ក្តៅៗ! ក្រុមហ៊ុនភីហ្សាដ៏ល្បីមួយនេះ កំពុងប្រើប្រាស់ AI ដើម្បីត្រួតពិនិត្យទៅលើគុណភាពភីហ្សា
Touch Soriya
•
NOVEMBER 19 2026
•
ឌីជីថល
•
18 views
•
2 mins read
•

ក្រុមហ៊ុន Papa John’s ដែលជាម៉ាកយីហោភីហ្សាអន្តរជាតិមកពីសហរដ្ឋអាម៉េរិក និងមានសាខានៅកម្ពុជា កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជួយត្រួតពិនិត្យគុណភាពភីហ្សា តាមរយៈរូបថតដែលអតិថិជនថត និងផ្ញើមកឱ្យក្រុមហ៊ុន បន្ទាប់ពីទទួលបានការដឹកជញ្ជូន។

120

ជាមួយគ្នានេះ ក្រុមហ៊ុនបានចាប់ផ្តើមយុទ្ធនាការមួយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ដោយអញ្ជើញអតិថិជនឱ្យផ្ញើរូបថតភីហ្សាដែលពួកគេបានទទួល ព្រមទាំងផ្តល់មតិយោបល់អំពីគុណភាពផលិតផល។ យោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា អតិថិជនធ្វើបែបនេះ នឹងអាចទទួលបានភីហ្សាឥតគិតថ្លៃតាមលក្ខខណ្ឌរបស់កម្មវិធី។

គោលបំណងនៃការប្រមូលរូបថតទាំងនេះ ដើម្បីឱ្យក្រុមហ៊ុនអាចពិនិត្យមើលភាពស៊ីសង្វាក់គ្នានៃគុណភាពភីហ្សានៅតាមសាខាផ្សេងៗគ្នា។ លោក Todd Penegor នាយកប្រតិបត្តិក្រុមហ៊ុន Papa John’s បានលើកឡើងថា ភាពមិនស្មើគ្នានៃគុណភាពផលិតផលរវាងសាខានីមួយៗ គឺជាបញ្ហាប្រឈមដ៏សំខាន់របស់ក្រុមហ៊ុន។ ជាក់ស្តែង ក្រុមហ៊ុនមានប្រព័ន្ធកាមេរ៉ាប្រើប្រាស់ AI នៅក្នុងហាងមួយចំនួន ដើម្បីពិនិត្យមើលទៅលើឈីសនៅលើភីហ្សា ម្ទេសប្លោក និងរូបរាងសំបកភីហ្សាមានលក្ខណៈត្រឹមត្រូវដែរឬទេ។ 

121

ទោះជាយ៉ាងណា ប្រព័ន្ធកាមេរ៉ាទាំងនោះ នៅមានត្រឹមតែហាងពីរបីរយប៉ុណ្ណោះ ក្នុងចំណោមទីតាំងប្រហែល ៦ ០០០ កន្លែងរបស់ក្រុមហ៊ុននៅទូទាំងពិភពលោក។ តាមរយៈការប្រើប្រាស់រូបថតពីអតិថិជន ក្រុមហ៊ុនចង់ពង្រីកលទ្ធភាពនៃការត្រួតពិនិត្យគុណភាពដោយប្រើ AI ទៅកាន់សាខាកាន់តែច្រើន ដោយចំណាយតិចជាងការដំឡើងប្រព័ន្ធកាមេរ៉ានៅតាមហាងនីមួយៗ។ 

ជាមួយគ្នានេះ Reuters បានបញ្ជាក់ថា ការវិភាគរូបថតពីអតិថិជននៅមិនទាន់មានភាពត្រឹមត្រូវដូចប្រព័ន្ធកាមេរ៉ាដែលប្រើនៅក្នុងហាងនៅឡើយទេ។ ក្នុងនោះ ក្រុមហ៊ុនបានឱ្យដឹងថា ខ្លួនទទួលបានរូបថតរាប់ពាន់សន្លឹកក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនៃយុទ្ធនាការ ហើយកំពុងប្រមូលរូបភាព និងមតិយោបល់ទាំងនោះដាក់បញ្ចូលក្នុងប្រព័ន្ធ Dashboard ដើម្បីជួយកំណត់បញ្ហាគុណភាព និងស្វែងរកចំណុចដែលសាខានីមួយៗត្រូវកែលម្អ។

122

បច្ចេកវិទ្យានេះ ត្រូវបានក្រុមហ៊ុនអភិវឌ្ឍដោយខ្លួនឯង ដោយផ្អែកលើបច្ចេកវិទ្យា AI ដែលខ្លួនបានអភិវឌ្ឍរួមគ្នាជាមួយ Google Cloud កន្លងមក។ ការប្រើប្រាស់ AI ក្នុងការត្រួតពិនិត្យគុណភាពនេះ ក៏ជាវិធីមួយដែលក្រុមហ៊ុនសង្ឃឹមថានឹងជួយរក្សាស្តង់ដារផលិតផលឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នានៅតាមសាខារបស់ខ្លួនផងដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia