នាថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងសៀងហៃ ក្រុមហ៊ុន Huawei មូលនិធិអាស៊ាន (ASEAN Foundation) និង អង្គការ SEAMEO (Southeast Asia Minister of Education Organization) បានប្រព្រឹត្តទៅនូវកម្មវិធី Seeds for the Future Summit 2023 ជ្រកក្រោមពាក្យដ៏មានអត្ថន័យ “ភ្ជាប់ បណ្ដុះ ចូលរួមចំណែក ដើម្បីការរីកចម្រើននៃបរិយាប័ន្នទេព្យកោសល្យឌីជីថល នៅអាស៊ីប៉ាស៊ីហ្វិក។
ចាប់ផ្ដើមនៃកម្មវិធី គេឃើញមានប្រតិភូយុវជន ១៩ ប្រទេសរួមទាំងក្រុមកម្ពុជាផងដែរ ឡើងបង្ហាញពីវប្បធម៌នៃប្រទេសខ្លួនម្ដងមួយក្រុម ជាមួយនឹងសម្លៀកបំពាក់តំណាងជាតិ ប្រកបដោយមោទនភាព។
កម្មវិធីចាប់ផ្ដើមជាផ្លូវការ ជាមួយនឹងសុន្ទរកថាពីសំណាក់ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដោយលោកបានមានប្រសាសន៍គួរឱ្យកត់សម្គាល់ថា៖ “ខ្ញុំលើកទឹកចិត្តជាខ្លាំង ដល់កិច្ចផ្ដួចផ្ដើមដឹកនាំដោយវិស័យឯកជនដែលមានចក្ខុវិស័យរួមក្នុងការទាក់ទាញ និងបណ្ដុះទេពកោសល្យឌីជីថលតួរយ៉ាងដូចជាកម្មវិធី Seeds for the Future នេះ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាកម្មវិធីនេះនឹងផ្ដល់ឱកាសសម្រាប់យុវជន ក៏ដូចជា ផ្ដល់ការយកចិត្តទុកដាក់ខ្ពស់សម្រាប់ក្រុមមនុស្សងាយរងគ្រោះដូចជា ស្ត្រី ជនពិការ និងអ្នកមកពីទីជនបទដើម្បីធានាបាននៃតុល្យភាពនៃការចូលរួម និង បរិយាប័ន្ន”។
ជាមួយគ្នានេះ លោក Simon Lin នាយកក្រុមហ៊ុន Huawei ប្រចាំអាស៊ីប៉ាស៊ីហ្វិកបានលើកឡើងពីកម្មវិធីជាមួយនឹងការផ្សារភ្ជាប់ទៅនឹងបរិបទកម្មវិធីឆ្នាំនេះ ដោយមានប្រសាសន៍ថា៖ “នេះជាឆ្នាំទី ៣ហើយសម្រាប់ក្រុមហ៊ុន Huawei ក្នុងការរៀបចំកម្មវិធីជំនួប Asia Pacific Seed for the Future Summit។ ជារៀងរាល់ឆ្នាំ យើងអាចឃើញថាកម្មវិធីនេះអភិវឌ្ឍទៅជាមួយនឹងអ្វីថ្មី ដៃគូរកាន់តែច្រើនចូលរួមជាមួយយើង។ ជាមួយគ្នានេះមានរឿងបីដែលមានមានការផ្លាស់ប្ដូរនោះគឺ កិច្ចសហការ ការប្ដេជ្ញាចិត្ត និង ការលើកស្ទួយយុវជន”។
លោកជំទាវ Hou Yan Qi អគ្គរដ្ឋទូតទទួលបន្ទុកកិច្ចការពិសេស របស់សាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹង អាស៊ាន បានធ្វើការកោតសរសើរកម្មវិធីនេះថា៖ “កម្មវិធីនេះមិនគ្រាន់តែបណ្ដុះ គ្រាប់ពូជសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល សម្រាប់បណ្ដាប្រទេសអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងរុញបន្ថែមទៀតក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិន។
ថ្លែងក្នុងការកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Huawei ក្នុងការរៀបចំកម្មវិធី ឯកឧត្តម ហេង សារិទ្ធ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធាននៃក្រុមប្រឹក្សាភិបាលមូលនិធី ASEAN បានមានប្រសាសន៍ថា “ភាពជាដៃគូរជាមួយនឹងមូលនិធីអាស៊ាន នឹងបង្កើតជាវេទិការមួយជួយលើកកម្ពស់យុវជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្ដល់ឱកាសឱ្យពួកគេអាចអភិវឌ្ឍបន្ថែមនូវជំនាញឌីជីថល និង ពង្រីកបណ្ដាញរបស់ពួកគេលើសពីដែនជាតិ”។
សង្កត់ធ្ងន់ទៅលើភាពបន្ទាន់នៃការត្រូវបណ្ដុះទេពកោសល្យឌីជីថល វេជ្ជបណ្ឌិត Kritsachai Somsaman Kritsachai Somsaman នាយកមជ្ឍមណ្ឌល SEAMEO សម្រាប់ការអប់រំ STEM បានឱ្យដឹងថា “នៅក្នុងទិដ្ឋភាពឌីជីថលកំពុងតែវិវត្តដ៏លឿននេះ ការបណ្ដុះទេពកោសល្យឌីជីថលពិតជាសំខាន់ជាងពេលណាទាំងអស់។ វាជាគន្លឹះក្នុងការជម្រុញការរីកចម្រើន និង ការងើបឡើងវិញ ហើយក៏ជាគន្លឹះក្នុងការផ្លាស់ប្ដូរឧស្សាហកម្ម សង្គម និង សេដ្ឋកិច្ចដែរ។ កម្មវិធី Seeds of the Future មានស្នូលដែលត្រូវបានធ្វើឡើងដោយជម្រុញ និងបណ្ដុះអ្នកដឹកនាំជំនាន់ក្រោយ”។
ក្នុងកម្មវិធីដដែល ក្រុមហ៊ុន Huawei និង សហភាពទូរគមនាគមន៍អន្តរជាតិ ITU (International Telecommunications Union) បានប្រកាសអំពី ការរួមគ្នាលើកិច្ចសហការឌីជីថលនៅអាស៊ីប៉ាស៊ីហ្វិក ផ្ដោតលើតំបន់គន្លឹះ៦ មានដូចជា គោលនយោបាយ និង និយតកម្មវិស័យ ICT ការស្រាវជ្រាវរួមគ្នា ហេដ្ឋារចនាសម្ព័ន្ធបរិយាប័ន្ន ការកសាងសមត្ថភាពឌីជីថល ការលើកកម្ពស់ស្ត្រីនិងយុវជន រួមទាំង ការចែករំលែកគ្នាលើកិច្ចអនុវត្តឌីជីថលផងដែរ។
Seeds for the Future Summit 2023 បញ្ចប់ទៅដោយកិច្ចពិភាក្សាដឹកនាមដោយ វេជ្ជបណ្ឌិត Piti Srinsangnam នាយកប្រតិបត្តិនៃមូលនិធីអាស៊ាន ចូលរួមដោយអ្នកជំនាញមកពីសាកលវិទ្យាល័យជាតិសិង្ហបុរី រួមជាមួយតំណាងក្រុមហ៊ុន Huawei និង បេក្ខជន បេក្ខនារី Seeds for the Future ដែលការជជែកនេះជីកចូលទៅកាន់ភាពសាំញាំក្នុងការ តម្រង់ទិស អ្នកដឹកនាំអនាគត ដោយកាត់បន្ថយគម្លាត ការប្រឹងទាញយកជំនាញឌីជីថល និង បណ្ដុះជំនាញរយៈពេលវែង។
គូសបញ្ជាក់ផងដែរថា កិច្ចជំនួបប្រជុំ Seeds for the Future Summit 2023 នេះផងដែរជាកម្មវិធីបន្តទៅលើ ការទទួលយកបទពិសោធន៍ដ៏អស្ចារ្យមុននេះ នៃក្រុមនិស្សិតទាំង ៩១រូបមកពីប្រទេសអាស៊ានទាំង ១០ កូរ៉េខាងត្បូង ជប៉ុន បង់ក្លាដេស នេប៉ាល់ សិរីលង្ការ ម៉ាលឌីវ ហ្វីជី និង កោះសូឡូមុន ក្នុងការចុះទស្សនកិច្ចផ្ទាល់នៅ ការិយាល័យរបស់ក្រុមហ៊ុន Huawei នៅ Shenzhen និង Dongguan។ បេក្ខជនទាំង ៣១ រូបនេះត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ដោយក្រុមហ៊ុន Huawei មូលនិធិ ASEAN និង ITU។