កាន់តែរឹងមាំ! TikTok ប្រកាសពង្រឹងច្បាប់ធំៗចំនួន៣ ដើម្បីបង្កើនសុវត្ថិភាពដល់អ្នកប្រើនៅកម្ពុជា
Navasiri Morm
FEBRUARY 14 2022
ឌីជីថល
217 views
3 mins read

TikTok ដែលជា​ប្លេតហ្វម​​ផ្ដោត​លើ​វីដេអូ​ទម្រង់ខ្លីៗ​ជាមួយ​បេសកកម្ម​លើក​ទឹកចិត្ដ​បង្កើត​ឱ្យ​មាន​ច្នៃ​ប្រឌិត និង​កម្សាន្ដ​សប្បាយ កំពុង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​រួម​មួយ​ ដោយ​មាន​ជំនួយ​ពី​មនុស្ស​ដើម្បី​ជួយ​​រក្សា​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​កម្ពុជា​នៅ​លើ​អនឡាញ​។

ដូច​ដែល​ TikTok ​បាន​ពន្យល់​ក្នុង​របាយការណ៍​តម្លាភាព (Transparency Report) ​ចុង​ក្រោយ​បំផុត​របស់​ខ្លួន​ វីដេអូ​បំពាន​គោលនយោបាយសុវត្ថិភាព​​ ៨៧,៥​ភាគរយ​ត្រូវបាន​លុប​ចោល​ភ្លាម​ៗ​​មុន​ពួកគេ​ទទួល​បាន​អ្នក​ចូល​ទស្សនា​សូម្បី​តែម្ដង​ ហើយ​ TikTok ​ប្ដេជ្ញា​ចិត្ដ​បន្ដ​អភិវឌ្ឍ​ឱ្យកាន់តែ​មាន​​​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហានេះ​។ ​

Kyu Kyu Thein នាយកគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈនៃក្រុមហ៊ុន TikTok ប្រចាំនៅកម្ពុជា​​ បាន​មាន​ប្រសាសន៍ថា៖ «នៅក្រុមហ៊ុន​ TikTok បុគ្គលិក​​រាប់​ពាន់​នាក់​កំពុង​ផ្ដោតលើ​កិច្ចការ​ជួយ​ឱ្យ​ប្លេតហ្វម​​មួយ​នេះ​​មាន​សុវត្ថិភាព​សម្រាប់​សហគមន៍​របស់​យើង​ក្នុងការ​​រុករក​មាតិកា​កម្សាន្ដ​ និង​ចែករំលែក​វីដេអូ​ផលិត​ឡើង​បែប​ច្នៃ​ប្រឌិត​របស់​ពួកគេ​។ ក្រុមការងារ​ផ្នែក​ជំនឿចិត្ដ និង​សុវត្ថិភាព (Trust and Safety) នៅ​ TikTok កំពុង​បំពេញ​ការ​ងារ​ទៅ​តាម​ជំនាញ​រៀងៗខ្លួន​​ដើម្បី​ការពារ​សហគមន៍​យើង​។ ខណៈ​ពេល​យើង​បន្ដ​​បោះជំហាន​​ទៅ​មុខ​ប្រកប​ដោយ​​សុវត្ថិភាព​​ យើង​ចង់​ឱ្យ​វា​មាន​ការ​បើកទូលាយ និង​តម្លាភាព​ ហើយ​យើង​នឹង​ជជែក​អំពី​បញ្ហា​នេះ​នៅ​ខាងក្រោម​»។

18

ការបង្កើត និង​ធ្វើ​បច្ចុប្បន្នភាព​គោលការណ៍​ណែនាំ​សហគមន៍​របស់ TikTok 

គោលការណ៍ណែនាំសហគមន៍ របស់​ TikTok បាន​កំណត់​បទដ្ឋានមួយ​ចំនួន​​ ក៏ដូចជា​ក្រមសីលធម៌​ទូទៅ​សម្រាប់ ប្លេតហ្វម​វីដេអូ TikTok ដ៏ពេញនិយម​ ដោយ​ពួកគេ​​បាន​ផ្ដល់​នូវ​ការ​ណែនាំ​ស្ដីពីអ្វី​ដែល​ត្រូវបាន និង​មិន​ត្រូវបាន​អនុញ្ញាតដើម្បី​​​ជួយ​រក្សា​បាន​នូវ​ទីកន្លែង​​ប្រកប​ដោយ​សុវត្ថិភាព​។ ក្រុម​អ្នក​ជំនាញ​ផ្នែក​គោល​នយោបាយ​របស់​ TikTok ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​តម្លៃ​គោល​ការណ៍​ណែនាំ​ទាំង​នេះ​ជា​បន្ដ​បន្ទាប់​ដើម្បី​ពិចារណា​ថា តើ​ TikTok ​អាច​ដាក់​ឱ្យដំណើរការ​នូវ​មាតិកា​​បែប​ច្នៃប្រឌិត​​​ដោយ​របៀបណា ខណៈ​​ទ​ប់ស្កាត់​បញ្ហា​ប្រឈម​​ដែល​អាច​កើត​ឡើង​។

