វៀតណាមនឹងក្លាយជាប្រទេសដំបូងបង្អស់នៅអាស៊ានដែលចាប់ផ្ដើមធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យាអ៊ីនធឺណេតនិងប្រព័ន្ធទូរស័ព្ទ 6G នៅឆ្នាំ២០២២នេះហើយ នេះបើតាមការចុះផ្សាយពីសំណាក់សារព័ត៌មានវៀតណាម VN Express។
សារព៏ត៌មានដដែលបានចុះផ្សាយ ដោយស្រង់សម្ដីរបស់រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និង ទូរគមនាគមន៍វៀតណាមលោក Nguyen Manh Hung ថា “(វិស័យទូរគមនាគមន៍វៀតណាម) នឹងស្ថិតក្នុងក្រុមកំពូលទៅលើការបញ្ចេញបច្ចេកវិទ្យា 5G និង អភិវឌ្ឍបច្ចេកវិទ្យា 6G សម្រាប់ពិភពលោក”។
រដ្ឋមន្ត្រីរូបនោះបន្តទៀតថា វៀតណាមនឹងចាប់ផ្ដើមស្រាវជ្រាវបច្ចេកវិទ្យា 6G នៅឆ្នាំនេះហើយ ស្របជាមួយនឹងការបញ្ចេញបច្ចេកវិទ្យាប្រព័ន្ធ 5G ឱ្យទូលំទូលាយនៅក្នុងស្រុក(វៀតណាម)។ បន្ថែមពីនោះ គណកម្មការលើផ្នែកស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យា 5G នោះត្រូវបានបង្កើតរួចរាល់ហើយ។
បច្ចេកវិទ្យា 6G នេះអាចនឹងផ្ដល់នូវទំនើបកម្មថែមមួយកម្រិតទៀតទៅលើបច្ចេកវិទ្យា 5G ដែលកំពុងប្រើប្រាស់លើវិស័យផលិតកម្ម រោងចក្រ ទូរគមនាគមន៍ បច្ចេកវិទ្យា Internet of Things -ល- ហើយពេលនេះនៅវៀតណាមមានក្រុមហ៊ុនចំនួន ៣ ធំៗកំពុងផ្គត់ផ្គង់លើសេវាកម្ម 5G គឺ VNPT, MobiFone និង ក្រុមហ៊ុន Viettel។
ស្របពេលជាមួយគ្នានេះដែរ ប្រទេសថៃក៏កំពុងតែប្រើប្រាស់បច្ចេកវិទ្យា 5G យ៉ាងស្វិតស្វាញដើម្បីជម្រុញការផលិតក្នុងរោងចក្រសង្វាក់ផលិតកម្មរបស់ខ្លួនសម្បើមណាស់ដែរ នេះបើតាមការចុះផ្សាយពីសំណាក់សារព័ត៌មាន Bangkok Post។
Bangkok Post លើកឡើងថារោងចក្រមួយចំនួននៅថៃ ចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យា 5G ជាមួយនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជា Cloud Computing ចេញជាដំណោះស្រាយបង្កើនល្បឿននិងផលិតភាពសង្វាក់ផលិតកម្មដូចជា ដោះស្រាយបញ្ហាត្រួតពិនិត្យគុណភាព (QC)កាត់ថ្លៃចំណាយ សុវត្ថិភាពទិន្នន័យខ្ពស់ -ល-។
អត្ថបទដោយ៖ Sakada Techie