មួយរយៈចុងក្រោយនេះ អ្នកប្រហែលជាបានឃើញតុក្កតាអាទិទេព «ហ៊្សូត» ដែលកំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើប្រព័ន្ធអ៊ីនធឺណិត។ ប៉ុន្ដែយ៉ាងណាក៏ដោយ តើតុក្កតានេះ មានប្រភពមកពីណា? ហើយត្រូវបានបង្កើតដោយនរណា? តើអ្នកបង្កើតតុក្កតានេះ អាចរកចំណូលបានពីព្រភពណាខ្លះ?
បើតាមការចុះផ្សាយរបស់គេហទំព័រ A Day Magazine បានឱ្យដឹងថា តុក្កតា «ហ៊្សូត» មានប្រភពចេញពីប្រទេសថៃ ដែលត្រូវបានបង្កើតដោយបុរសម្នាក់ដែលមានឈ្មោះថា ផាសុខ ឡ ផេនហ្សី ('Pasu Lorphensri | พสุ หล่อเพ็ญศรี) បានចាប់ផ្ដើតផលិតវីដេអូតុក្កតាដាក់លើ YouTube ឈ្មោះ «PASULOL» តាំងតែពីឆ្នាំ២០១៣ មកម្លេះ។ ហើយរឿងតុក្កតាដែលលោកបង្កើតឡើងមក ភាគច្រើនគឺជារឿងដែលពាក់ព័ន្ធទៅនឹងបញ្ហាសង្គម នយោបាយ ជិវិតរស់នៅប្រចាំថ្ងៃពាក់ព័ន្ធនឹងគ្រួសារ សាលារៀន ក៏ដូចជាបញ្ហានៅកន្លែងធ្វើការ ដែលមនុស្សទូទៅគ្រប់គ្នាបានឆ្លងកាត់ និងបានជួប្រទះនៅក្នុងជីវិតពិត។
ដោយលោក ផាសុខ ឡ ផេនហ្សី បានឱ្យដឹងថា លោកបានយកបញ្ហាខាងលើ មកច្នៃជាសាច់រឿងតុក្កតា តាមរយៈការបង្កើតតួអង្គផ្សេងៗ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ បូករួមនឹងការលេងពាក្យពេជ្យ និងភ្លេងផ្សេងៗ ធ្វើរឿងទាំងនោះទៅជាតុក្កតាបែបកំប្លែង ដែលគួរឱ្យចង់ទស្សនា។ ហើយអ្វីដែលពិសេសបំផុតនោះ គឺលោកតែងតែព្យាយាមបញ្ចូលគតិអប់រំណាមួយ ដែលនាំឱ្យមនុស្សគិត ឬរៀនសូត្របានក្រោយពីមើលតុក្កតានោះចប់។
ហើយដោយសារតែតុក្កតាភាគច្រើនគឺធ្វើពាក់ព័ន្ធនឹងរឿងដែលមនុស្សគ្រប់គ្នាជួប ជាមួយនិងភាពកំប្លុកកំប្លែង ដែលធ្វើឱ្យមនុស្សអាចមើលកំសាន្ដអារម្មណ៍ បូករួមជាមួយនឹងការបង្កប់គតិអប់រំក្នុងសាច់រឿងផងនោះ ជាហេតុធ្វើឱ្យមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនដែលជាអ្នកប្រើប្រាស់អ៊ីនធឺណិត។ ហើយបច្ចុប្បន្ននេះឆាលែនយូធូប PASULOL មានអ្នក Subscribed រហូតដល់ទៅ ៣.១២លាននាក់ឯងណោះ និងមានការចូលមើលវីដេអូទាំងអស់សរុបជាង ៤៧០លានដង (views)។ ហើយចំណែកឯហ្វេសប៊ុផេក Pasulol វិញមានអ្នក Followers រហូតដល់ទៅ ៤០១,០០០នាក់ឯណោះ។
ប្រភពចំណូលពីការផលិតតុក្កតា៖
សម្រាប់ការរកចំណូលពីការផលិតតុក្កតានេះ លោក ផាសុខ ឡ ផេនហ្សី អាចរកចំណូលបានជាច្រើនច្រករួមមាន៖
- ពាណិជ្ជកម្មលើ YouTube (YPP)
- ពាណិជ្ជកម្មលើ Facebook (Ad Break)
- ទទួលផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុន ឬយីហោ (Brand) ផ្សេងៗ
- លក់ Sticker តុក្កតាល្បីៗ នៅលើកម្មវិធី Line
- លក់អាវ
- លក់តុក្កតាជ័រតូចៗ
- លក់កែវទឹក និងប្រភពចំណូលផ្សេងៗ ទៀត...។
បើតាមគេហទំព័រ Social Blade បានប៉ាន់ប្រមាណថាក្នុងមួយខែឆានែល PASULOL អាចរកចំណូលបានចន្លោះពី ៧៩៧ ទៅ ១២៨០០ដុល្លារ។ ហើយបើបូករួមចំណូលតាមប្រភពផ្សេងៗ ខាងលើនេះ ក្នុងមួយខែ លោក ផាសុខ ឡ ផេនហ្សី អាចរកចំណូលបានមិនក្រោយចន្លោះពីខ្ទង់ពាន់ ទៅខ្ទង់ម៉ឺនដុល្លារនោះទេ។
នេះជាគម្រូដ៏ល្អមួយនៅក្នុងការរកចំណូលអនឡាញ សម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិតខ្ពស់ នៅក្នុងសម័យឌីជីថល ពោលគឺអ្នកអាចបង្កើតគុណតម្លៃណាមួយតាមរយៈការងារច្នៃប្រឌិតរបស់អ្នក នៅពេលដែលមានអ្នកគាំទ្រ ក៏ដូចជាមានអ្នកតាមដានទស្សនាច្រើន អ្នកក៏អាចទាញចំណូលត្រឡប់មកវិញច្រើនដូចគ្នា៕
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (FB: Navasiri Morm | Telegram: @Navasiri)