ប្រសើរណាស់! Samsung រៀបចំកម្មវិធីប្រគល់អំណោយសប្បុរសធម៌ ជូនដល់សិស្សានុសិស្សនៅបឋមសិក្សាជើងឯក ក្រោមកម្មវិធី Samsung Love&Care
Navasiri Morm
MARCH 15 2024
អាជីវកម្ម 4.0
37 views
2 mins read

(ភ្នំពេញ) ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤៖ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន សាមសុងកម្ពុជា តែងតែយកចិត្តទុកដាក់ និងបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិយ៉ាងសកម្ម ជាពិសេសការជំរុញលើកចិត្តដល់សិស្សានុសិស្សជាមួយនឹងទស្សនវិស័យដ៏សំខាន់បំផុតរបស់ខ្លួន គឺអនាគតកុមារនៅកម្ពុជា។

ក្រោមយុទ្ធនាការសប្បុរសធម៌ចែករំលែកនូវក្ដីស្រលាញ់របស់ខ្លួន ក្រុមហ៊ុន សាមសុងកម្ពុជា នៅថ្ងៃទី15 ខែមីនា ឆ្នាំ 2024 បានចែកសម្ភារៈសិក្សាប្រមាណ 370 ឈុត ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ជើងឯក។ 

S7
 
ទន្ទឹមនេះក្រុមហ៊ុន សាមសុងកម្ពុជា ក៏បានប្រគល់សាមសុងថេប្លេត ចំនួន 40 គ្រឿង ជូនអង្គការ ហ្គូដណេប៊ឺសកម្ពុជា ផងដែរក្នុងគោលបំណងជួយសម្រាល និងផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាស្វែងរកទិន្នន័យបន្ថែមសម្រាប់ជំនួយដល់ការសិក្សារបស់ពួកគេ។ 
 
សកម្មភាពយុទ្ធនាការសប្បុរសធម៌នេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រកបដោយភាពស្និទ្ធស្នាលពោរពេញដោយស្នាមញញឹម។ គោលបំណងដ៏សំខាន់នៃសកម្មភាពសប្បុរសធម៌នេះគឺដើម្បីជួយបំពេញនូវការខ្វះខាត និងជួយសម្រួលដល់ការសិក្សាដោយការផ្សារភ្ជាប់បច្ចេកវិទ្យាក្នុងការអប់រំដល់សិស្សានុសិស្សនៅកម្ពុជា។
 
លោក ឈី វណ្ណ: នាយកសាលាបឋមសិក្សា ជើងឯក បានថ្លែងចំណាប់អារម្មណ៍ដូច្នេះថា “តាងនាមលោកគ្រូ អ្នកគ្រូទាំងអស់ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមហ៊ុន សាមសុងកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់អនាគតកុមារ និងលើកទឹកចិត្តពួកគាត់ ដោយការផ្ដល់នូវសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលកំពុងតែជួបនូវការខ្វះខាត។ ហើយនេះក៏ជាក្តីរំភើបរីករាយមួយផងដែរ ដែលក្រុមហ៊ុន សាមសុង បានជ្រើសយកសាលាបឋមសិក្សា ជើងឯក សម្រាប់កម្មវិធីសប្បុរសធម៌របស់ខ្លួននាពេលនេះ”។  
 

S1
លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ទស្សនវិស័យរបស់សាមសុង គឺអនាគតកុមារកម្ពុជា ដូច្នេះហើយយើងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឱ្យកុមារនៅកម្ពុជា ទទួលបាននូវសម្ភារៈសិក្សាក៏ដូចជាឧបករណ៍ស្រាវជ្រាវគ្រប់គ្រាន់សម្រាប់ជំនួយដល់ការសិក្សារបស់សិស្សានុសិស្ស ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់ឱ្យកាន់តែរីកចម្រើននាពេលអនាគត ដោយផ្សារភ្ជាប់នូវបច្ចេកវិទ្យាក្នុងការគាំទ្រដល់ការអប់រំ និងការរីកលូតលាស់បញ្ញារបស់កុមារ។” 
 
សូមបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ សម្រាប់ក្រុមហ៊ុន សាមសុងកម្ពុជា នោះទេដែលធ្វើយុទ្ធនាការសប្បុរសធម៌មួយនេះ ពោលគឺធ្វើឡើងជារៀងរាល់ឆ្នាំ ហើយក្រុមហ៊ុនបានប្ដេជ្ញាបន្តសកម្មភាពនេះដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសង្គមជាតិទាំងមូល និងដើម្បីជួយឱ្យកុមារកម្ពុជា ទទួលបានចំណេះជំនាញច្បាស់លាស់ប្រកបដោយភាពវៃឆ្លាត ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ចូលប្រឡូកក្នុងទីផ្សារការងារប្រកបដោយទំនុកចិត្តនៅពេលអនាគត៕

S5S3S4S2

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia