យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department ប្រចាំប្រទេសកម្ពុជា នាថ្ងៃនេះ បានឱ្យដឹងថា អាជ្ញាធរប្រទេសហ្វាំងឡង់បានធ្វើការព្រមានឱ្យពលរដ្ឋរបស់ពួកគេមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតតាមរយៈការផ្ញើសារដោយក្លែងបន្លំធ្វើជាមិត្តភ័ក្តិដើម្បីលួចយកគណនីហ្វេសប៊ុក។
ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ការបោកបញ្ឆោតនេះ ជាដំបូងជនខិលខូចបានផ្ញើសារតាមMessenger ស្នើសុំឱ្យជនរងគ្រោះផ្ដល់នូវលេខទូរសព្ទដើម្បីចុះឈ្មោះឈ្នះរង្វាន់ធំៗ បន្ទាប់មកពួកគេបានប្រាប់ឱ្យជនរងគ្រោះផ្ដល់នូវកូដសម្ងាត់ OTP ដើម្បីបញ្ជាក់ពីការចុះឈ្មោះ។
ប៉ុន្ដែលេខ OTP ដែលជនខិលខូចយកពីយើងទៅនោះ មិនមែនជាលេខកូដចុះឈ្មោះកម្មវិធីឈ្នះរង្វាន់អីទេ ប៉ុន្ដែវាជាលេខ OTP ដែល Facebook ផ្ញើមកសម្រាប់យកទៅ Recovery ដូច Password Facebook Account របស់ជនរងគ្រោះនឹងឯង។
ក្រោយពេលដែលទទួលបានលេខ OTP ពួកគេនឹងចូលទៅក្នុងគណនីហ្វេសប៊ុក ហើយធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ និងអ៊ីម៉ែល ដើម្បីគ្រប់គ្រងគណនីរបស់ជនរងគ្រោះ។ ហើយអ្វីដែលកាន់តែគ្រោះថ្នាក់ជាងនេះទៅទៀតនោះ គឺជនខិលខូច អាចនឹងប្រើគណនីទាំងនោះដើម្បីផ្ញើសារទៅមិត្តភ័ក្តិដែលមាននៅក្នុងគណនីដើម្បីបន្តធ្វើការបោកបញ្ឆោតជាបន្ដបន្ទាប់ ឬអាចយកទៅធ្វើសកម្មភាពមិនល្អផ្សេងៗ។
គួរជម្រាបផងដែរថា ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ក៏ដូចជាគណនីអនឡាញដទៃទៀត អ្នកត្រូវមានការប្រុងប្រយ័ត្ន នៅពេលទទួលបានសារទាមទារឱ្យផ្ដល់នូវលេខកូដសម្ងាត់ OTP ពីព្រោះក្រុមហ៊ុនភាគច្រើននឹងមិនផ្ញើសារទាមទារឱ្យអ្នកប្រើប្រាស់ផ្ដល់នូវលេខកូដសម្ងាត់នេះទេ។
ទន្ទឹមនឹងនេះដែរ ប្រសិនបើលោកអ្នកទទួលបានសារ ដែលអះអាងថាជាបងប្អូនឬមិត្តភ័ក្តិ លោកអ្នកគួរតែធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទដោយផ្ទាល់ជាមុនសិន ដើម្បីបញ្ជាក់អត្តសញ្ញាណ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
អត្ថបទដោយ៖ Navasiri Morm