ក្រុម​អ្នក​ជំនាញ​ទាំង​នោះ​ជាអ្នក​ឯក​ទេស​លើ​មុខ​ជំនាញ​ដ៏​​ពិតប្រាកដ ដែល​អ្នក​ខ្លះ​មាន​ជំនាញ​ធ្វើ​កិច្ចការ​លើ​ឧស្សាហកម្ម​បច្ចេកវិទ្យា ហើយ​អ្នក​ខ្លះ​ទៀតអាច​មក​​ចូលរួម​ជាមួយ​ក្រុមការងារ TikTok ​ពី​អង្គការ​សង្គម​ស៊ីវិល ឬ​រដ្ឋាភិបាល​។ តួនាទី​របស់​ពួកគេ​ទាក់ទង​នឹង​ការ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ និង​លំបាកៗ​ ដូចជា ថាតើ​​​គួរ​គូស​បន្ទាត់​លើ​មាតិកា​ពាក់ព័ន្ធនឹងជំងឺ​អប្រក្រតីភាព​​នៃ​ការ​ទទួលទាន​អាហារនៅឯណា​​។

Kyu Kyu Thein បានថ្លែងថា៖ «​ចំពោះ​កិច្ចសហការ​ជាមួយ​អ្នក​ជំនាញ​មក​ពីខាង​ក្រៅ​ យើង​ដឹងថា មតិកា​​ទាក់ទងនឹង​អ​ប្រក្រតី​ភាព​នៃ​ការ​ទទួល​ទាន​អាហារ អាច​បង្ក​ផល​ប៉ះពាល់​ តែ​គួរឱ្យ​កត់សម្គាល់ថា​ មាតិកា ដែល​ផ្ដោតលើ​ដំណោះស្រាយ​ក្នុងការ​ព្យាបាល​​អាការ​នេះ​​អាច​​ផ្ដល់​ផល​​វិជ្ជមាន​ ហើយ​ពេល​យើង​​កែសម្រួល​គោល​នយោបាយ​របស់​យើង​ វា​ពិតជា​សំខាន់​ណាស់ ដែល​យើង​បន្ដ​គិតគូរ​ដល់​បញ្ហា​ខុសប្លែក​​តិច​តួច​ផ្សេងៗ ដូចជា បញ្ហា​នេះ​ជាដើម​»។

19

ការ​ស្វែង​រកឱ្យ​ឃើញ​នូវ​បញ្ហា​​ដែល​អាច​កើត​មាន និង​ការ​អនុវត្ដ​គោល​នយោបាយ ​

ក្រុមការងារ​ផលិតផល និងអនុវត្ដ (Product and Process) បាន​ផ្ដោត​លើ​ការ​ចងក្រង​យុទ្ធសាស្ដ្រ​ និង​ទិចនិក​ក្នុង​ការ​ស្វែង​រកឱ្យឃើញ​នូវ​បញ្ហា​​ដែលអាច​កើត​មានឱ្យ​​កាន់តែមាន​ប្រសិទ្ធភាព​ និង​អនុវត្ដ​គោលការណ៍​ណែនាំ​របស់ TikTok ជា​​បន្ទាន់​​​។ TikTok ​ប្រើ​ប្រាស់​បច្ចេកវិទ្យា «​គណនា​ស្វ័យ​ប្រវត្ដិ​» ដើម្បី​បង្កើត​ជា​មុខងារ​​កំណត់​សម្គាល់រូបភាព ឬ​វីដេអូ​​លើ​ប្រព័ន្ធ​ឌីជីថលដ៏​​វិសេស​​​​។ ស្រប​តាម​ស្ដង់ដា​ឧស្សាហកម្ម វាអាច​ឱ្យ​ TikTok ​កត់​សម្គាល់​ឃើញ​ពីកត្ដា​បង្ក​ផល​ប៉ះពាល់​​​​ក្នុង​មាតិកាណា​ដែល​បាន​​​បំពានគោលនយោបាយសុវត្ថិភាព​ និង​កាន់តែ​ងាយស្រួល​ក្នុង​ការ​​លុប​​វា​ចោល​ភ្លាមៗ​។ ​

