កាលពីពេលថ្មីៗនេះ មហាសេដ្ឋីលេខ១ ពិភពលោក លោក Elon Musk បានធ្វើការបង្កោះនៅលើបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនថា «តើបណ្ដាញសង្គម TikTok កំពុងតែបំផ្លាញមនុស្ស? មានមនុស្សមួយចំនួនយល់ស្របនឹងគំនិតមួយនេះ» លោកបានសួរបន្ថែមទៀតថា «ឬក៏ប្រហែលជាគ្រប់បណ្ដាញសង្គមទាំងអស់លើលោកសុទ្ធតែកំពុងតែបំផ្លាយមនុស្សអរីយធម៌របស់មនុស្ស»? នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Foxbusiness។
ជាមួយគ្នានេះដែរ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺលោក Elon Musk បានសរសេរសារខ្លីបែបដកដង្ហើមធំ «Hmm…» ឆ្លើយតបទៅកាន់លោក Keith Rabois អតីតនាយកប្រតិបត្តិមកពីក្រុមហ៊ុន PayPal ដែលបានចែករំលែកបន្ដនូវការ Tweet ពីព័ត៌មានបែកធ្លាយ ដោយចោទប្រកាន់ថា បុគ្គលិកក្រុមហ៊ុនចិន Bytedance ដែលជាក្រុមហ៊ុនមេរបស់ TikTok ជារឿយៗតែងតែលួចចូលប្រើប្រាស់ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ TikTok នៅអាមេរិក។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ TikTok មិនទាន់បានធ្វើការឆ្លើយតបមកកាន់សំណើររបស់ Foxbusiness ដែលបានស្នើសុំឱ្យមានការស្រាយបំភ្លឺចំពោះការលើកឡើងខាងលើនេះ។
Hmm …
— Elon Musk (@elonmusk) June 18, 2022
ជុំវិញបញ្ហាទាំងសុវត្ថិភាពទិន្នន័យឯកជននេះដដែល កាលពីឆ្នាំ២០២០ កន្លងទៅ TikTok ត្រូវបានអតីតប្រធានាធិបតី Donald Trump សម្រេចបិទលែងឱ្យដំណើរការក្នុងប្រទេសអាមេរិក ប៉ុន្ដែក្រោយមកក៏បើកដំណើរការវិញក្រោយលោក Joe Binden ឡើងកាន់តំណែងបន្ដជាប្រធានាធិបតី។
គួរជម្រាបផងដែរថា គ្រប់បណ្ដាញសង្គមទាំងអស់បង្កើតឡើងក្នុងគោលដៅជួយមនុស្សឱ្យបង្កើតជាសហគមន៍ប្រមូលផ្ដុំមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នា និងដើម្បីឱ្យងាយស្រួលទំនាក់ទំនងគ្នា។ យ៉ាងណាមិញ បណ្ដាញសង្គមនឹងក្លាយជាកន្លែងបំផ្លាញមនុស្សឬអត់ គឺវាស្ថិតនៅលើការប្រើប្រាស់របស់បុគ្គលម្នាក់ៗផ្ទាល់តែម្ដង ពោលគឺបណ្ដាញសង្គមប្រៀបដូចជាអាវុធមុខពីរអញ្ចឹង ប្រើត្រូវបានប្រយោជន៍ ប្រើខុសផ្លូវខាតលុយកាក់ ពេលវេលា និងខាតជីវិត៕