កាន់តែខ្លាំងហើយ! ប្រទេសមហាអំណាចនៅអាស៊ីមួយនេះ កំពុងប្រជែងគ្នាបង្កើត ខួរក្បាល AI ឱ្យមនុស្សយន្តធ្វើការងារជំនួសមនុស្ស
Touch Soriya
•
NOVEMBER 20 2026
•
នវានុវត្តន៍
•
16 views
•
2 mins read
•

ការប្រកួតប្រជែងក្នុងវិស័យមនុស្សយន្តកំពុងឈានដល់ដំណាក់កាលថ្មី ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យានៅប្រទេសចិន កំពុងបង្វែរការយកចិត្តទុកដាក់ពីការផលិតមនុស្សយន្តដែលអាចរត់ រាំ និងធ្វើចលនាស្មុគស្មាញ ទៅរកការអភិវឌ្ឍ «ខួរក្បាល AI» ដែលអាចឱ្យមនុស្សយន្តយល់ពីបរិស្ថានជុំវិញខ្លួន រៀនជំនាញថ្មីៗ និងសម្របខ្លួនទៅនឹងការងារផ្សេងៗបាន។

126

ជាមួយគ្នានេះ ក្រុមហ៊ុនចិនកំពុងបោះទុនវិនិយោគកាន់តែច្រើនទៅលើវិស័យ Embodied AI ដែលជាបច្ចេកវិទ្យាផ្តោតលើការបង្កើត Software ឱ្យមនុស្សយន្តអាចយល់ពីស្ថានភាពជាក់ស្តែង រៀនធ្វើការងារដែលមិនធ្លាប់ធ្វើពីមុន និងសម្របខ្លួនដោយមិនចាំបាច់សរសេរកូដកំណត់សម្រាប់ការងារនីមួយៗឡើយ។នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវ ITjuzi បានឱ្យដឹងថាក្រុមហ៊ុនដែលធ្វើការលើវិស័យ Embodied AI នៅប្រទេសចិន គឺបានទទួលមូលនិធិសរុបចំនួន ៩៣.៥ ពាន់លានយ័ន ឬប្រមាណ ១៣ ពាន់លានដុល្លារ តាមរយៈកិច្ចព្រមព្រៀងវិនិយោគចំនួន ៣២២ ករណី ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលចំនួននេះកើនឡើង ៥ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

127

ក្នុងនោះ លោក Dermot McGrath ស្ថាបនិកក្រុមហ៊ុនប្រឹក្សាបច្ចេកវិទ្យា ZenGen Labs បានលើកឡើងថា នៅពេលមានការប្រកួតប្រជែង គឺធ្វើឱ្យតម្លៃ Hardware ធ្លាក់ចុះ ដែលធ្វើឱ្យក្រុមហ៊ុនផលិតមនុស្សយន្តកំពុងមើលឃើញថា ឱកាសរកប្រាក់ចំណេញសំខាន់អាចស្ថិតនៅលើ «ខួរក្បាល» ឬ AI ដែលបញ្ជាឱ្យមនុស្សយន្តធ្វើការងារផ្សេងៗ។

ជាក់ស្តែង ក្រុមហ៊ុន X Square របស់ចិន កំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាដែលអាចឱ្យមនុស្សយន្តរៀនជំនាញកាន់ និងចាប់វត្ថុ តាមរយៈការមើលវីដេអូដែលមនុស្សបង្ហាញពីរបៀបធ្វើសកម្មភាពតែមួយដង ដោយមិនចាំបាច់បណ្តុះបណ្តាលម៉ូដែលឡើងវិញសម្រាប់ការងារនីមួយៗឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Spirit AI ក៏បានជួលមនុស្សប្រមាណ ១ ០០០ នាក់ ដើម្បីថតកត់ត្រាសកម្មភាពប្រចាំថ្ងៃ និងការងារក្នុងវិស័យឧស្សាហកម្ម សម្រាប់ប្រមូលទិន្នន័យយកទៅបណ្តុះបណ្តាល AI របស់មនុស្សយន្តផងដែរ។

128

ចំណែកក្រុមហ៊ុន Robbyant ដែលជាផ្នែកមនុស្សយន្តរបស់ Ant Group បានប្រើទិន្នន័យដែលមានរយៈពេលសរុបចំនួន ១៦០ ០០០ ម៉ោង ដើម្បីបណ្តុះបណ្តាលម៉ូដែលរបស់ខ្លួន ក្នុងនោះមានទិន្នន័យចំនួន ៥០ ០០០ ម៉ោង ដែលបានមកពីចលនារបស់មនុស្សយន្តក្រោមការណែនាំរបស់មនុស្ស ដែលបច្ចេកវិទ្យានេះ ក៏កំពុងត្រូវបានសាកល្បងក្នុងការងារជាក់ស្តែងផងដែរ។  ទន្ទឹមនឹងនេះ មនុស្សយន្តរបស់ក្រុមហ៊ុន Spirit AI កំពុងត្រូវបានប្រើប្រាស់នៅរោងចក្រ Zhongzhou របស់ក្រុមហ៊ុនផលិតអាគុយ CATL ដើម្បីភ្ជាប់ខ្សែដែលអាចបត់បែនបានក្នុងដំណើរការធ្វើតេស្ត Battery Pack ដោយមានអត្រាជោគជ័យក្នុងការបញ្ចូលខ្សែលើសពី ៩៩%។

129

ទោះជាយ៉ាងណា ការអភិវឌ្ឍ «ខួរក្បាល AI» សម្រាប់មនុស្សយន្តនៅតែមានបញ្ហាប្រឈម ជាពិសេសការប្រមូលទិន្នន័យដែលមានគុណភាព និងការធ្វើឱ្យ AI អាចដំណើរការបានល្អក្នុងបរិស្ថានផ្សេងៗគ្នា។ អ្នកប្រឹក្សាផ្នែកមនុស្សយន្ត Georg Stieler បានលើកឡើងថា ការបង្ហាញសមត្ថភាពថ្មីៗរបស់មនុស្សយន្ត មិនមានន័យថាវាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្មទូលំទូលាយនោះទេ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia