ទោះបច្ចេកវិទ្យាកាន់តែទំនើប តែអ្នកជំនាញប្រាប់ថា សៀវភៅគឺគ្មានអ្វីអាចមកជំនួសបានទាំងស្រុងទេ។
ជាការពិតណាស់សៀវភៅគឺជាឃ្លាំងផ្ទុកនូវចំណេះដឹង និងព័ត៌មានដ៏សម្បូរបែប។ មិនថាជាវិស័យប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ សិល្បៈ អក្សរសាស្ត្រ សេដ្ឋកិច្ច បែបកម្សាន្តអារម្មណ៍ ឬបច្ចេកវិទ្យាទេ សុទ្ធតែមានកត់ត្រាក្នុងសៀវភៅ។ តាមរយៈការអានសៀវភៅ យើងអាចរៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃ ស្វែងយល់ពីពិភពលោកជុំវិញខ្លួន និងពង្រីកផ្នត់គំនិតរបស់យើង ធ្វើឲ្យយើងមានអារម្មណ៍ល្អផងដែរ។
ជាធម្មតាការអានសៀវភៅ គឺជាវិធីមួយដ៏ល្អសម្រាប់បន្ធូរអារម្មណ៍ និងកាត់បន្ថយភាពតានតឹងពីការងារ ឬការសិក្សា។ វាអាចនាំយើងទៅកាន់ពិភពមួយផ្សេងទៀត ផ្ដល់នូវការកម្សាន្ត និងជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។ ដូច្នេះហើយអ្នកនិពន្ធ១រូបក៏បានផ្តល់ជាការលើកឡើងពីវិវត្តិនៃការអាចប្រលោមលោក ឬសៀវភៅបែបស្រមើលស្រមៃធ្វើឲ្យអ្នកអានមានអារម្មណ៍ស្រស់ថ្លាជាងមុន។
លោក ឆោម សុពៅ នាមប៉ាកកា ហៅពូជូន អាយុ៣០ឆ្នាំ បច្ចុប្បន្នជាអ្នកដឹកនាំគម្រោងផលិត និងគ្រប់គ្រងទៅ នៅ “គ្រឹះស្ថានបោះពុម្ពផ្សាយ “នគរដ្រាម៉ា DRAMA”។ លោកចាប់ផ្តើមនិពន្ធសៀវភៅដំបូងនៅឆ្នាំ ២០១០
កាលជំនាន់នោះលោកចាប់ផ្តើមដោយមិនទាន់មានជាមុខរបបអ្វីទេ គ្រាន់តែជាអ្នកចូលចិត្តនិពន្ធ និងសរសេរ ដោយនៅឆ្នាំ ២០១៤ ទើបចេះចាប់ផ្តើមបង្ហោះរឿងនៅលើហ្វេសប៊ុក ហើយនាំឱ្យអ្នកអានជាច្រើនបានស្គាល់លោកថាជាអ្នកនិពន្ធ។ ឆ្លៀតពេលនោះលោកក៏បានដាក់ពាក្យធ្វើការនៅតាមផលិតកម្មផលិតកុន ផលិតរឿងខ្លី (រឿងភាគទូរទស្សន៍) និង ទទួលការងារជាអ្នកសរសេរឯករាជ្យឱ្យគ្រឹះស្ថានបោះពុម្ពផ្សាយធំៗនៅប្រទេសកម្ពុជា។ នៅឆ្នាំ ២០១៦ ចាប់ផ្តើមបង្កើតគ្រឹះស្ថានបោះពុម្ពផ្សាយដោយខ្លួន មានឈ្មោះថា “គ្រឹះស្ថាន៖ នគរដ្រាម៉ា DRAMA” ចាប់ផ្តើមបោះពុម្ពផ្សាយពីឆ្នាំ ២០១៦រហូតមកដល់សព្វថ្ងៃនេះឆ្នាំ២០២៥។
កត្តាដែលនាំឱ្យក្លាយជាអ្នកនិពន្ធអាចមកពីដុងពីកំណើតនិងការចូលចិត្តអានតាំងពីក្មេង។ មួយទៀតគិតថា នៅប្រទេសកម្ពុជាយើងមិនសូវមានអ្នកនិពន្ធ អ្នកអានអីទេ សៀវភៅភាគច្រើនគឺបកប្រែខុសច្បាប់កម្មសិទ្ធិបញ្ញា កត្តានេះធ្វើឱ្យប្រទេសយើងអាប់ឱនមុខមាត់នៅលើឆាកអន្តរជាតិណាស់។ ការនិពន្ធជាសេចក្តីសុខ និងមុខរបរដ៏ល្អមួយ រកលុយបានស្រួលផង និងមិនសូវប្រឡាក់ដៃ ហើយអាចជួយឱ្យមនុស្សយើង (អ្នកអានមានសេចក្តីសុខ) តែពេលធ្វើជាអ្នកនិពន្ធ លក់សៀវភៅ បោះពុម្ពសៀវភៅលក់ មិនសូវជោគជ័យដូចការគិតទេ។ តែបច្ចុប្បន្ននេះ ការបោះពុម្ពផ្សាយសៀវភៅ និងលក់សៀវភៅបានល្អហើយ បើធៀបជាមួយកាលពីប៉ុន្មានឆ្នាំ២០១៦។
សម្រាប់លោក ឆោម សុពៅ នាមប៉ាកកា ហៅពូជូន បានគិតថា ការអានតាមរយ:ឧបករណ៍អេឡិចត្រូនិច និងអានតាមសៀវភៅផ្ទាល់ មានគុណប្រយោជន៍ដូចគ្នា និងប្រសើរដូចគ្នា តែភាគច្រើន ការអានចែកចេញជា២ប្រភេទសៀវភៅខ្លះមិនមានជា (Ebook) សម្រាប់អានលើទូរស័ព្ទដៃទេ។ ដូច្នេះការអានទាំងពីរប្រភេទនេះមិនអាចជំនួសគ្នាបានទេ វានឹងដើរទន្ទឹមគ្នា ផ្តល់តែភាពងាយស្រួលដល់អ្នកអានសៀវភៅបច្ចុប្បន្ន។ ករណីគាត់ចង់អានជា ebook តែមិនមាន ebook មានតែសៀវភៅអានផ្ទាល់ និងសៀវភៅខ្លះទៀតមិនមានជាសៀវភៅទេតែមានជា ebook ដូច្នេះសៀវភៅនៅតែជាជម្រើសសម្រាប់អ្នកអាចទោះជាបច្ចេកវិទ្យាដើរទៅមុខប៉ុណ្ណាក៏ដោយ។
សម្រាប់ចំណូលជាអ្នកនិពន្ធមិនអាចជាក់លាក់បានទេ ដូចអ្នកធ្វើការទូទៅត្រូវបាន១ខែ ៥០០ដុល្លារ ឬ ១០០០ដុល្លារ ដូចការងារទូទៅ ដែលយើងធ្វើការនៅតាមក្រុមហ៊ុនឱ្យគេ។ គេបែងចែកលុយជា២ផ្នែក បើសិនជាអ្នកនិពន្ធសៀវភៅ យកលុយទៅបោះពុម្ពលក់ដោយខ្លួនឯង ចំណូលរបស់គាត់បានតិចឬច្រើន តាមចំនួនការលក់បាន។
ជាចុងក្រោយលោក ឆោម សុពៅ នាមប៉ាកកា ហៅពូជូន ផ្តល់ជាសារជូនអ្នកអានទាំងអស់គ្នាថា កុំអានសៀវភៅព្រោះតែសៀវភៅនោះល្បីតាមគ្នា ឬអានព្រោះតែសៀវភៅបញ្ចុះតម្លៃពិសេស គួរតាមដានអ្នកនិពន្ធ ឬប្រភេទសៀវភៅដែលយើងស្រលាញ់សិន ចាំទិញអាន នោះអ្នកអាននឹងយល់ច្បាស់ពីតម្លៃរបស់សៀវភៅ និងផ្តល់កម្ពស់ការអានពិតប្រាកដ។ ការគាំទ្រពីអ្នកអានដើរតួនាទីយ៉ាងសំខាន់ដល់អ្នកនិពន្ធ និងគ្រឹះស្ថានផលិតសៀវភៅ ដូច្នេះយើងមិនតែចេះគាំទ្រនោះទេ អ្នកនិពន្ធបង្កើតស្នាដៃល្អៗនឹងស្លាប់អស់ បន្ទាប់ពីគាត់លក់សៀវភៅមិនដាច់ដូចអ្នកនិពន្ធដទៃ ឬគ្រឹះស្ថានដទៃ។
អត្ថបទដោយ៖ ងួន ឃុនណា