រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦៖ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប (Vireak Buntham Group) ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅកម្ពុជា បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “សេវាកម្មដឹកជញ្ជូនសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកសកល (Global E-commerce Delivery Service Launch)” ដោយបានសហការជាមួយក្រុមហ៊ុន Asendia ជាភ្នាក់ងារផ្តល់សេវាកម្មភស្តុភារឆ្លងដែន (Cross-border Logistics Provider) របស់ខ្លួន។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅសណ្ឋាគារ ហៃយ៉ាត់ រឺជិនស៊ី ភ្នំពេញ ចាប់ពីម៉ោង ២:៣០ នាទីរសៀល ដល់ម៉ោង ៥:០០ ល្ងាច ក្រោមអធិបតីភាព ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប រួមជាមួយនឹងវត្តមានរបស់លោក Senthil Kumar តំណាងក្រុមហ៊ុន Asendia និងភ្ញៀវកិត្តិយសជាច្រើនរូប ។

ព្រឹត្តិការណ៍នេះតំណាងឱ្យការបោះជំហានជាប្រវត្តិសាស្ត្រមួយសម្រាប់វិស័យភស្តុភារនៅកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនៃបណ្តាញដឹកជញ្ជូនអន្តរជាតិ ។ តាមរយៈកិច្ចសហការជាមួយ Asendia ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងវិស័យដឹកជញ្ជូនពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ក្រុមហ៊ុន វិរៈ ប៊ុនថាំ អាចផ្តល់លទ្ធភាពដល់ការដឹកជញ្ជូនទំនិញទៅកាន់គោលដៅជាង ២០០ កន្លែងនៅទូទាំងពិភពលោក ។ សេវាកម្មថ្មីនេះ នឹងជួយសម្រួលដល់ពាណិជ្ជករ និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ឱ្យមានសមត្ថភាពអាចផ្គត់ផ្គង់ និងនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារធំៗដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសជាច្រើនផ្សេងទៀតនៅលើសកលលោក ។

ថ្លែងនៅក្នុងពិធីបើកដំណើរការនោះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បានមានប្រសាសន៍បញ្ជាក់ថា៖ "បើទោះបីជាបណ្តាញដឹកជញ្ជូនក្នុងស្រុករបស់យើង មានភាពលូតលាស់រឹងមាំយ៉ាងនេះក៏ដោយ ចន្លោះប្រហោងនៃបណ្តាញដឹកជញ្ជូនអន្តរជាតិដែលអាចទុកចិត្តបាន នៅតែជាបញ្ហាប្រឈមមួយ រហូតមកដល់សព្វថ្ងៃនេះ។" "នេះជាមូលហេតុចំបងដែលនាំអោយ វិរៈ ប៊ុនថាំ បានសម្រេចចិត្តសហការជាមួយ Asendia ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោក... យើងកំពុងរួមគ្នាកសាងស្ពានដ៏រឹងមាំមួយ ក្នុងការតភ្ជាប់ដ៏រលូន និងប្រសិទ្ធភាព រវាងអាជីវកម្មកម្ពុជា និងអ្នកប្រើប្រាស់នៅលើសកលលោក។"
ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ក៏បានបន្ថែមផងដែរថា ការដាក់ឱ្យដំណើរការនូវសេវាកម្មថ្មីនេះ គឺធ្វើឡើងដើម្បីគាំទ្រដោយមោទនភាពដល់ "គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥" របស់រាជរដ្ឋាភិបាល ព្រមទាំងជួយជំរុញការធ្វើសមាហរណកម្មអាជីវកម្មកម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ។ ឥឡូវនេះ ជាមួយនឹងបណ្តាញសាខាក្នុងស្រុកដ៏ទូលំទូលាយ បូករួមជាមួយក្រុមការងារជំនាញពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ក្រុមហ៊ុននឹងបើកទ្វារអាជីវកម្មជូនសហគ្រិនកម្ពុជាទៅកាន់ពិភពលោកដោយភាពសាមញ្ញ និងគួរឱ្យទុកចិត្តបំផុត ។

នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការចាក់បញ្ចាំងវីដេអូបង្ហាញពីប្រវត្តិក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប ការថ្លែងសុន្ទរកថាដោយថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ ព្រមទាំងការចុះហត្ថលេខាជាផ្លូវការរវាងក្រុមហ៊ុន វិរៈ ប៊ុនថាំ និងក្រុមហ៊ុន Asendia ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការបម្រើសេវាកម្មជូនអតិថិជន។

គួររំលឹកផងដែរដា ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ ២០០៤ និងបានពង្រីកខ្លួនចូលក្នុងវិស័យដឹកជញ្ជូនទំនិញ និងបញ្ញើឆាប់រហ័សនៅឆ្នាំ ២០១៦ ។ គិតមកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនបានពង្រីកបណ្តាញសាខារបស់ខ្លួនរហូតដល់ជាង ១,៤០០ សាខា ដែលគ្របដណ្តប់ទូទាំងប្រទេសកម្ពុជា និងមានវត្តមាននៅប្រទេសវៀតណាម ឡាវ និងចិនផងដែរ ។ ក្រុមហ៊ុនបានទទួលការជឿទុកចិត្តពីអតិថិជនរាប់លាននាក់ទាំងក្នុង និងក្រៅប្រទេស ។

