កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានធ្វើការប្រកាសនូវវត្តមាន iPad Pro សេរីថ្មីរបស់ខ្លួន មកកាន់អតិថិជនជុំវិញពិភពលោក ដែលធ្វើឲ្យអ្នកគាំទ្រផលិតផលក្រុមហ៊ុនអេឡិចត្រូនិចដែលមានឡូហ្គោរូបផ្លែប៉ោមខាំមួយម៉ាត់មួយនេះ មានការរំភើបយ៉ាងខ្លាំង។
ប៉ុន្ដែយ៉ាងណាក៏ដោយ ក្រោពីថ្ងៃបង្ហាញវត្តមាន iPad Pro ក្ដៅៗ មិនទាន់ទាំងបានដាក់លក់នៅលើទីផ្សារផង ក្រុមហ៊ុន Apple ត្រូវបានទទួលរងនូវការរិះគន់យ៉ាងចាស់ដៃ ពីសំណាកអ្នកគាំទ្រ ក៏ដូចជាអតិថិជនជុំវិញពិភពលោក ទៅលើវីដេអូពាណិជ្ជកម្មរបស់ក្រុមហ៊ុន Apple ដែលមានរយៈពេលខ្លី១នាទី ខណៈក្នុងវីដេអូពាណិជ្ជកម្មមួយនោះ គេបានបង្ហាញពីសកម្មភាពកិនសង្កត់នូវរបស់របរ និងឧបករណ៍បច្ចេកវិទ្យាជាច្រើនសង្កត់បញ្ចូលគ្នា ហើយចុងក្រោយចេញជា iPad Pro ពោលគឺសកម្មភាពមួយនេះ Apple ចង់បង្ហាញពីសមត្ថភាពនៃ iPad Pro របស់ខ្លួនថាមានបច្ចេកវិទ្យាទំនើបអាចធ្វើរឿងបានច្រើន។
យ៉ាងណាមិញ សម្រាប់សាធារណៈជនបែរជាយល់ឃើញផ្ទុយទៅវិញ ដោយពួកគេយល់ឃើញថា សកម្មភាពនៅក្នុងវីដេអូរបស់ Apple ដែលកិនបំបែកឧបករណ៍បច្ចេកវិទ្យាសេរីមុនៗដូច្នេះ គឺជាការមិនឲ្យតម្លៃទៅលើស្នាដៃនៃការស្រាវជ្រាវផលិតរបស់អ្នកមុនៗ និងបានរិះគន់យ៉ាងធ្ងន់ធ្ងរ ឥតសំចៃមាត់ទៅលើក្រុមហ៊ុន Apple។
ដោយឡែក លោក Tor Myhren អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ដែលបានចុះផ្សាយដោយឧស្សាហកម្មផ្សាយពាណិជ្ជកម្ម Ad Age យ៉ាងដូច្នេះថា សារផ្សាយពាណិជ្ជកម្មបរាជ័យក្នុងការតភ្ជាប់សារគោលរបស់ Apple ដែលធ្វើឲ្យមានការយល់ច្រឡំ។
លោក Myhren បន្ដថា «គោលដៅរបស់ Apple គឺចង់អបអរចំពោះ iPad ថ្មីរបស់ខ្លួន ដែលមានបច្ចេកវិទ្យាទំនើប និងសមត្ថភាពខ្ពស់ និងមុខងារពិសេសៗច្រើន ដែលអាចជួយអ្នកប្រើប្រាស់របស់ខ្លួនជុំវិញពិភពលោក អោយពួកគេអាចបង្កើតនូវការងារ ច្នៃប្រឌិតតាមការគិត និងទេពកោសលរបស់ពួកគេ។ ប៉ុន្ដែ Apple ខកខានក្នុងការដាក់ចំណុចនេះក្នុងពាពិជ្ជកម្មរបស់ខ្លួន ហើយពួកយើងពិតជាសុំទោសទៅលើចំណុចនេះ»។
ទស្សនាវីដេអូខាងក្រោម៖ តំណរលីង
Meet the new iPad Pro: the thinnest product we’ve ever created, the most advanced display we’ve ever produced, with the incredible power of the M4 chip. Just imagine all the things it’ll be used to create. pic.twitter.com/6PeGXNoKgG
— Tim Cook (@tim_cook) May 7, 2024