កាលពីពេលថ្មីៗនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Verge បានឱ្យដឹងថា ក្រុមហ៊ុន Samsung បានប្រកាសធ្វើការបើកលក់គ្រឿងបន្លាស់ឱ្យអ្នកប្រើប្រាស់ទូរសព្ទរបស់ខ្លួនអាចទិញយកទៅជួសជុលទូរសព្ទនៅផ្ទះដោយខ្លួនឯងបាន ដោយមិនចាំបាច់យកទៅជាង ដូចមុននោះទេ។
ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ទូរសព្ទត្រកូល Galaxy S20, Galaxy S21 និង Galaxy Tab S7+ អាចធ្វើការទិញគ្រឿងបន្លាស់ទៅជួសជុលដោយខ្លួណឯងបាន ប្រសិនបើខូចទៅលើផ្នែក អេក្រង់ កញ្ចក់ផ្នែកខាងក្រោយ ថ្ម និងរន្ធសាកថ្ម។ ដោយអេក្រង់មានតម្លៃ ១៩៩.៩៩ដុល្លារ កញ្ចក់ខាងក្រោយមានតម្លៃ ៦៩.៩៩ដុល្លារ និងគ្រឿងបន្លាស់រន្ធសាកថ្មមានតម្លៃ ៥៩.៩៩ដុល្លារ។
គួរជម្រាបផងដែរថា សម្រាប់ការបើកឱ្យអតិថិជនអាចទិញគ្រឿងបន្លាស់ទៅជួសជុលខ្លួនឯងនេះ គឺនឹងដាក់ដំណើរការសាក់ល្បងមុនគេនៅអាមេរិកមុនគេ។ យ៉ាងណាមិញ សម្រាប់ការឱ្យអតិថិជនទិញគ្រឿងបន្លាស់យកទៅជួសជុលខ្លួនឯងនេះ មិនមែនមានតែ Samsung ទេប៉ុន្ដែកាលពីពេលកន្លងមកក្រុមហ៊ុននយក្ស Apple ក៏បានបើកឱ្យអតិថិជនរបស់ខ្លួនទិញយកគ្រឿងបន្លាស់ទៅជួសជុលដោយខ្លួនឯងបានផងដែរ។
យ៉ាងណាមិញ សម្រាប់ការបើកឱ្យអ្នកប្រើទូរសព្ទ Samsung ទិញយកគ្រឿងបន្លាស់ទៅជួសជុល ដោយខ្លួនឯងនេះ ក៏ត្រូវបានអ្នកប្រើមួយចំនួនបានរអ៊ូរទាំងថា គ្រឿងបន្លាស់មានតម្លៃថ្លៃ ហើយខ្លះថាផ្នែកមួយចំនួនដូចអេក្រង់គឺជាផ្នែកដែលពិបាកជួសជុល បើទិញយកទៅធ្វើនៅផ្ទះខ្លួនឯងអាចនឹងពិបាក៕
