ក្រុមហ៊ុនប្រឹក្សាយោបល់ Prestige Consulting មានសេចក្តីសោមន្សជាពន់ពេកក្នុងការប្រកាសបញ្ចប់វគ្គ SprintX Ecosystem Engagement ដែលជាវគ្គមួយនៅក្នុងកម្មវិធីពន្លឿនអាជីវកម្ម SprintX ដែលបានប្រារព្ធឡើងនៅទីស្នាក់កណ្តាលនៃសហគ្រិនខ្មែរ (Khmer Enterprise) ក្រោមការចូលរួមយ៉ាងឳឡារឹកពីសំណាក់សហគ្រិនដែលកំពុងមានធុរកិច្ចបង្កើតថ្មី ឬសហគ្រាសធុនតូចនិងមធ្យមសរុបចំនួន ១៧ក្រុមហ៊ុន។
នៅក្នុងវគ្គ SprintX Ecosystem Engagment នេះ មានការអញ្ជើញចូលរួមពីសំណាក់គណកម្មាការចំនួន៤រូប ដែលក្នុងនោះរួមមាន លោក Jay Kong នាយកប្រតិបត្តិក្រុមហ៊ុន Joonak, កញ្ញា Vesper Qin ជាសហស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិផ្នែកទីផ្សារនៃ ក្រុមហ៊ុន Minnapad, លោក Khuon Sophorth សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Morokot និងលោក Max Thornton សហស្ថាបនិក Rising Giants។
ពិសេសជាងនេះទៀត មានវត្តមានរបស់លោកស្រី ធាម រមណីយ អគ្គនាយិកាទំនាក់ទំនងគូភាគី និងជាប្រធានគ្រប់គ្រងថ្នាក់តំបន់នៃធនាគារ ABA ប្រចាំប្រទេសកម្ពុជា ដែលអញ្ជើញចូលរួមជាភ្ងៀវកិត្តិយសនិង ចូលរួមក្នុងការដាក់ពិន្ទុផងដែរ។
សម្រាប់វគ្គ SprintX Ecosystem Engagement នេះជាវគ្គមួយដែលបានផ្តល់ឱកាសទៅដល់សហគ្រិនក្នុងការធ្វើបទបង្ហាញពីអាជីវកម្មរបស់ខ្លួន (Elevator Pitch) ទៅកាន់គណៈកម្មការ បង្ហាញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាគំរូអាជីវកម្មរបស់ពួកគេ។
ដើម្បីជាជំនួយដល់កាគណកម្មាការក្នុងការស្វែងយល់ពីអាជីកម្មរបស់សហគ្រិនទាំងអស់ដែលបានចូលរួមឱ្យកាន់តែច្បាស់ក្រុមការងាររបស់កម្មវិធី SprintX បានរៀបចំសកម្មភាពមួយដែលមានឈ្មោះថា Resource allocation activity ដែលភាសាខ្មែរមានន័យថា ការបែងចែកប្រភពធនធានសក្តានុពល ដែលសកម្មភាពនេះ ធ្វើឡើងដើម្បីរំលេចចេញនូវចក្ខុវិស័យនិងទស្សនវិស័យរបស់សហគ្រិនជាពិសេសលើយុទ្ធសាស្ត្រក្នុងការប្រើប្រាស់ធនធានសក្តានុពលរបស់ពួកគេ ដែលតួយ៉ាងធនធានទាំងនោះមានដូចជា ការលក់និងទីផ្សារ ការអភិវឌ្ឍផលិតផល ធនធានមនុស្ស និងអន្តរកម្មជាមួយអតិថិជន។
ក្នុងនោះដែរសកម្មភាពនេះបានជួយអោយម្ចាស់អាជីវកមធ្វើការ សំយោគជុំវិញសេចក្តីវិភាគនិងសនិដ្ឋានទៅលើសម្មតិកម្មក្នុងការបែងចែកធនធានហើយតម្រូវអោយម្ចាស់អាជីវកម្មនីមួយៗឡើងមកឈរ មុខគណកម្មាការរួចទម្លាក់កូនបាល់ចូលទៅក្នុងក្រឡដែលដាក់់់តំណាងឱ្យផ្នែកផ្សេងៗ នៃធនធានក្នុងអាជីវកម្ម និងធើ្វការពន្យល់ជាសង្ខេបលើការវិភាគសម្មតិកម្មរបស់ខ្លួន។ សកម្មភាពនេះបានជំរុញ ការយល់ដឹងបន្ថែមរបស់គណកម្មាការទៅលើអាជីវកម្មនានាជាពិសេសយុទ្ធសាស្ត្រនិងវិធីសាស្ត្ររបស់សហគ្រិននីមួយៗ និងការចេះបែងចែកអាទិភាពលើប្រតិបតិ្តការអាជីវកម្ម ស្របទៅតាមដំណាក់កាល។
ទន្ទឹមនឹងនេះ មានធុរកិច្ចបង្កើតថ្មីចំនួន១៤ ត្រូវបានជ្រើសរើសដោយគណកម្មាការ ឱ្យជាប់នៅក្នុងវគ្គ SprintX Accelerator Phase ដែលនៅក្នុងវគ្គនេះក្រុមធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ទាំងអស់នឹងបានឆ្លងកាត់ការបណ្ដុះបណ្ដាលរយៈពេលប្រាំបីសប្ដាហ៍ ទៅលើមុខវិជ្ជាសំខាន់ៗជាច្រើន ដូចជា ការធ្វើពាណិជ្ជកម្ម ការធ្វើទីផ្សារឌីជីថល យុទ្ធសាស្រ្ដអភិវឌ្ឍន៍អាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ កិច្ចព្រមព្រៀងវិនិយោគ និងមេរៀនសំខាន់ៗជាច្រើនទៀត។
ជាមួយគ្នានេះដែរ សម្រាប់ក្រុមធុកិច្ចបង្កើតថ្មី ដែលជាប់ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងមានឱកាសប្រកួតក្នុងវគ្គចុងក្រោយនៅថ្ងៃ Demo Day នៅក្នុងខែធ្នូ ឆ្នាំ2023។ ពិសេសជាងនេះទៅទៀត ពួកគេនឹងទទួលបានសិទ្ធពិសេសពីកម្មវិធី ពោលគឺទទួលបានការគាំទ្រផ្នែកប្រឹក្សាវិនិយោគពីក្រុម Prestige Consulting រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៤ ដែលរួមបញ្ចូលនូវការប្រឹក្សាយោបល់ទៅលើការរៀបចំឯកសារផ្លូវការ សម្រាប់វិនិយោគិន និងការតភ្ជាប់ទំនាក់ទំនងមួយអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិផងដែរ។
Khmer Enterprise (KE) គឺជាអង្គភាពមួយដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតឡើងក្រោមគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានពីគ្រប់ប្រភពស្របច្បាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ សកម្មភាពប្រព័ន្ធអេកូឡូស៊ីដែលពាក់ព័ន្ធ។
Prestige Consulting ជាក្រុមហ៊ុនប្រឹក្សាយោបល់ដែលមានឯកទេសផ្តល់សេវាផ្នែកប្រឹក្សាយោបល់លើអាជីវកម្ម (ការអភិវឌ្ឍន៍អាជីវកម្ម ការផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ ការវិនិយោគ និងទីផ្សារឌីជីថល) និងមានសេវាម្មការគ្រប់គ្រងកម្មវិធី ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍សមត្ថភាព និងការអភិវឌ្ឍន៍បច្ចេកវិទ្យាផងដែរ។
ធនាគារ Advanced Bank of Asia Limited (ABA Bank) គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1996។ ABA គឺជាធនាគារពាណិជ្ជធំជាងគេក្នុងប្រទេសកម្ពុជា ដោយទ្រព្យសម្បត្តិ ប្រាក់បញ្ញើ ប្រាក់កម្ចី និងប្រាក់ចំណេញសុទ្ធ។ ធនាគារផ្តល់ជូននូវវិសាលគមទាំងមូលនៃសេវាកម្មហិរញ្ញវត្ថុដល់អតិថិជណ ដែលគ្របដណ្តប់លើសហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតតូច និងសេវាកម្មហិរញ្ញវត្ថុសម្រាប់បុគ្គលតាមរយៈសាខាចំនួន 85 និងម៉ាស៊ីនអេធីអឹមចំនួន 849 នៅទូទាំងប្រទេសកម្ពុជា។ ហើយធនាគារ ABA គឺជាអ្នកឧបត្ថម្ភធនាគារផ្តាច់មុខនៃកម្មវិធីពន្លឿនអាជីវកម្ម SprintX Accelerator ផងដែរ។
Alibaba Cloud គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba Group ដែលត្រូវបានចុះបញ្ជីនិងមានទីស្នាក់ការកណ្ដាលនៅក្នុងប្រទេសសិង្ហបុរី។ Alibaba Cloud ផ្តល់សេវាកម្ម cloud computing ដល់អាជីវកម្មអនឡាញ និងប្រព័ន្ធអេកូពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) របស់ Alibaba ។ ហើយ Alibaba Cloud គឺជាអ្នកឧបត្ថម្ភផ្លាទីននៃកម្មវិធីពន្លឿនអាជីវកម្ម SprintX Accelerator៕