កាន់តែទំនើបហើយ! ឥឡូវនេះ ChatGPT អាចជួយអ្នកប្រើប្រាស់ស្វែងរកទំនិញ សម្រេចចិត្តជ្រើសរើសអ្វីដែលត្រូវទិញ រហូតដល់អាចបញ្ចប់ប្រតិបត្តិការទិញ និងបង់ប្រាក់ជំនួសអ្នកបាន តាមរយៈមុខងារ Wallet ថ្មីរបស់ក្រុមហ៊ុន OpenAI។ មុខងារថ្មីនេះ ត្រូវបាន OpenAI ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យ AI Agents ដែលមានឈ្មោះថា Dots ជួយអ្នកប្រើប្រាស់ក្នុងដំណើរការទិញទំនិញ។

ដំបូងឡើយ មុខងារនេះ នឹងមានសម្រាប់តែអ្នកមាន ChatGPT Pro មួយចំនួនតូចនៅសហរដ្ឋអាម៉េរិក ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងមានកាត Visa, Mastercard ឬ American Express ដែលចេញនៅសហរដ្ឋអាម៉េរិកប៉ុណ្ណោះ។ យោងតាម OpenAI បានបញ្ជាក់ថា អ្នកប្រើប្រាស់នៅតែអាចគ្រប់គ្រងការទិញទំនិញរបស់ខ្លួនបាន ដោយអាចពិនិត្យមើលទំនិញ តម្លៃសរុប និងកាតធនាគារដែលត្រូវប្រើ មុនពេលបញ្ចប់ការទូទាត់ប្រាក់។ ជាពិសេស អ្នកប្រើប្រាស់ត្រូវអនុម័តការទិញដោយផ្ទាល់ តាមរយៈប្រព័ន្ធសុវត្ថិភាពដូចជា Face ID ឬស្នាមម្រាមដៃ។
ដើម្បីប្រើប្រាស់មុខងារនេះ អ្នកប្រើប្រាស់ ChatGPT ត្រូវបញ្ចូលកាតទូទាត់ប្រាក់ដែលមានសិទ្ធិប្រើប្រាស់ទៅក្នុង ChatGPT Wallet ជាមុនសិន។ ការកំណត់នេះធ្វើឡើងតែម្តងប៉ុណ្ណោះ ដោយមិនចាំបាច់បញ្ចូលព័ត៌មានកាតឡើងវិញរាល់ពេលទិញទំនិញនោះទេ។ នៅពេលទូទាត់ប្រាក់ ChatGPT Wallet នឹងប្រើ Payment Token ដើម្បីគិតប្រាក់ពីកាតដែលអ្នកប្រើប្រាស់បានជ្រើសរើស ក្នុងនោះ ព័ត៌មានកាតពិតរបស់អ្នក នឹងមិនត្រូវបានចែករំលែកជាមួយ AI Agent ឬអ្នកលក់ទំនិញឡើយ។

ចំណែកអ្នកលក់នឹងទទួលបានព័ត៌មានចាំបាច់សម្រាប់បំពេញការបញ្ជាទិញ ដូចជា អាសយដ្ឋានដឹកជញ្ជូន និងព័ត៌មានទំនាក់ទំនងរបស់អ្នកទិញផងដែរ។ ទន្ទឹមនឹងនេះ អតិថិជនដែលទិញទំនិញតាមរយៈ Dots គឺអាចទទួលបានពិន្ទុរង្វាន់ពីកាតឥណទាន និងប្រើប្រាស់ការការពារដែលភ្ជាប់ជាមួយកាត ដូចជាសិទ្ធិប្តឹងតវ៉ាចំពោះប្រតិបត្តិការទូទាត់ប្រាក់ផងដែរ។
OpenAI បានឱ្យដឹងថា ការដាក់ឱ្យប្រើប្រាស់មុខងារពេលឥឡូវនេះ គឺក្នុងដំណាក់កាលដំបូង ដើម្បីសាកល្បង និងកែលម្អសមត្ថភាពរបស់មុខងារ មុនពេលពង្រីកទៅកាន់អ្នកប្រើប្រាស់កាន់តែច្រើន។ នៅពេលអនាគត ក្រុមហ៊ុនគ្រោងនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ចំនួនទឹកប្រាក់ចំណាយអតិបរមា និងកំណត់ប្រភេទទំនិញ ឬរយៈពេលដែល AI Agent អាចទិញបាន ដោយអាចអនុម័តការទិញមួយចំនួនជាមុន ដើម្បីឱ្យ AI អាចដំណើរការបានដោយស្វ័យប្រវត្តិកាន់តែច្រើន។

ក្រៅពីនេះ OpenAI ក៏មានគោលដៅពង្រីកមុខងារ Agentic Shopping ឱ្យអាចប្រើប្រាស់នៅតាមហាងអនឡាញកាន់តែច្រើនផងដែរ។ ប៉ុន្តែការពង្រីកនេះ អាចប្រឈមនឹងឧបសគ្គ ដោយសារហាងលក់រាយមួយចំនួនកំពុងរារាំង AI Agents មិនឱ្យចូលប្រើប្រាស់គេហទំព័ររបស់ខ្លួន។ ដើម្បីជួយឱ្យអ្នកលក់រាយសម្របខ្លួនទៅនឹងការទិញលក់តាមរយៈ AI OpenAI ក៏បានចេញផ្សាយឯកសារ Commerce Partner Playbook ដែលផ្តល់នូវ Tools និងការណែនាំដល់គេហទំព័រលក់ទំនិញដែលចង់គាំទ្រការប្រើប្រាស់ AI Agents សម្រាប់ការទិញទំនិញផងដែរ។

