កាលពីពេលថ្មីៗនេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា លោក Sam Aultman ដែលជានាយកប្រតិបត្ដិនៃក្រុមហ៊ុន OpenAI និងដៃគូរស្នេហារបស់លោក បានស្បថថា នឹងធ្វើការបរិច្ចាគផ្ដល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក ដើម្បីធ្វើបុណ្យជួយដល់សង្គម តាមរយៈសហគមន៍ Giving Pledge។
ប្រភពដដែលបានឲ្យដឹងថា បច្ចុប្បន្ននេះលោក Sam Aultman ត្រូវបានគេប៉ាន់ប្រមានថាមានទ្រព្យសម្បត្តិខ្ទង់ ២ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកភាគច្រើនកើនឡើងតាមរយៈការវិនិយោគជាមួយនឹងធរុកិច្ចថ្មី (Startup)។ ជាក់ស្ដែងលោក Sam មានហ៊ុននៅក្នុងក្រុមហ៊ុនបណ្ដាញសង្គម Reddit ដែលជាប្រភពទ្រព្យសម្បត្តិធំរបស់លោក ប៉ុន្ដែយ៉ាងណាក៏ដោយ លោកពុំមានហ៊ុននៅក្នុងក្រុមហ៊ុន OpenAI នោះទេ។
គួរជម្រាបផងដែរ លោក Sam Aultman មិនមែនជាបុគ្គលដំបូងទេ ដែលបានស្បថថានឹងធ្វើការបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោកដើម្បីធ្វើបុណ្យ ខណៈកាលពីពេលកន្លងមកក៏មានមហាសេដ្ឋីល្បីៗជាច្រើន បានស្បថបរិច្ចាគទ្រព្យផ្ទាល់ខ្លួនជាមួយនឹង Giving Pledge ដែលក្នុងនោះរួមមានមហាសេដ្ឋីពាន់លានដុល្លារ Warren Buffett និងមហាសេដ្ឋី Bill Gates និងភរិយាជាដើម៕