ឧបមាថា បើ​មតិកា​ត្រូវបាន​លុប​ចោល​ដោយសារ​បំពាន​គោលនយោបាយ​របស់ TikTok ដែល​ទប់​ស្កាត់​​ការ​ចែក​រំលែក​រូបភាព​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ មុខងារកំណត់សម្គាល់​​ឌីជីថល​ដ៏​វិសេស​នេះ នឹង​ជួយ​ស្វែង​រក និង​លុបចោល​នូវ​​​មាតិកា​ប្រភេទ​នោះ​ ក៏ដូចជា​រារាំង​ការ​បង្ហោះ​ចូល​ដដែល​ៗ​។ https://newsroom.tiktok.com/km-kh/transparency-center

ខណៈ​បច្ចេកវិទ្យា​អាច​ជួយ​លុប​រូបភាព ឬ​វីដេអូ​ល្មើស​ដែល​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ ផ្នែក​សំខាន់​នៃការកែ​សម្រួល​​មាតិកា​​គឺជា​កិច្ច​​ការរបស់​មនុស្ស​ដែល​ត្រូវ​​ត្រួតពិនិត្យ​​បន្ថែម​​។ មិន​ថា​ពេល​វេលា​ណា បើ​មតិកាមួយណា​​ត្រូវបាន​រាយ​ការណ៍​ ក្រុម​ការងាររបស់​ TikTok ​ត្រៀម​ខ្លួន​ជួយ​ចាត់​វិធានការ​ជានិច្ច​។ តាមរយៈ​ការ​ខិតខំ​ខ្នះខ្នែង​បន្ថែម​ពី​ការ​ត្រួត​ពិនិត្យ​របស់​មនុស្ស TikTok ​ក៏​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​វិភាគ​រក​ដំណោះស្រាយ​ស្វ័យ​ប្រវត្ដិ​ ខណៈ​អ្នក​ត្រួត​ពិនិត្យ​ផ្ដល់​ការ​ឆ្លើយតប​ទៅកាន់​បច្ចេកវិទ្យា​វិញ ដោយ​ជួយ​សម្លឹង​មើល​ដំណើរការ​​នៃ​ចរន្ដ​​មតិកាបង្ហោះ​ឡើង​​ថ្មីៗ និងបង្កើន​​សមត្ថភាព​ក្នុង​ការ​ស្វែង​រក​ឱ្យ​ឃើញ​​មាតិកា​​ល្មើស​​​នា​ពេល​អនាគត​។ 

តួនាទី​សំខាន់​មួយ​ទៀត​នៃ​ក្រុម​ការងារ​របស់​ TikTok ​គឺ​កំណត់​ និង​វិភាគ​មាតិកា​ដើម្បី​បន្ដ​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​សុក្រឹតភាព​​នៃ​ដំណើរការកែ​សម្រួល​​មាតិកា​​​​។ ឧទាហរណ៍ បើ​វីដេអូ​ណាមួយ​កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង វា​អាច​ត្រូវបាន​ត្រួតពិនិត្យ​ម្ដង​ទៀត​ដោយ​ប្រព័ន្ធ​វិភាគ​​ដើម្បី​កាត់​បន្ថយ​លទ្ធភាពដែល​អាច​មាន​មាតិកា​​​បំពាន​នៅលើ TikTok។

នាយកគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈនៃក្រុមហ៊ុន TikTok ប្រចាំនៅកម្ពុជា Kyu Kyu Thein បាន​បន្ដ​ថា​៖ «លើស​ពីនេះ យើង​ធ្វើ​ការ​វិភាគលើ​​ការ​សម្រេច​កែសម្រួល​មាតិកាឱ្យ​សមស្រប​​ដើម្បី​​​ដឹងថា ​មូលហេតុ​អ្វី​បាន​ជា​មាតិកា​បំពាន​នោះ​អាច​មិន​ត្រូវបាន​ចាប់​កំហុស​តាំងពីដើម​ដំបូង​ និង​​រក​ឱ្យ​ឃើញ​​ដំណើរ​ទំនង​​ដែល​វិវត្ដឱ្យ​មាន​មាតិកាល្មើស​នៅលើ​​ប្លេតហ្វម​របស់​យើង​។ ជាក់ស្ដែង យើង​ប្រហែល​ជា​ដឹងថា យើង​ត្រូវ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ស្វែង​រកឱ្យ​ឃើញ​នូវ​​​លទ្ធភាព​បង្ក​ជា​មាតិកា​​ល្មើស​មួយ​ចំនួន​​ដោយ​ស្វ័យ​ប្រវត្ដិ​។ ម្យ៉ាង​វិញ​ទៀត យើង​​យល់​ថា យើង​គួរ​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​គោលដៅ​បន្ថែម​សម្រាប់​ក្រុម​កែសម្រួល​មាតិកា​​របស់​យើង​ ដើម្បី​ជួយ​ជំរុញ​ការ​យល់​ដឹង​អំពី​គោលនយោបាយ និង​ភាព​ខុស​គ្នា​តិចតួច​ឱ្យ​កាន់តែ​​ល្អ​​​ ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ចំពោះ​ការ​សម្រេច​ចិត្ដ​ដ៏​ត្រឹមត្រូវ​អំឡុង​ពេល​ធ្វើ​ការ​ត្រួតពិនិត្យ»​។

20

ការ​ផ្ដោត​លើ​សុខុមាលភាព​បុគ្គលិក

ការ​កសាង និង​រក្សា​នូវ​បទពិសោធ​សុវត្ថិភាព​សម្រាប់​សហគមន៍​​ TikTok ​គឺជា​តួនាទី​សំខាន់​បំផុត​របស់​ក្រុម​ការងារ​ TikTok​។ នេះ​មាន​ន័យថា ក្រុម​មជ្ឈន្តិក (អ្នក​កែ​​សម្រួល) ​អាច​តម្រូវ​ឱ្យ​ធ្វើ​ការ​ត្រួតពិនិត្យ​មាតិកា​​​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ ដោយ​​​ផ្ដល់ជា​មូលដ្ឋាន​គាំទ្រ​ដ៏ត្រឹម​ត្រូវ​។ TikTok ​ទទួល​ស្គាល់​កិច្ចការនេះ និង​ផ្ដោត​លើ​កិច្ចការ​អាទិភាព ដូចជា បញ្ហា​សុខភាព សុវត្ថិភាព និង​សុខុមាលភាព​បុគ្គលិក​របស់​ខ្លួន​​។ TikTok ​ផ្ដល់​ដល់​ក្រុម​ការងារ​​​នូវ​កម្មវិធី​សុខុមាលភាព​ រួមទាំង ការ​បណ្ដុះ​បណ្ដាល ការ​គាំពារ​​សុខភាព​​​​ និង​ការ​ប្រឹក្សា​វិជ្ជាជីវៈ។ លើសពីនេះ ប្លេតហ្វម​វីដេអូខ្លីៗ​ដ៏​ល្បីល្បាញ​នេះ ​ធ្វើការ​វិភាគ​ជា​ប្រចាំ​ដើម្បី​ស្វែង​យល់​ថា តើ​ TikTok ​អាច​បន្ដ​ធ្វើ​ឱ្យ​ប្រសើរឡើង​ដោយ​របៀប​ណា ហើយ​ TikTok រំពឹង​ថា​នឹង​ឈាន​មុខ​គេ​ក្នុង​​​​ឧស្សាហកម្ម​នេះ​​​​តាមរយៈ​​ការ​ផ្ដល់​នូវ​​រចនាសម្ព័ន្ធ​គាំទ្រ​ប្រកបដោយ​វិសាលភាព និង​​ប្រសិទ្ធភាព​​​​ដ៏​ធំ​ធេង​​​ដល់​បុគ្គលិក TikTok​។ 

Kyu Kyu Thein បាន​បញ្ជាក់ថា​៖ «​ខណៈ​យើង​បន្ដ​ដំណើរ​​​ជួយ​អភិវឌ្ឍ TikTok ជា​ទីកន្លែង​ប្រកប​ដោយ​សុវត្ថិភាព​ ដែលផ្ដល់ទាំង​ភាព​សប្បាយ​​​​រីករាយ និង​ភាព​ច្នៃ​ប្រឌិត​ យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចែករំលែក​បន្ថែម​ទៀត​អំពី​កិច្ចការ​របស់​ក្រុមការងារ​ផ្នែក​ជំនឿចិត្ដ និង​សុវត្ថិភាព (Trust and Safety)»៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia