មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា មានករណីបោប្រាស់តាមរយៈអនឡាញ ជាច្រើនរូបភាព ដែលបង្កឱ្យមានភាពវឹកវរនៅក្នុងសង្គមអនឡាញ។ ជាក់ស្ដែង កាលពីពេលថ្មីៗ នេះយើងសង្កេតឃើញថា មានជនខិលខូចមួយចំនួន បានបង្កើតជាក្រុម និងជំរុញឱ្យជនរកគ្រោះ ធ្វើការដាក់លុយវិនិយោគ ហើយបានលុយត្រឡប់មកវិញមួយទ្វេរជាពីរ និងមានការធានា។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀត ជនខិលខូច ច្រើនតែដើរយកឈ្មោះ និងរូបភាពរបស់បុគ្គលណាម្នាក់នៅលើហ្វ្រេសប៊ុក ដើរតួបន្លំធ្វើបុគ្គលរូបនេះ ហើយដើរបោកប្រាស់អ្នកដទៃ ខណៈសមីខ្លួនដែលជាម្ចាស់ឈ្មោះនិងរូប ពិតប្រាកដមិនបានដឹងរឿងអ្វីសោះ ប៉ុន្ដែមកត្រូវជួបបញ្ហាដែរនៅទីបំផុត។
ហើយកន្លងមក នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានប្រកាសឱ្យជនរងគ្រោះពីការបោកប្រាស់នៅលើអនឡាញ អាចដាក់ពាក្យបណ្ដឹងបាន ដោយអនុវត្តតាមជំហានទាំងនេះ ទី១ ត្រូវបំពពេញពាក្យបណ្ដឹង ដែលលោកអ្នកអាចទាញយកពីតំណភ្ជាប់ https://bit.ly/ACCPKH។ ទី២ ភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន និងសូមថតរូបផ្ទាល់ជាមួយឯកសារនេះ និង ទី៣ សូមភ្ជាប់មកជាមួយនូវរូបភាព Screenshot ទាក់ទងនឹងការបោកបញ្ឆោត។
ជាករណីជាក់ស្ដែង ថ្មីៗនេះ Technology Cambodia បានសម្ភាសន៍ជាមួយនឹងលោក សុខា ផានិត្យ ដែលជាអ្នកឯកទេសអភិវឌ្ឍន៍ការចាប់ផ្តើមអាជីវកម្មជាន់ខ្ពស់ នៃមឌ្ឍមណ្ឌលបណ្ដុះបណ្ដាលធុរកិច្ចថ្មី “តេជោ” បានឱ្យដឹងថា លោកត្រូវបានជនខិលខូច យកឈ្មោះ និងរូបភាពរបស់លោក ទៅដើរឆបោកនៅលើអនឡាញ ដោយបានបង្កើតក្រុម Telegram ឈ្មោះថា «🇰🇭 Payeer ទេសកម្ពុជា 🇰🇭» និងបានប្រើឈ្មោះក៏ដូចជារូបភាពរបស់លោក ដើរតួរធ្វើជាមេក្រុម ហើយបាននិយាយបញ្ចុះបញ្ចូលជំរុញឱ្យសមាជិកក្នុងក្រុមដែលជាជនរងគ្រោះ ធ្វើការវិនិយោគ ដាក់លុយជាកញ្ចប់បានលុយត្រឡប់ទៅវិញទ្វេរគុណ ដាក់ ៥០០០ដុល្លារ បានវិញ ១៥០០០ដុល្លារ និងមានការធានាត្រឹមត្រូវ។
ជាដំណោះស្រាយចំពោះបញ្ហាខាងលើ ភ្លាមៗ លោក សុខា ផានិត្យ បានធ្វើការថតទុកនូវរាល់ផស្ដុតាងដែលជនខិលខូចbanយកឈ្មោះនិងរូបរបស់លោក យកទៅប្រើបោកប្រាស់អ្នកដទៃ។ ហើយលោកបានបង្ហោះរូបភាពភស្ដុតាងទាំងអស់នោះ នៅលើបណ្ដាសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ប្រកាសឱ្យមហាជនទូទៅបានដឹង និងមានការប្រុងប្រយ័ត្នចំពោះករណីឆបោកបែបនេះ។
លោកបានបន្ដទៀតថា លោកក៏បានធ្វើការទាក់ទងទៅកាន់ដែនសមត្ថកិច្ចរួមមាននា យកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងក្រសួងមហាផ្ទៃ ដើម្បីរាយការណ៍ពីបញ្ហាមួយនេះ។ លើសពីនេះទៅទៀត លោកក៏បានទាក់ទងទៅកាន់ខាងមេធាវីដើម្បីទទួលបានការប្រឹក្សារកដំណោះស្រាយ ហើយខាងមេធាវីក៏បានចេញលិខិតបញ្ជាក់ថា លោកពិតជាមិនបានជាប់ពាក់ព័ន្ធទៅនឹងបញ្ហាឆបោកមួយនេះពិតប្រាកដមែន។
ជាមួយគ្នានេះដែរ លោក សុខា ផានិត្យ ក៏បានយកលិខិតមួយនេះ បូកជាមួយនឹងផស្ដុតាងផ្សេងៗ ទៅកាន់នាយកដ្ឋានប្រឆាំងបទស្មើសបច្ចេកវិទ្យាបន្ថែមដើម្បីដាក់ពាក្យបណ្ដឹង។ លោកបន្ថែមទៀតថា មូលហេតុដែលយើងត្រូវដាក់ពាក្យបណ្ដឹងទៅកាន់ដែនសមត្ថកិច្ចដូច្នេះ គឺដើម្បីឱ្យមានការទទួលស្គាល់ជាអំណះអំណាងពីមន្រ្ដីដែនសមត្ថកិច្ចដើម្បីការពារទុកជាមុន ពីព្រោះយើងមិនដឹងទេថា ការបោកប្រាស់នេះនឹងធ្ងន់ធ្ងរឬទំហំធំ ដល់កម្រិតណា ហើយប្រសិនបើធ្ងន់ធ្ងរ យើងអាចជាមនុស្សដែលមិនដឹងអីបែរជាក្លាយទៅជនជាប់ទោសដោយសារតែគេបានយករូបថត និងឈ្មោះរបស់យើងទៅដើរបោកប្រាស់អ្នកដទៃ។
ជាសារទៅកាន់មហាជន លោក សុខា ផានិត្យ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើបជាងមុន ដែលធ្វើឱ្យការទំនាក់ទំនងរស់នៅ និងការវិនិយោគរកស៊ីផ្សេងៗ មានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប៉ុន្ដែយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានៃភាពរីកចម្រើននេះ ក៏មានការការបោកប្រាស់នៅក្នុងរូបភាពជាច្រើនផងដែរ។ ហេតុនេះ លោកសំណូមពរឱ្យប្រជាជនខ្មែរដែលមានការយល់ដឹងទៅលើបញ្ហានេះ គួរតែចូលរួមចែករំលែកព័ត៌មានក៏ដូចជាចំណោះដឹងទៅកាន់ប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសបងប្អូនខ្មែរដែលរស់នៅតាមបណ្ដាខេត្ត និងទីជនបទដាច់ស្រយាល ឱ្យបានដឹងនិងមានការប្រុងប្រយ័ត្ន។
ទន្ទឹមនឹងនេះ ត្រូវប្រុងប្រយ័ត្នទៅលើការវិនិយោគ ដោយមុនពេលធ្វើការវិនិយោគទៅលើអ្វីមួយ គួរតែចំណាយពេលសិក្សាទៅលើរឿងនោះឱ្យបានច្បាស់ កុំសម្រេចចិត្តវិនិយោគទាំងងងឹតងងល់ ឬវិនិយោគតាមអារម្មណ៍នៃភាពលោភលន់ ស្របពេលដែលបច្ចុប្បន្ននេះ មានការបោកប្រាស់ជាច្រើនរូបភាព។ ជាពិសេសការដាក់លុយបានលុយត្រឡប់ទៅវិញច្រើនៗនេះ គឺមានភាគរយច្រើនណាស់ថាជាការបោកប្រាស់។
ដោយឡែក ចំពោះការវិនិយោគតាមរយៈអនឡាញ មុននឹងធ្វើការវិនិយោគអ្នកគួរតែសិក្សាទៅលើប្រភពនៃវេបសាយ ក៏ដូចជា App ទាំងអស់នោះ ថាមានប្រភពពីណា? អាចទុកចិត្តបានដែរឬអត់? ហើយប្រសិនបើអ្នកមិនច្បាស់ គួរតែពិភាក្សា ជាមួយនឹងអ្នកដែលមានចំណេះដឹង ឬអ្នកជំនាញទៅលើផ្នែកនោះឱ្យបានច្បាស់លាស់។
ហើយជាចុងក្រោយ លោកបានសង្កត់ធ្ងន់ថា សម្រាប់ការវិនិយោគកុំសូវពឹងផ្អែកទៅលើការវិនិយោគតាមអនឡាញខ្លាំងពេក ប៉ុន្ដែគួរតែវិនិយោគជាមួយក្រុមហ៊ុនដែលមានទីតាំងពិតប្រាកដដែលអាចទៅដល់ និងមានចុះបញ្ជីរកស៊ីស្របច្បាប់។ ដោយហេតុថាការវិនិយោដោយពឹងផ្អែកទៅលើអនឡាញសុទ្ធ គឺអាចនឹងមានហានិភ័យច្រើន។ ជាក់ស្ដែ ងដូចជាករណីដែលោក ផានិត្យ ជួបផ្ទាល់គឺគេបានយកឈ្មោះរបស់លោក បង្កើតជាក្រុមលើ Telegram ទៅដើរបោកប្រាស់អ្នកដទៃឱ្យវិនិយោគជាមួយ។ ហើយជាដំណោះស្រាយ យើងគួរតែទៅជួបបុគ្គលនោះផ្ទាល់នៅក្រៅ និងមានកិច្ចសន្យា សំបុត្រស្នាមត្រឹមត្រូវ ទើបអាចទុកចិត្តបានជាង ជាជាងការវិនិយោគតាមអនឡាញទាំងស្រុងដែលមិនបានជួបមនុស្សពិតនៅខាងក្រៅ និងមានក្រដាស់ស្នាមត្រឹមត្រូវ៕
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