ខ្លាំងមែន! ប្រទេសមហាអំណាចមួយនេះ កំពុងហ្វឹកហាត់មនុស្សយន្តជំនាន់ថ្មីឲ្យចូលធ្វើការជំនួសមនុស្សក្នុងរោងចក្រ
Touch Soriya
•
NOVEMBER 18 2026
•
ឌីជីថល
•
37 views
•
2 mins read
•

ក្រុមហ៊ុន Robotics របស់បារាំងឈ្មោះ Genesis AI កំពុងអភិវឌ្ឍន៍មនុស្សយន្ត AI មួយប្រភេទដែលមានឈ្មោះថា Eno មានរូបរាងប្លែកខុសពីមនុស្សយន្តទូទៅ ដោយអាចបត់បង្រួមខ្លួនឱ្យតូច ដើម្បីងាយស្រួលទុកដាក់ ហើយអាចលាតខ្លួនឡើងដល់កម្ពស់ប្រហាក់ប្រហែលមនុស្ស នៅពេលត្រូវបំពេញការងារ។ មនុស្សយន្តនេះ ត្រូវបានអភិវឌ្ឍន៍ឡើងសម្រាប់ជួយការងារក្នុងវិស័យឧស្សាហកម្ម និងភស្តុភារកម្ម។ 

114

តាមសេចក្តីរាយការណ៍របស់ Reuters ចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មនុស្សយន្ត Eno មានរចនាសម្ព័ន្ធជាបីផ្នែក ដែលមានរូបរាងជាបន្ទះរាបធំៗ និងដាក់នៅលើជើងទម្រមានកង់ដែលអាចបង្វិលបាន។ ការរចនាបែបនេះ អនុញ្ញាតឱ្យវាបត់ខ្លួនចូលទៅក្នុងទំហំតូចមួយ ហើយអាចលាតខ្លួនឡើងដល់កម្ពស់ប្រហាក់ប្រហែលមនុស្សនៅពេលត្រូវបំពេញការងារ។

ចំណុចពិសេសមួយទៀតរបស់ Eno គឺដៃមនុស្សយន្ត ដែលក្រុមហ៊ុនកំពុងអភិវឌ្ឍអាចចាប់ កាន់ និងលើកវត្ថុផ្សេងៗសម្រាប់ផ្លាស់ទីបានយ៉ាងស្ទាត់ជំនាញ។ បើតាមក្រុមហ៊ុន Genesis AI ការធ្វើឱ្យដៃមនុស្សយន្តអាចធ្វើចលនាបានយ៉ាងប៉ិនប្រសប់ គឺជាបញ្ហាបច្ចេកទេសដ៏លំបាកមួយក្នុងការផលិតមនុស្សយន្ត។ នាយកប្រតិបត្តិ Genesis AI លោក Zhou Xian បានពន្យល់ថា ក្រុមហ៊ុនមិនបានជ្រើសរើសរចនា Eno ឱ្យមានរូបរាងដូចមនុស្សទាំងស្រុងនោះទេ ដោយមនុស្សយន្តមិនចាំបាច់មានក្បាលដូចមនុស្សឡើយ ប្រសិនបើវាមិនមានខួរក្បាលដដែល។

115

ជាមួយគ្នានេះ Genesis AI ក៏ទើបទទួលបានប្រាក់វិនិយោគចំនួន ៥០០លានដុល្លារពីក្រុមវិនិយោគិនផងដែរ ក្រោយការវិនិយោគនេះ ក្រុមហ៊ុនត្រូវបានវាយតម្លៃថាមានតម្លៃសរុប ៣.៥ ពាន់លានដុល្លារ។ ក្នុងនោះ ក្រុមហ៊ុនមានគម្រោងប្រើប្រាស់ទុននេះ ដើម្បីបង្កើនការផលិតមនុស្សយន្ត Eno ពង្រីកការប្រមូលទិន្នន័យ និងបណ្តុះបណ្តាល AI ព្រមទាំងធ្វើឱ្យសមត្ថភាពក្នុងការប្រើប្រាស់ដៃរបស់មនុស្សយន្តកាន់តែប្រសើរឡើង។

116

បច្ចុប្បន្ន Genesis AI កំពុងសាកល្បងមនុស្សយន្ត Eno មួយចំនួនតូចជាមួយអតិថិជន ហើយក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន LG CNS របស់កូរ៉េខាងត្បូង ដើម្បីសាកល្បងប្រើប្រាស់មនុស្សយន្តមួយប្រភេទនេះ ក្នុងវិស័យផលិតកម្ម និងភស្តុភារកម្មផងដែរ។ ក្រុមហ៊ុនរំពឹងថា នឹងអាចពង្រីកការដាក់ឱ្យអតិថិជនប្រើប្រាស់កាន់តែទូលំទូលាយនៅឆ្នាំ២០២៧។ ការអភិវឌ្ឍមនុស្សយន្ត Eno បានបង្ហាញពីទិសដៅថ្មីមួយក្នុងការផលិតមនុស្សយន្តសម្រាប់ការងារឧស្សាហកម្ម ដោយផ្តោតលើការរចនាដែលសន្សំសំចៃទំហំ និងសមត្ថភាពក្នុការប្រើប្រាស់ដៃលើកវត្ថុ និងជួយធ្វើការងារផ្សេងៗ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia