មកទល់នឹងពេលនេះ មនុស្សស្ទើរតែមួយពិភពលោកគិតថា ក្រុមហ៊ុន Nokia បានក្ស័យធន ហើយបរាជ័យលែងផលិតទូរស័ព្ទទៀតហើយ។ ប៉ុន្ដែអ្វីដែលមិនគួរឱ្យជឿងនោះ កាលពីឆ្នាំ២០២១ កន្លងទៅនេះ Nokia សម្ងំស្ងាត់ៗ លក់ទូរស័ព្ទបានរហូតដល់ទៅ ៥៣លានគ្រឿងឯណោះ ដែលធ្វើឱ្យ Nokia នៅជាប់ក្នុងតារាងក្រុមហ៊ុនទូរស័ព្ទយក្សមួយរបស់ពិភពលោកដដែល។ ប៉ុន្ដែយ៉ាងណាក៏ដោយ សំណួរសួរថា ហេតុអ្វីបានជាមនុស្សជាច្រើនមិនដឹងរឿងនេះ?
ត្រឡប់ពេលវេលា ទៅកាន់១០ឆ្នាំមុន Nokia បានប្រកាសក្ស័យធនឈប់ផលិតទូរស័ព្ទនៅក្នុងឆ្នាំ២០១២ ក្រោយចាញ់ដៃ Apple។ ហើយនៅក្នុងឆ្នាំនោះដដែល ក្រុមហ៊ុន Microsoft ក៏បានធ្វើការទិញយក Nokia ប៉ុន្ដែមិនមែនជាការទិញយកក្រុមហ៊ុនទាំងមូលនោះទេ ពោលគឺទិញយកតែសិទ្ធិក្នុងការផលិតទូរស័ព្ទ Nokia តែប៉ុណ្ណោះ ដោយមានរយៈពេលកំណត់១២ឆ្នាំ ខណៈការលក់សិទ្ធិផលិតទូរស័ព្ទរបស់ Nokia នេះ បានធ្វើឱ្យមនុស្សមួយពិភពលោក មានការភ្ញាក់ផ្ញើលយ៉ាងខ្លាំង ដោយសារតែធ្លាប់ជាក្រុមហ៊ុនលេខ១ បែរជាធ្លាក់ដល់បាតតារាងទៅវិញ។
យ៉ាងណាមិញ ក្រោយទិញ Nokia យកទៅផលិតបន្ដបានតែខ្ទង់៥ឆ្នាំ Microsoft ក៏ទទួលបានជួបប្រទះនឹងភាពបរាជ័យ ដោយសារតែយកទូរស័ព្ទ Nokia ដាក់ប្រព័ន្ធប្រតិបត្តិការណ៍ Window Phone ទៅស៊ូមិនរួចជាមួយ iOS និង Android។ ហើយក្រោយមកក៏លក់សិទ្ធិផលិតទូរស័ព្ទ Nokia ឱ្យមកក្រុមហ៊ុន Nokia វិញ។
ក្រោយពីទិញបានសិទ្ធិផលិតទូរស័ព្ទវិញ Nokia ក៏បានតាំងចិត្តសាជាថ្មី ក្នុងការផលិតស្មាតហ្វូន វាយដណ្ដើមយកតំណែងជើងឯកត្រឡប់មកវិញ ដោយពេលនោះ Nokia បានចាប់ដៃជាមួយនឹង HMD ដែលជាក្រុមហ៊ុន ធ្លាប់មានបទពិសោធន៍ជាមួយ FoxConn ដែលធ្លាប់ផលិតទូរសព្ទ iPhone នៅក្នុងប្រទេសឥណ្ឌា។ ដោយលើកនេះ Nokia បានសម្រេចផលិតស្មាតហ្វូនរបស់ខ្លួនជាមួយនឹងរូបរាងថ្មី និងដាក់ឱ្យដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android។
