នាំគ្នាទៅចូលរួម! ក្រសួងកសិកម្មរៀបចំពិព័រណ៍ដ៏ធំបំផុតរបស់ខ្លួន តាំងបង្ហាញបច្ចេកវិទ្យាកសិកម្មទំនើបជួយដោះស្រាយបញ្ហាថ្លៃដើម និងទីផ្សារជូនកសិករ
Touch Soriya
•
OCTOBER 7 2026
•
ឱកាស
•
24 views
•
2 mins read
•

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិ​ការណ៍ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» ដ៏ធំបំផុត ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេល​ខាងមុខ។ ពិព័រណ៍កសិកម្មដ៏ធំបំផុតលើកទី២ នេះ នឹងមានការដាក់តាំងបង្ហាញពីបច្ចេកវិទ្យាកសិកម្មទំនើប ដូចជា គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន បច្ចេកវិទ្យាឌីជីថល ធាតុចូលកសិកម្ម បច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ ដំណោះស្រាយកសិកម្មធន់នឹងអាកាសធាតុ ព្រមទាំងសេវាហិរញ្ញវត្ថុ និងសេវាអាជីវកម្ម ដែលអាចជួយដោះស្រាយបញ្ហាថ្លៃដើម និងទីផ្សារជូនបកសិករ។

002

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ថា ព្រឹត្តិ​ការណ៍ CAFE26 មិនមែនផ្តោតតែលើការតាំងពិព័រណ៍នោះទេ ប៉ុន្តែជាផ្នែកមួយ​នៃការជំរុញ​ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការតភ្ជាប់ខ្សែច្រវាក់​តម្លៃ​ឱ្យបានពេញលេញ ជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។ វេទិកានេះ នឹងអាចជាស្ពានតភ្ជាប់កសិករទៅទីផ្សារ អាជីវកម្មទៅការវិនិយោគ បច្ចេកវិទ្យាទៅអ្នកប្រើប្រាស់ជាដើម។

001

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានបន្ថែមថា វេទិកា CAFE26 នឹងតភ្ជាប់​តួអង្គពាក់ព័ន្ធ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន កសិករ អាជីវករ អ្នកផលិត អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ ដៃគូ​អភិវឌ្ឍន៍​នានា និងសាធារណជន។ CAFE26 នេះ រៀបចំដោយក្រសួងកសិកម្ម, អង្គការ FAO, ក្រុមហ៊ុន One Event និងដៃគូអភិវឌ្ឍន៍ ត្រូវបានរំពឹងទុកថា មានអ្នកចូលទស្សនាប្រមាណ ២,៥ ម៉ឺននាក់ និងកសិករជាង ២ពាន់នាក់ ពិសេសនឹងមានស្តង់តាំងបង្ហាញចំនួន៤០០ ចូលរួម។

004

គួរបញ្ជាក់ថា​ វេទិកា CAFE26 នឹងមានកិច្ចពិភាក្សាផ្តោតលើបរិយាកាស និងការលើកទឹកចិត្តការវិនិយោគនៅកម្ពុជា យន្តការហិរញ្ញប្បទាន ការកែច្នៃកសិផល និងការបង្កើតតម្លៃបន្ថែម ការប្រែប្រួលទីផ្សារសកល ធាតុចូលកសិកម្មជាយុទ្ធសាស្ត្រ បច្ចេកវិទ្យាកសិកម្ម និងកសិកម្មឆ្លាតវៃ ព្រមទាំងការអភិវឌ្ឍខ្សែច្រវាក់តម្លៃប្រកបដោយភាពប្រកួតប្រជែងនិង បរិយាបន្ន៕

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia