ថ្មីៗនេះមានការផ្ទុះព័ត៌មានមួយចំនួន ទាក់ទងនឹងការកាត់លុយទូរស័ព្ទមិនដឹងខ្លួន ដោយអ្នកខ្លះកាត់អស់តិច ហើយអ្នកខ្លះទៀតកាត់អស់ច្រើន ដែលជាហេតុធ្វើឱ្យមានការមិនសប្បាយចិត្ត ពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទដៃមួយចំនួន។ ចំពោះបញ្ហានេះគឺមានមូលហេតុរបស់វា ដូចជាលោកអ្នកច្រឡំភ្ជាប់នូវគម្រោងប្ដូរលុយណាមួយ ឬបើប្រាស់អ៊ីនណើតទូរស័ព្ទអំឡុងពេលបញ្ចូលទឹកប្រាក់ជាដើម ដែលមូលហេតុបែបនេះ ក៏អាចធ្វើឱ្យលុយទូរស័ព្ទអស់ទៅបានដែរ។
ការពារអស់ទឹកប្រាក់ក្នុងទូរស័ព្ទលឿន ចាបខៀវសូមណែនាំវិធីងាយៗបំផុតចំនួន៦ ដែលយើងអាចអនុវត្ត កុំឱ្យលុយទូរស័ព្ទបញ្ចូល ប្រើឆាប់អស់៖
១. កុំបើកអ៊ីនធើណេតពេលបញ្ចូលលុយទូរស័ព្ទ៖ នៅពេលដែលលោកអ្នកព្យាយាមបើកសេវាអ៊ីនធើណេត អំឡុងពេលបញ្ចូលលុយទូរស័ព្ទ គឺវាអាចនឹងកាត់ទឹកប្រាក់របស់យើងក្នុងចំនួនតិចតួចណាមួយ ដែលធ្វើឱ្យចំនួនទឹកប្រាក់ក្នុងគណនី មិនអាចប្រើក្នុងគម្រោងប្ដូរលុយណាមួយបាន។
២. ប្រើលេខកូដ *1200# ពិនិត្យ និងផ្ដាច់គម្រោងប្ដូរលុយ៖ នេះគឺជាលេខកូដ ដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សម្រាប់លោកអ្នកប្រើ ដើម្បីផ្ដាច់ប្រព័ន្ធប្ដូរលុយទូរ័សព្ទគ្រប់ប្រព័ន្ធទាំងអស់។
៣. បិទ App Auto Update៖ ប្រសិនបើមិនមានការចាំចាប់ណាមួយ អ្នកគួរបិទមុខងារ App Auto Update ពោលគឺ បើកឱ្យ Update នៅពេលលោកអ្នកប្រើ Wifi ប៉ុណ្ណោះ។ ការធ្វើបែបនេះអាចជួយលោកអ្នក សន្សំសំចៃទឹកប្រាក់ក្នុងទូរស័ព្ទបានយ៉ាងមានប្រសិទ្ធិភាព។
៤. បិទ Telegram Auto Download៖ ការបើកមុខងារនេះ អាចធ្វើឱ្យលោកអ្នកអស់ទឹកប្រាក់ក្នុងប្រព័ន្ធទូរស័ព្ទលឿនបំផុត ដោយអ៊ីនធើណេតទាំងអស់ នឹងត្រូវចំណាយទៅលើការទាញយកឯកសារនៅលើតេឡេក្រាមមួយមុខគត់ ដូច្នេះបើមិនចង់អស់លុយ គួរតែបិទល្អជាង។
៥. បិទ Background App Refresh៖ នៅលើទូរស័ព្ទ Android និង iOS សុទ្ធតែមានមុខងារ Background App Refresh ដែលយើងអាចបិទមុខងារនេះ កុំឱ្យ App ដំណើរការបន្តទៀត នៅពេលយើង Lock ទូរស័ព្ទជាដើម។
៦. មើលវីដេអូលើក្នុងកម្រិតច្បាស់សមរម្យ៖ សម្រាប់អ្នកដែលចូលចិត្តមើលវីដេអូដោយប្រើសេវាអ៊ីនធើណេតទូរស័ព្ទ Admin ណែនាំឱ្យមើលកម្រិតភាពច្បាស់នៃវីដេអូសមរម្យបានហើយ ព្រោះបើយើងមើលកម្រិតកាន់តែច្បាស់ ហើយយូរ ចង់ឬមិនចង់ ចំនួនទឹកប្រាក់នៅក្នុងទូរស័ព្ទច្បាស់ជាស្រកចុះលឿនទៅតាមនោះដែរ។ ពេលប្រើ Wifi ចាំដាក់កម្រិតច្បាស់ឱ្យកប់តែម្ដង!
គន្លឹះទាំង៦ខាងលើនេះ លោកអ្នកអាចអនុវត្តបាន ដើម្បីកាត់បន្ថយការចំណាយផ្សេងៗទៅលើការបញ្ចូលទឹកប្រាក់ ពោលគឺសន្សំសំចៃបានមួយកម្រិតផងដែរ៕