យ៉ាងណាក៏ដោយ ក្រោយចូលលេងក្នុងទីផ្សារបានមួយរយៈ Nokia បានជួបប្រទះបញ្ហាធំ២ ពោលគឺ ថ្វីត្បិដតែអាចទិញសិទ្ធិផលិតទូរស័ព្ទពី Microsoft វិញក៏ពិតមែន ប៉ុន្ដែខាងក្រុមហ៊ុនធំរបស់ Nokia មិនទទួលបានប៉ាតង់ផលិតកាមេរ៉ាពី Microsoft ត្រឡប់មកវិញនោះទេ ជាហេតុធ្វើឱ្យ Nokia ត្រូវចំណាយពេលបន្ថែមពីរបីឆ្នាំបន្ថែម ក្នុងការស្រាវជ្រាវពង្រឹងផ្នែកគ្រឿង Hardware របស់ខ្លួន។ ហើយបញ្ហាធំមួយទៀតនោះ គឺវត្តមានគូប្រជែងថ្មី ដូចជា Vivo, Xiaomi, និង OnePlus ជាដើម ដែលមើលទៅហាក់ប្រៀបជាងខ្លួននៅក្នុងបណ្ដាក្រុមអ្នកផលិតទូរស័ព្ទ Android នោះ ជាហេតុធ្វើឱ្យ Nokia ត្រូវដកខ្លួនប្រឹងស្រាវជ្រាវអភិវឌ្ឍន៍ទូរស័ព្ទខ្លួនបន្ថែមឱ្យមានសមត្ថភាពកាន់តែខ្លាំង ដើម្បីអាចមកប្រជែងដណ្ដើមទីផ្សារនឹងគេ។
ជាមួយគ្នានេះដែរ នៅក្នុងអំឡុងពេល ពីរបីឆ្នាំដែល Nokia សម្ងំអភិវឌ្ឍន៍ស្មាតហ្វូនរបស់ខ្លួននោះ Nokia មិនដែលធ្វើការផ្សព្វផ្សាយច្រើននោះទេ ជាពិសេសមិនឃើញផ្សាយមកកាន់ទីផ្សារអាស៊ីដូចជាប្រទេសកម្ពុជាយើងជាដើម។ ដោយសារតែស្ងាត់ដំណឹងតាំងតែពីឆ្នាំ២០១២មក ជាហេតុធ្វើឱ្យគេគិតថាទូរស័ព្ទ Nokia លែងមានវត្តមាននៅលើលោកនេះទៀតហើយ។
ដោយឡែកធាតុពិត ក្រោយពីផលិតស្មាតហ្វូនបាន Nokia បានរៀបចំយុទ្ធសាស្រ្ដវាយលុកទីផ្សារ៣ប្រទេសធំៗ ទី១គឺអាហ្វ្រិក ប្រេស៊ីល និងឥណ្ឌា ដែលប្រទេស៣នេះ មានប្រជាជនដល់ទៅខ្ទង់ពាន់លាននាក់ឯណោះ។ ហើយបើតាមទិន្នន័យដោយក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានបង្ហាញថា កាលពីឆ្នាំ២០២១ កន្លងទៅ Nokia លក់ទូរស័ព្ទរបស់ខ្លួនសរុបបានដល់ទៅ ៥៣លានគ្រឿងឯណោះ។ ដោយក្នុងនោះមានទូរស័ព្ទស្មាតហ្វូន ១០លានគ្រឿង និងទូរស័ព្ទចុចប៊ូតុង (Feature Phone) ៤៣លានគ្រឿង។ ដោយទិន្នន័យនេះបានបង្ហាញថា Nokia នៅតែអាចរកលុយរាប់លានដុល្លារដដែលពីការលក់ទូរស័ព្ទ។
ក្រោយអានសាច់រឿងនេះចប់តើអ្នកបានរៀនអ្វីខ្លះពី Nokia? ហើយធ្លាប់គិតខុសថារាល់ថ្ងៃ ទូរស័ព្ទ Nokia លែងមានលើលោកហើយទេ?
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (FB: Nava Siri; Telegram: @Navasiri)
