កម្ពុជាមិនត្រឹមតែជាប្រទេសកំពុងអភិវឌ្ឍន៍ទេ ប៉ុន្តែឥឡូវនេះកំពុងបង្ហាញសក្តានុពលថ្មីក្នុងឧស្សាហកម្មយានយន្តដោយ ក្រុមហ៊ុន Calypso Motor ដែលកើតចេញពីក្តីស្រមៃ និងកម្លាំងយុវជនខ្មែរ បានបង្ហើបពីការត្រៀមខ្លួនឡើងឆាកពិភពលោកជាមួយម៉ូតូផលិតនៅកម្ពុជា។
បន្ទាប់ពីចំណាយពេលជាង ៣ ឆ្នាំក្នុងការស្រាវជ្រាវ អភិវឌ្ឍ និងសាកល្បង Calypso បានបង្កើតម៉ូតូជាច្រើនម៉ូដែល ដែលទទួលបានបទពិសោធន៍ និងចំណេះដឹងដ៏ខ្លាំង។ ក្នុងនោះ Nijia គឺជាផលិតផលសំខាន់ ដែលបានឆ្លងកាត់ការសាកល្បងជាង ៥,០០០ ម៉ោង និងបើកបរពីសាកល្បងលើផ្លូវពិតជាង ១៥,០០០ គីឡូម៉ែត្រ។
ពេលនេះ Calypso មានគោលដៅធំមួយគឺ តាំងបង្ហាញនៅពិព័រណ៍អន្តរជាតិ EICMA ឆ្នាំ ២០២៦ ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី ដែលជាកន្លែងប្រមូលផ្តុំម៉ាកម៉ូតូឈានមុខពិភពលោក។ ការចូលរួមក្នុងឆាកនេះ មានន័យថាកម្ពុជាអាចនាំចេញម៉ូតូផលិតក្នុងស្រុកទៅកាន់ទីផ្សារអឺរ៉ុប ដែលត្រូវការតាមស្តង់ដារ Euro 5។
ក្រុមហ៊ុនបានបញ្ជាក់ថា ការចូលឈានទៅកាន់ទីផ្សារអឺរ៉ុប មិនមែនជាការតែបង្ហាញខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញថា ម៉ូតូផលិតនៅកម្ពុជា អាចឈរដោយឯករាជ្យនៅលើឆាកអន្តរជាតិ។ ក្រុមហ៊ុនបានធ្វើការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ជាង ៤ ប្រទេស ដើម្បីប្រៀបធៀបគុណភាព និងធានាថាគ្រឿងបន្លាស់ និងបច្ចេកវិទ្យាឆ្លើយតបទៅនឹងតម្រូវការពិភពលោក។