ឆ្ងល់ទេ! TikTok ដឹងថាយើងចង់មើលវីដេអូអី ជាងយើងខ្លួនឯងដឹងទៀត ខណ: CEO TikTok ចេញមកប្រាប់អាថ៌កំបាំងបែបនេះ
Navasiri Morm
JUNE 27 2024
អាជីវកម្ម 4.0
59 views
2 mins read

អ្នកប្រើប្រាស់បណ្ដាញសង្គម TikTok ជាច្រើនប្រហែលជាធ្លាប់ជួបរឿងមួយដូចគ្នា គឺគិតថាខ្លួនឯងអូសមើលវីដេអូលើ TikTok តែមួយភ្លែតសោះ ប៉ុន្ដែដឹងខ្លួនម្ដងទៀត គឺរយៈពេល២ម៉ោងបានកន្លងបាត់ទៅហើយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ នៅពេលប្រើ TikTok ម្ដងៗ គឺយើងតែងតែឃើញវីដេអូដែលខ្លួនចូលចិត្តបង្ហាញមកជាបន្ដបន្ទាប់ ដែលធ្វើឱ្យយើងជក់មើលរហូតដល់ដាច់បាយដាច់ទឹក ហាក់ដូចជា TikTok ដឹងចិត្តអ្នកប្រើម្នាក់ៗ ថាចូលចិត្តមើលវីដេអូអ្វី ជាងអ្នកប្រើម្នាក់ៗដែលដឹងពីខ្លួនឯងទៅទៀត។ ហើយអ្វីដែលជាសំណួរដែលគួរឱ្យចាប់អារម្មណ៍នោះគឺ តើ TikTok អាចធ្វើរឿងនេះបានដោយរបៀបណា?

ជុំវិញប្រធានបទនេះផងដែរ លោក Shou Zi Chew ដែលបច្ចុប្បន្នជា CEO នៃក្រុមហ៊ុន TikTok បានពន្យល់នៅក្នុងបទសម្ភាសន៍ជាងមួយ នឹងសារព័ត៌មាន New York Times យ៉ាងដូច្នេះថា រាល់វីដេអូទាំងអស់ដែលអ្នកប្រើប្រាស់ម្នាក់ៗ បានឃើញ គឺត្រូវបានបែងចែកបង្ហាញដោយ Algorithm របស់ TikTok ដែលមានបច្ចេកវិទ្យា Machine Learning សិក្សានិងបែងចែកទៅកាន់អ្នកប្រើម្នាក់ៗ។

សម្រាប់ Machine Learning របស់ TikTok គឺត្រូវបានរៀបចំដោយក្បួន «គណិតវិទ្យា» ដោយយោងទៅតាមសកម្មភាពរបស់អ្នកប្រើប្រាស់ TikTok ម្នាក់ៗ ពោលគឺមើលទៅតាមសកម្មភាពអ្នកប្រើថា មើលវីដេអូប្រភេទណាដល់ចប់ ឬមើលច្រើនវិនាទីមានន័យថាចូលចិត្ត ហើយប្រសិនបើអូសចុះក្រោយ មានន័យថាមិនចូលចិត្ត។ បន្ថែមពីនេះទៀត គេក៏មើលទៅលើការចុចបេះដូង និងការចែករំលែកបន្ដ និងការ Comment ផ្សេងៗផងដែរ។ តាមរយៈសកម្មភាពភាពទាំងអស់នេះ TikTok អាចដឹងបានថាអ្នកប្រើម្នាក់ៗ ចូលចិត្ដ ឬមិនចូលចិត្តមើលវីដេអូប្រភេទណាមួយ។ ហើយក្រោយពីបានទម្លាប់នៃការមើលរបស់អ្នកប្រើម្នាក់ៗហើយ TikTok Machine learning នឹងធ្វើការគណនាតាមក្បួនគណិតវិទ្យា បង្ហាញឱ្យត្រូវចំណង់ចំណូលចិត្តរបស់អ្នកមើលម្នាក់ៗ។


គួរជម្រាបផងដែរថា បណ្ដាញសង្គមវីដេអូខ្លី TikTok ត្រូវបានដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០១៦។ ហើយបច្ចុប្បន្ននេះ TikTok បានក្លាយជាបណ្ដាញសង្គមវីដេអូខ្លីដែលរីកចម្រើនខ្លាំងបំផុតមួយ គិតមកទល់នឹងពេលនេះមានអ្នកប្រើប្រាស់សកម្មប្រចាំខែប្រមាណ ១ពាន់លាននាក់៕

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia