ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ប្រារព្ធពិធីអបអរសាទរការ​ហោះហើរ​ជាអន្តរជាតិលើក​ដំបូង​ពី​ភ្នំពេញ​ទៅ​កូឡាឡាំពួរ  
Navasiri Morm
AUGUST 1 2024
PR
2 mins read

ភ្នំពេញ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ - ថ្ងៃនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia (ជើងហោះហើរលេខ KT) ប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ដ៏មហានក្ខត្តឬក្សមួយ ជាមួយនឹងការបើកសម្ពោធដាក់ឱ្យដំណើរការជើងហោះហើរជាអន្តរជាតិលើកដំបូងរបស់ខ្លួន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងកូឡាឡាំពួរ បន្ទាប់ពីបានចាប់ផ្តើមបើកប្រតិបត្តិការត្រឹមតែរយៈពេលបីខែប៉ុណ្ណោះ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យដ៏ថ្មី មួយនៅកម្ពុជា ។

Photo 24 2024 08 01 14 43 25

ភ្ញៀវទេសចរដែលធ្វើដំណើរតាមជើងហោះហើរ KT១៦៨ របស់ក្រុមហ៊ុន AirAsia Cambodia  ត្រូវបានអបអរសាទរជាមួយនឹងការសម្តែងសិល្បៈដ៏រំភើបអស្ចារ្យនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរ ដើម្បីផ្តល់ជូនអ្នកដំណើរនូវអនុស្សាវរីយ៍នៃការធ្វើដំណើរដែលមិនអាចបំភ្លេចបាន។ ជើងហោះហើរនេះ       ចាកចេញនៅវេលាម៉ោង ១២.២៥ នាទីថ្ងៃត្រង់ និងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ (ស្ថានីយលេខ ២) នៅវេលាម៉ោង ៣.១៥ នាទីល្ងាច (ម៉ោងសាកល GMT +) អមជាមួយនឹងការបាញ់ទឹកទទួលស្វាគមន៍នៅពេលអញ្ជើញមកដល់។

ក្នុង​នាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍មួយរបស់កម្ពុជា និងជាចំណែកមួយនៃអាស៊ាន ការ​បើកសម្ពោធដាក់ឱ្យ​ដំណើរ​ការ​នេះ​ប្រព្រឹត្តទៅ​ស្រប​ពេល​នឹងការ​ប្រារព្ធពិធីអបអរសាទរ​ទិវា​អាស៊ាន​លើក​ទី ៥៧ នា​ខែ​នេះ។ ការបើកសម្ពោធជើងហោះហើរនេះ គឺជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែរឹងមាំឡើង។ ជើងហោះហើរប្រចាំសប្តាហ៍ទាំងប្រាំពីរ គឺជាការបំពេញបន្ថែមប្រតិបត្តិការពីរដងក្នុងមួយថ្ងៃរបស់ក្រុមហ៊ុន​អាកាសចរណ៍ AirAsia Malaysia និងសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការជំរុញទំនាក់ទំនងលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍ថា “ការទទួលបានអ្នកដំណើរចំនួន ៩៩ ភាគរយនៃចំនួនកៅអីដែលបានដាក់លក់សម្រាប់ការហោះហើរជាអន្តរជាតិរបស់យើងខ្ញុំនាថ្ងៃនេះ គឺជាកត្តាជំរុញលើកទឹកចិត្តយ៉ាងខ្លាំងមួយ។ ចាប់តាំងពីពេលដែលយើងបានចាប់ផ្តើមបើកប្រតិបត្តិការនៅអំឡុងខែឧសភាកន្លងមកនេះ យើងបានធ្វើការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរក្នុងស្រុកចំនួន ២៥,៨៦១ នាក់ ហើយជាមួយនឹងការបើកផ្លូវហោះហើរជាអន្តរជាតិនេះ យើងមានគោលបំណងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងម៉ាឡេស៊ីមួយកម្រិតបន្ថែមទៀត។

Photo 19 2024 08 01 14 43 25

វិស័យទេសចរណ៍របស់កម្ពុជាបាននិងកំពុងស្ថិតនៅលើវិថីនៃកំណើនដ៏រឹងមាំ ខណៈដែលរាជរដ្ឋាភិបាលបានជំរុញយ៉ាងសកម្មដើម្បីឱ្យប្រទេសនេះក្លាយទៅជាគោលដៅទេសចរណ៍ដ៏ធំមួយ។ គិតត្រឹមឆមាសទីមួយឆ្នាំ ២០២៤ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាងបីលាននាក់។ យើងរំពឹងថាការបើកផ្លូវហោះហើរថ្មីរបស់យើងរវាងទីក្រុង​ភ្នំពេញ នឹង​ជំរុញឱ្យមានលំហូរចូលនៃ​ភ្ញៀវ​ទេសចរបន្ថែមទៀត​រវាង​​ប្រទេស​ទាំង​ពីរ។

“ជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន AirAsia Group យើងខ្ញុំប្តេជ្ញាគាំទ្រដល់គោលដៅអភិវឌ្ឍន៍វិស័យ​ទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ
មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតជើងហោះហើរត្រង់បន្ថែមទៀតពីគោលដៅទេសចរណ៍ធំៗនៅលើពិភពលោកមកកាន់ប្រទេសកម្ពុជា។ អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្រុមហ៊ុន Thai AirAsia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងខ្ញុំ បានដាក់ឱ្យអនុវត្តជើងហោះហើរសៀមរាប-ភូកេត ជាមួយនឹងការហោះហើរបីដងក្នុងមួយសប្តាហ៍ ចាប់​ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះតទៅ។

លើសពីនេះទៀត តាមរយៈការប្រើប្រាស់សេវាហោះហើរ Fly-Thru ប្រជាជនកម្ពុជាអាចធ្វើដំណើរទៅកាន់គោលដៅថ្ងៃឈប់សម្រាកដ៏គួរឱ្យរំភើបផ្សេងទៀតនៅអាស៊ី។ យើងប្តេជ្ញាថានឹងបើកជើងហោះហើរជាអន្តរជាតិបន្ថែមទៀតនៅទូទាំងតំបន់ក្នុងឆ្នាំនេះ ខណៈដែលកំពុងធ្វើការសិក្សាសមិទ្ធលទ្ធភាពសម្រាប់គោលដៅ
ផ្សេងៗ ដូចជាទីក្រុងសេប៊ូ កោះបាលី និងតំបន់ផ្សេងទៀត ដើម្បីជួយគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានដើរតួនាទីដ៏សំខាន់មួយក្នុងវិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា ដោយតភ្ជាប់តំបន់រវាងទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ជាផ្នែកមួយនៃសម្ព័ន្ធ        ក្រុមហ៊ុន AirAsia Group បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះបានពង្រីកសេវារហូតទៅដល់ជាង ១៣០ គោលដៅនៅទូទាំងអាស៊ី និងលើសពីនេះ ដោយប្រើប្រាស់មជ្ឈមណ្ឌល កណ្តាល របស់ខ្លួននៅ ទីក្រុងកូឡាឡាំពួរ និងទីក្រុងបាងកក ដើម្បីជួយសម្រួលដល់បទពិសោធន៍នៃការធ្វើដំណើរយ៉ាងរលូនសម្រាប់ភ្ញៀវធ្វើដំណើររបស់ខ្លួន៕

Photo 21 2024 08 01 14 43 25Photo 31 2024 08 01 14 43 25Photo 23 2024 08 01 14 43 25Photo 30 2024 08 01 14 43 25Photo 27 2024 08 01 14 43 25Photo 17 2024 08 01 14 43 25Photo 13 2024 08 01 14 43 25Photo 4 2024 08 01 14 43 25Photo 6 2024 08 01 14 43 25Photo 16 2024 08 01 14 43 25Photo 7 2024 08 01 14 43 25 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia