ប្លែក! កម្មវិធីផ្សេងឱ្យ Startup ធ្វើបទបង្ហាញ កម្មវិធីនេះទៅជាក្រុមហ៊ុនធំៗធ្វើបទបង្ហាញ ប្រាប់ពីបញ្ហាទៅ Startup វិញ
Sakada Techie
SEPTEMBER 12 2025
PR
3 mins read

នាថ្ងៃពុធ ទី ៣ ខែ កញ្ញា ឆ្នាំ ២០២៥, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) បានរៀបចំ «ថ្ងៃបទបង្ហាញបញ្ច្រាស» ក្នុងគោលបំណងដាក់ឱ្យដំណើរការជាផ្លូវការនៃកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី ៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង មានការចូលរួមពីសំណាក់ដៃគូសហការរៀបចំកម្មវិធីរួមមាន កញ្ញា ភួង សិរីជាតិ មន្ត្រីផ្នែកធុរកិច្ច និងទំនាក់ទំនងនៃសហគ្រិនខ្មែរ, លោកស្រី ធាម រមណីយ អគ្គនាយិការងប្រតិបត្តិ និង នាយិកាទំនាក់ទំនងគូភាគី - ប្រធានគ្រប់គ្រងតំបន់ នៃធនាគារ ABA, តំណាងដៃគូពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី បានថ្លែងក្នុងសុន្ទរកថាបើកកម្មវិធីដែរថា កម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី ៥ គឺជាការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និង រស់រវើក ព្រមទាំងពោរពេញដោយនវានុវត្តភាព។ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថាគំរូកម្មវិធីខាងលើនេះផ្អែកលើការជ្រើសរើសចំណោទបញ្ហាពិតៗ ដើម្បីដាក់ឱ្យធុរកិច្ចថ្មីធ្វើការស្វែងរកដំណោះស្រាយ។ ហើយវិធីសាស្រ្តនេះដើរតួជាស្ពានដ៏សំខាន់ដែលតភ្ជាប់រវាងរាជរដ្ឋាភិបាល វិស័យឯកជន និង ធុរកិច្ចថ្មី ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មី ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម ក្នុងទីផ្សារជាក់ស្តែងតាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍, ផ្តល់ជាចំណេះដឹង និង ជំនាញសំខាន់ៗដល់ក្រុមធុរកិច្ចថ្មី ដើម្បីអភិវឌ្ឍផលិតផល ឬ សេវាកម្មប្រកបដោយសក្តានុពលគ្រប់គ្រាន់សម្រាប់ចូលទៅកាន់ទីផ្សារ, និង ផ្សារភ្ជាប់ជាមួយនឹងបណ្តាញតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡុស៊ីធុរកិច្ចថ្មី។ ក្រោយពីបានបើកទទួលពាក្យស្នើសុំចំនួន ៨ សប្តាហ៍ កន្លងទៅ, កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៥ បានទទួលការដាក់ពាក្យស្នើសុំរហូតដល់ទៅ ៥៣ ក្រុម។ បន្ទាប់ពីការពិនិត្យសម្រាំងជ្រើសរើស មានតែក្រុមធុរកិច្ចថ្មីចំនួន ៩ ក្រុម ប៉ុណ្ណោះដែលត្រូវបានផ្តល់ឱកាសចូលរួមក្នុងកម្មវិធី។ នាពេលឆាប់ៗខាងមុខនេះ ក្រុមធុរកិច្ចថ្មីទាំង ៩ ក្រុម នឹងត្រូវចូលរួមវគ្គ “ជំរុំចាប់ផ្ដើម” ដើម្បីសម្រួចគំនិតអាជីវកម្មរបស់ខ្លួន និង ត្រៀមខ្លួនគ្រប់គ្រាន់ មុនឈានទៅដល់ “ថ្ងៃបទបង្ហាញជម្រុះ” នាពេលបន្ទាប់។ សម្រាប់ក្រុមធុរកិច្ចថ្មីដែលមានសក្តានុពលខ្ពស់ នឹងអាចឈានចូលវគ្គពន្លឿនអាជីវកម្មដែលមានរយៈពេល ៨ សប្តាហ៍ និង “ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ” ដែលជាថ្ងៃបង្ហាញពីសមិទ្ធផលរបស់ក្រុមធុរកិច្ចថ្មីទៅកាន់សាធារណជន ព្រមទាំងប្រកាសលទ្ធផលក្រុមជ័យលាភីផងដែរ។

ទន្ទឹមនឹងនេះ ក្រុមធុរកិច្ចថ្មីដែលចូលរួមក្នុងកម្មវិធី នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការបណ្ដុះបណ្ដាល និង ការតម្រង់ទិសពីអ្នកជំនាញ, ការផ្សារភ្ជាប់ជាមួយអ្នកតម្រង់ទិសផ្នែកអាជីវកម្ម និង ផ្នែកបច្ចេកទេស, ការតាមដានយកចិត្តទុកដាក់ពីក្រុមការងារគាំទ្រស្ថាបនិកធុរកិច្ចថ្មី, ការប្រើប្រាស់ការិយាល័យធ្វើការរួម, ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមាន៖ ការសាកល្បងការទូទាត់ប្រាក់ឌីជីថល (Digital Payment Sandbox), CamDX, CamDigiKey, Khmer OCR, Semantic Search, ការចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធអនឡាញ, និង ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា, ឱកាសទទួលបានឥណទានបច្ចេកវិទ្យាក្លោដពីក្រុមហ៊ុន AWS រហូតដល់ ៥០០០ ដុល្លារអាមេរិក និង ឱកាសទទួលបានទុនវិនិយោគដែលមិនយកភាគហ៊ុន ដែលគិតជាទឹកប្រាក់សរុបចំនួន ១២០ លានរៀលផងដែរ។

គួរបញ្ជាក់ផងដែរថាកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៥ ត្រូវបានរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមជាមួយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, ដោយមានការសហការរៀបចំកម្មវិធីដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ និង សហគ្រិនខ្មែរ ហើយក៏មានការឧបត្ថម្ភធំពី ធនាគារ ABA រួមទាំងដៃគូផ្សព្វផ្សាយ Fresh News ផងដែរ។

Photo 2025 09 12 13.13.59

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia