នេះគឺរឿងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយនៅដើមឆ្នាំ២០២៣ ដោយធនាការអាមេរិក SILICON VALLEY BANK អាមេរិកស្រាប់តែត្រូវប្រកាសការដួលរលំ ដែលធ្វើឱ្យមានផលប៉ះពាល់ទៅដល់ក្រុមហ៊ុនបច្ចេកវិទ្យាជាង ១ម៉ឺនក្រុមហ៊ុន និងបុគ្គលិកជាង ១សែននាក់អាចប្រឈមមុខនឹងការបាត់បង់ការងារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider។
ប្រភពដដែលបានឱ្យដឹងទៀតថា មូលហេតុធ្វើឱ្យធានាគារ SILICON VALLEY BANK ជួបការដួររលំដូច្នេះគឺដោយសារតែ បញ្ហាការប្រែប្រួលសេដ្ឋកិច្ច និងវិបត្តិអតិផរណា បានធ្វើឱ្យក្រុមហ៊ុន Startup ដែលខាងធនាគារ SILICON VALLEY BANK បានវិនិយោគ និងជាអតិថិជនរបស់ខ្លួននោះ នាំគ្នាសម្រុកមកដកលុយក្នុងពេលតែមួយដែលធ្វើឱ្យខាងធនាគារ SILICON VALLEY BANK ជួបបញ្ហាក្នុងការបង្វិលសាច់ប្រាក់។ ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត គឺខាង SILICON VALLEY BANK ពុំទាន់អាចមានលទ្ធភាពធ្វើការស្វែងរកទុនពីវិនិយោគគិនបន្ថែមភ្លាមៗនោះឡើយ ជាហេតុធ្វើឱ្យធនាគារដ៏ធំមួយនេះត្រូវបានប្រកាសដួលរលំ កាលពីទី១០ មីនា ឆ្នាំ២០២៣។
ជាមួយគ្នានេះដែរ ការដួលរលំនៃធនាគារ SILICON VALLEY BANK ក៏បានជះឥទ្ធិភពអវិជ្ជមានទៅដល់ក្រុមហ៊ុនបច្ចេកវិទ្យា (Startup) ប្រមាណជាង១០០០០ ក្រុមហ៊ុន និងបានធ្វើឱ្យមានផលប៉ះពាល់ដល់ជោគវាសនាការងាររបស់បុគ្គលិកជាង ១សែននាក់ផងដែរ។
បើតាមលោក Garry Tan ដែលជានាយកប្រតិបត្តិនៃ Y Combinator ដែលជាក្រុមហ៊ុនមួយជួយបណ្ដុះបណ្ដាលនិងជំរុញសហគ្រិនឱ្យបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ បានឱ្យដឹងថា ការដួលរលំនៃធនាគារ SILICON VALLEY BANK នេះគឺជាព្យុះកំណាចដ៏កាចសាហាវ ដែលបាននឹងកំពុងតែជះឥទ្ធិពលអាក្រក់មកដល់ក្រុមហ៊ុន Startup ជាច្រើននៅអមេរិក ពោលគឺមួយភាគបី នៃក្រុមហ៊ុន Startup នៅក្នុងសហរដ្ឋអាមេរិក ពួកគេប្រើប្រាស់ធនាគារ SILICON VALLEY BANK ដើម្បីតម្កល់ហិរញ្ញវត្ថុរបស់ពួកគេ។ ហើយនៅក្នុងរយៈពេល ៣០ថ្ងៃខាងមុខក្រុហ៊ុន Startup ទាំងអស់នោះ ទំនងជាមិនមានថវិកា សម្រាប់បង្វិលបើកឱ្យបុគ្គលិករបស់ខ្លួននោះឡើយ។
គួរជម្រាបផងដែរថា ការដួលរលំនៃធនាគារក្នុងឆ្នាំ២០២៣នេះ បានក្លាយជាការដួលរលំដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្ដនៃវិស័យហិរញ្ញវត្ថុដែលមិនដែលធ្លាប់មាន បើគិតចាប់តាំងពីការកើតមានវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨កន្លងមក។ ហើយការដួលរលំនៃធនាគារ SILICON VALLEY BANK នេះ មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ដួលរលំទៅតាមក្រោយផងដែរ ខណៈធនាគារតែមួយគត់ដែលជាប្រភពហិរញ្ញវត្ថុដែលប្រៀបដូចជាប្រភពទឹកតែមួយគត់របស់ពួកគេត្រូវបានកាត់ផ្ដាច់៕