រូវគ្រប់គ្រងនិងដោះស្រាយបញ្ហាជាមួយបុគ្គលិកគ្រប់រូប។ វាជារឿងដែលយើងត្រូវការពេលវេលារៀនសូត្រយូរណាស់»។ លោកបានបន្តទៀតថា៖ «បើអាចត្រឡប់ទៅកាន់ពេលវេលាផ្លាស់ប្តូរអ្វីមួយ ខ្ញុំនឹងប្រាប់ខ្លួនឯងឲ្យរៀនសូត្រឆាប់ដឹងរឿងទាំងនេះលឿនជាងខ្ញុំបច្ចុប្បន្នបន្តិច»។
ជីវិតឡើងកូដខ្លាំង Bill Gates ក្លាយជាមហាសេដ្ឋីក្មេងជាងគេមិនធ្លាប់មានត្រឹមវ័យ៣១ឆ្នាំ និងជាបុរសមានទ្រព្យច្រើនបំផុតរបស់ពិភពលោកកាន់កាប់ទ្រព្យសម្បត្តិសុទ្ធ ១២.៩ពាន់លានដុល្លារក្នុងឆ្នាំ១៩៨៧ រួមទាំងជាសហស្ថាបនិកក្រុមហ៊ុនសម្បុកបច្ចេកវិទ្យាយក្ស Microsoft ខណៈមានវ័យក្មេងល្ហក់។ តែទោះជាយ៉ាងនេះក្តី លោកនៅតែមានភាពសោកស្តាយចំពោះអតីតកាល៕