បញ្ឈប់ខ្នាតធំ! ក្រុមហ៊ុន Meta បង្ខំចិត្តបញ្ឈប់បុគ្គលិក១ម៉ឺននាក់ទៀត ខណៈក្រុមហ៊ុនឡើងតម្លៃហ៊ុន
Navasiri Morm
MARCH 16 2023
អាជីវកម្ម 4.0
1.5 K views
1 min read

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Technology Cambodia បានឱ្យដឹងថា លោក Mark Zuckerberg នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Meta បានប្រកាសធ្វើការបញ្ឈប់បុគ្គលិក ១០០០០នាក់បន្ថែមទៀត ខណៈកាលពីចុងឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Meta ធ្លាប់បានបញ្ឈប់បុគ្គលិកអស់ ១១០០០នាក់ ដែលស្មើនឹងប្រមាណ១៣% នៃចំនួនបុគ្គលិកសរុបរបស់ខ្លួន។

ប្រភពដដែលបានឱ្យដឹងទៀតថា មូលហេតុដែលក្រុមហ៊ុន Meta បញ្ឈប់បុគ្គលិកច្រើនដូច្នេះ គឺដើម្បីកាត់បន្ថយចំណាយ និងផ្ដោតលើប្រាក់ចំណេញ ខណៈស្ថានភាពសេដ្ឋកិច្ចកំពុងតែមានការប្រែប្រួល។ ហើយបើតាមលោក Mark Zuckerberg ដែលជា CEO នៃក្រុមហ៊ុន Meta បានលើកឡើងថា ឆ្នាំនេះនឹងក្លាយជា «ឆ្នាំនៃការអនុវត្ត» ដែលក្រុមហ៊ុននឹងចាប់ផ្ដើមរឹតខ្សែក្រវាត់ កាត់បន្ថយចំណាយដែលមិនចាំបាច់ចេញ ផ្ដោតលើប្រាក់ចំណេញ និងរៀបចំការងារក្នុងក្រុមហ៊ុនឱ្យមានសណ្ដាប់ធ្នាប់ និងធ្វើការប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ជាមួយគ្នានេះដែរ ក្រៅតែពីការប្រកាសបញ្ឈប់បុគ្គលិកក្រុមហ៊ុន Meta ក៏បានប្រកាសធ្វើការបិទការជួលបុគ្គលិករហូតដល់ទៅ៥០០០នាក់បន្ថែមផងដែរ នៅក្នុងឆ្នាំ២០២៣​នេះ។

គួរជម្រាបផងដែរថា គិតត្រឹមចុងឆ្នាំ ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន Meta បានប្រកាសបញ្ឈប់បុគ្គលិកសរុបអស់ប្រមាណ ២១០០០នាក់រួចហើយ ដើម្បីរៀបចំសម្រួលប្រតិបត្តិការណ៍ក្រុមហ៊ុនឡើងវិញ។ យ៉ាងណាមិញ សម្រាប់ការប្រកាសបញ្ឈប់បុគ្គលិក១០០០០នាក់ កាលពីពេលថ្មីៗនេះ បានធ្វើឱ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុន Meta ឡើងថ្លៃ៧%ផងដែរ៕

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia