ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែនិយមចូលចិត្តរថយន្តអគ្គិសនី បែបស្ព័រ ទំនើប ស៊ីវីល័យ ជាពិសេសបងប្អូនដែលជាហ្វេនរបស់ក្រុមហ៊ុន RMA ផ្ទាល់ ត្រូវប៉ាន់តែម្តង ខណៈកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនយក្ស RMA បាននាំមកនូវសមាជិកថ្មី រថយន្តអគ្គិសនីដំបូងគេបង្អស់របស់ខ្លួនមកកាន់ប្រទេសកម្ពុជាហើយ នោះគឺរថយន្តអគ្គិសនី CHANGAN DEEPAL L07 និង DEEPAL S07។
រថយន្តអគ្គិសនី DEEPAL L07 & S07 សុទ្ធតែមានចំណុចទាក់ទាញមិនចាញ់គ្នាប៉ុន្មានទេ ដោយរថយន្ត DEEPAL L07 ដែលជារថយន្តអគ្គិសនីមានតួខ្លួនបែប Sedan មានកម្លាំង១៩០KW ឬ២៥៨សេះ ដែលអាចបង្កើតកម្លាំងរមួលបាន ៣២០Nm ដោយសាកថ្មមួយពេញអាចរត់បានចម្ងាយរហូតដល់ទៅ ៦១០គីឡូម៉ែត្រដោយជាន់ពី០ទៅ១០០ Km/h ចាយពេលត្រឹមតែ ៦.៧វិតែប៉ុណ្ណោះ។
បើនិយាយអំពីទំហំតួរខ្លួនសរុបរបស់វាវិញ រថយន្តនេះមានបណ្តោយ ៤.៨ម ទទឹង ១.៨ម កម្ពស់១.៤ម និងគន្លាតកង់មុខក្រោយ ២.៩ម ខណៈជម្រើសពណ៌មានរហូតដល់ទៅ៤ពណ៌សម្រាប់ជ្រើសរើស ដោយក្នុងនោះរួមមានពណ៌៌ស ខ្មៅ ប្រផេះ និងផ្ទៃមេឃ។
ជាមួយគ្នានេះដែរបើងាកមកមើលរថយន្ត DEEPAL S07 ដែលមានទំហំតួជា SUVវិញ មានសមត្ថភាពមិនសូវខុសគ្នាជាមួយ L07 ប៉ុន្មានទេ ដោយរថយន្តនេះ មានកម្លាំង១៩០KW ឬ២៥៨សេះ ដែលអាចបង្កើតកម្លាំងរមួលបាន ៣២០Nm ដោយសាកថ្មមួយពេញអាចរត់បានចម្ងាយរហូតដល់ទៅ ៦២០គីឡូម៉ែត្រ ដោយជាន់ពី០ទៅ១០០ Km/h ចាយពេលតែ ៧.៥វិតែប៉ុណ្ណោះ។
លើសពីនេះរថយន្តនេះមានទំហំតួរខ្លួនសរុប បណ្តោយ ៤.៧ម ទទឹង ១.៩ម កម្ពស់១.៦ម និងគន្លាតកង់មុខក្រោយ ២.៩ម ខណៈជម្រើសពណ៌មាន៤ជម្រើសដូចគ្នា គ្រាន់តែ S07 មានពណ៌ បៃតង ក្រហម ខ្មៅ និងពណ៌ស ពោលខុសគ្នាត្រង់ S07 មានពណ៌ក្រហម ខណៈ L07 ជំនួសដោយពណ៌ប្រផេះ ។