អស្ចារ្យមែន! បច្ចេកវិទ្យាស្ទង់គុណភាពទឹករបស់សាលា NPIC ជាប់លេខ១ វ៉ាដាច់បួនប្រទេសក្នុងតំបន់
Navasiri Morm
APRIL 4 2023
អាជីវកម្ម 4.0
3.8 K views
2 mins read

នេះជាសមិទ្ធិផលដ៏អស្ចារ្យមួយទៀតកើតចេញពីស្នាដៃនិស្សិតខ្មែរ ដោយក្រុមនិស្សិតមហាវិទ្យាល័យអេឡិចត្រូនិក នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានទទួលជ័យលាភី លេខ១ ក្នុងការប្រកួតប្រជែង River Monitoring Technology Competition (MRC) លើវិញ្ញាសារផ្នែក “វាស់ស្ទង់គុណភាពទឹក”។

បើតាមបទសម្ភាសន៍រវាងក្រុមការងារ Technology Cambodia ជាមួយនឹង លោកគ្រូ នី វីរៈបុរា សាស្ត្រាចារ្យមហាវិទ្យាល័យអេឡិចត្រូនិក គ៏ដូចជា Team Advisor នៅក្នុងគម្រោងខាងលើនោះ បានឱ្យដឹងថា ក្រុម NPIC ប្រកួតទៅលើប្រព័ន្ធវាស់គុណភាពទឹក (Water Quality Monitoring System) ដោយមានដំណើរការរបស់ប្រព័ន្ធគឺ ធ្វើការវាស់ pH (Potential of Hydrogen), អុកស៊ីសែនរលាយក្នុងទឹក (Dissolved Oxygen), កម្រិតកករក្នុងទឹក (Total Dissolved Solid), និង សីតុណ្ហភាពទឹក (Temperature)។

41

លោកគ្រូសាស្ត្រាចារ្យបានបន្តទៀតថា៖ «លក្ខណៈពិសេសរបស់យើង គឺអាចបញ្ជូនទិន្នន័យ និងត្រួតពិនិត្យរាល់ទិន្នន័យដែលបានវាស់ realtime ទៅកាន់ server តាមរយៈអ៊ីនធឺណេត IoT Network ដែលប្រព័ន្ធទាំងនេះយើងធ្វើការរចនាឡើងដោយនិស្សិតយើងផ្ទាល់រួមទាំង hardware និង software, លើសពីនេះទៅទៀតប្រព័ន្ធរបស់យើងក៏បានបំពាក់មកជាមួយ artificial intelligence ដែលអាចធ្វើការគណនាទស្សន៍ទាយពីកម្រិតគុណភាពទឹកនៅពេលខាងមុខបានដោយស្វ័យប្រវត្តិ ជាឧទាហរណ៍ដែលមានស្រាប់គឺធ្វើការទស្សន៍ទាយទៅលើកម្រិតអុកស៊ីសែនដែលរលាយក្នុងទឹក»។

42

បន្ថែមទៅលើនេះ លោកគ្រូសាស្ត្រាចារ្យបានបញ្ជាក់ផងដែរថា កត្តាដែលធ្វើឱ្យគាត់ឈ្នះទៅលើការប្រកួតនោះគឺ ៖ «អាស្រ័យដោយយើងអាចធ្វើបាននូវប្រព័ន្ធមួយដែលឆ្លងកាត់គ្រប់លក្ខខណ្ឌទាំងបួននេះ និងរួមបញ្ចូលបច្ចេកវិទ្យានិងមុខងារជា artificial intelligent ទៅលើប្រព័ន្ធដែលបានប្រកួត ទាំងនេះជាលក្ខខណ្ឌដែលខ្ញុំគិតថាក្រុមរបស់យើងទទួលបានពិន្ទុខ្ពស់ជាងគេហើយបានទទួលបានចំណាត់ថ្នាក់លេខមួយបែបនេះ»។

គូសបញ្ជក់ផងដែរថា បើតាមទំព័រផ្លូវការរបស់ NPIC បានឱ្យដឹងថា នេះជាវគ្គផ្ដាច់ព្រ័ត្រដែលបានរៀបចំឡើងនៅក្នុងទីក្រុងវៀងច័ន្ទប្រទេសឡាវ សំរាប់ក្រុមនិស្សិតតំណាងឲ្យNPIC ទទួលបានជោគជ័យក្នុងការប្រកួតប្រជែងជាមួយក្រុមនិស្សិតមកពី៤ប្រទេសក្នុងតំបន់ទន្លេមេគង្គ កម្ពុជា ឡាវ ថៃ វៀតណាម ក្នុងកម្មវិធីសន្និសិទអន្តរជាតិ និងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គ (4th MRC Summit) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដោយនិស្សិតNPIC បានទទួលជ័យលាភីលេខ១ ពានរង្វាន់មេដាយ និងទឹកប្រាក់ចំនួន ៥,០០០ដុល្លា លើគម្រោងត្រួតពិនិត្យគុណភាពទឹកទន្លេមេគង្គ ដែលឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការទន្លេមេគង្គមកពីបីប្រទេសរួមមាន កូរ៉េ អូស្រ្តាលី និង សិង្ហបុរី កាលពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៣។

43

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia