កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei Technology ជាមួយក្រុមហ៊ុន Asia-Potash International Investment ដែលជាក្រុមហ៊ុនផ្គត់ផ្គង់រ៉ែប៉ូតាស្យូមដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ បានប្រកាសពីភាពជោគជ័យក្នុងការធ្វើកំណែទម្រង់ទៅលើការជីករុករករ៉ែឆ្លាតវៃ ពី 4G ទៅ 5G និងបញ្ចូលប្រព័ន្ធស្វ័យប្រវត្តិកម្មទំនើបៗ ជាច្រើនផងដែរ។ តំបន់ជីករុករករ៉ែដែលប្រើបច្ចេកវិទ្យាទំនើបនេះ មានទីតាំងស្ថិតនៅក្នុងខេត្ត Khammouane ដែលមានចម្ងាយ ៣៥០គីឡូម៉ែត្រពីទីក្រុងវៀងចន្ទន៍ដែលជារាជធានីរបស់ប្រទេសឡាវ។
បច្ចុប្បន្ននេះ ចំនួនបុគ្គលិកនៅតំបន់រុករករ៉ែខាងលើនេះបានកើនឡើងពីរាប់រយនាក់ ដល់ទៅជាង ៣០០០នាក់ឯណោះ ហេតុនេះក្រុមហ៊ុន Asia-Potash International Investment បានសហការជាមួយក្រុមហ៊ុន Huawei ដើម្បីដោះស្រាយបញ្ហាធំដូចជា បញ្ហាប្រតិបត្តិការណ៍ បញ្ហាទំនាក់ទំនង បញ្ហាសុវត្ថិភាពកម្មករ និងបញ្ហាប្រសិទ្ធិភាពការងារ តាមរយៈការយកបច្ចេកវិទ្យាទំនើបៗពី Huawei មកធ្វើជាជំនួយដោះស្រាយបញ្ហាស្មុគស្មាញទាំងអស់នោះ។
បើតាមក្រុមហ៊ុន Huawei បានឱ្យដឹងថា នេះជាលើកដំបូងហើយក្នុងការផ្ដល់ដំណោះស្រាយបច្ចេកវិទ្យាការជីករ៉ុករករ៉ែឆ្លាតវៃរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រោយចំណាយពេល ២ខែពេញធ្វើការឥតឈប់ឈរទីបំផុត Huawei ក៏អាចប្រែក្លាយអណ្ដូងរ៉ែបែបចាស់ ទៅជាការជីករុករករ៉ែឆ្លាតវៃ គ្របដណ្ដប់ដោយបណ្ដាញឥតខ្សែរទាំងលើនិងក្រោមដី ជាមួយប្រព័ន្ធអ៊ីនធឺណិត 5G រថយន្ដដឹងជញ្ជូនស្វ័យប្រវត្ដិបំពាក់ដោយបច្ចេកវិទ្យា AI និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ក៏ដូចជាម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ជាច្រើនទៀត។
បច្ចេកវិទ្យាទំនើបៗ ខាងលើនេះ បានជួយឱ្យការជីករុករករ៉ែកាន់តែមានប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់ជាងមុន។ ជាក់ស្ដែង បុគ្គលិកផ្នែកខាងលើអាចអង្គុយពិនិត្យមើលការងារនៅខាងក្រោមដីបាន តាមរយៈកាមេរ៉ាដែលមានគុណភាពខ្ពស់ជាមួយបច្ចេកវិទ្យា AI ហេតុនេះគេអាចមើលការងារពីបន្ទប់លើដី អាចបញ្ជាការងារផ្សេងៗ និងជួយប្រាប់ទៅអ្នកធ្វើការផ្នែកខាងក្រោមដី ដែលធ្វើឱ្យការងារកាន់តែមានប្រសិទ្ធិភាព បំពេញការងារបានឆាប់រហ័ស និងសុវត្ថិភាពខ្ពស់ជាងមុន។
បើតាមលោក Zhang Lu អ្នកជំនាញផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Huawei បានលើកឡើងថា ពីមុនការទំនាក់ទំនងគ្នារវាងបុគ្គលិកនៅកន្លែងជីករ៉ែមានការលំបាកយ៉ាងខ្លាំង ខណៈម្នាក់នៅខាងក្រោមដី និងម្នាក់នៅលើដី។ យ៉ាងណាក៏ដោយបញ្ហាខាងលើត្រូវបានដោះស្រាយក្រោយមានបច្ចេកវិទ្យាទំនើបៗ ជាពិសេសគឺបណ្ដាញអ៊ីនធឺណិត 5G ដែលអនុញ្ញាតឱ្យបុគ្គលិកអាចទំនាក់ទំនងគ្នាបានកាន់តែរលូន និងអាចប្រើក្នុងការភ្ជាប់បញ្ជាឧបករណ៍សំខាន់ៗ ក្នុងការជីករុករករ៉ែបានយ៉ាងរលូនផងដែរ។ ជាក់ស្ដែងមាន បុគ្គលិកធ្វើការកន្លែងជីករ៉ែ អាចខលវីដេអូតាមរយៈកម្មវិធី WeChat ក៏ដូចជាខលហៅជំនួយផ្សេងៗ នៅពេលដែលត្រូវការជំនួយបានយ៉ាងរលូន ទោះបីជាគាត់នៅក្រោមដីជម្រៅ ៣០០ម៉ែត្រក៏ដោយ ដែលនេះបានបញ្ជាក់ពីគុណភាពប្រព័ន្ធល្បឿនអ៊ីនធឺណិត 5G របស់ Huawei។
លោក Zhang Lu បានបន្ដទៀតថា អ៊ីនធឺណិ 5G ដើរតួនាទីសំខាន់បំផុត ដោយហេតុថា ការទំនាក់ទំនង និងការគ្រប់គ្រងទៅលើបច្ចេកវិទ្យាជាច្រើន នឹងមិនអាចដំណើរការបានោះទេ ប្រសិនបើគ្មានអ៊ីនធឺណិតល្បឿនលឿន។ បន្ថែមពីនេះទៀត ក្នុងករណីមានអាសន្ន ឬឧបទ្ទវហេតុណាមួយកើតឡើង ការមានប្រព័ន្ធគ្រប់គ្រងមើលពីលើ និងការមានអ៊ីនធឺណិតដែលអាចជួយឱ្យបុគ្គលិកអាចភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកខាងក្រៅបានទាន់ពេលវេលា គឺពិតជាមានសារៈសំខាន់ខ្លាំងបំផុត។
គួរជម្រាបផងដែរថា ការយកប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យាក្នុងការជីករុករករ៉ែ បានជួយដោះស្រាយបញ្ហាធំៗ ជាច្រើន ដូចជាធ្វើឱ្យមានភាពងាយស្រួលទំនាក់ទំនងការងារ ឬរកជំនួយផ្សេងៗ ជួយឱ្យបុគ្គលិកមានសុវត្ថិភាពអំឡុងពេលបំពេញការងារ កាត់បន្ថយការចំណាយ និងធ្វើឱ្យប្រតិបត្តិការណ៍ការងារដំណើររលូន និងទទួលបានលទ្ធផលល្អប្រសើរជាងមុន។
ដោយឡែកនេះ ក្រៅពីការសហការជាមួយនឹងក្រុមហ៊ុន Asia-Potash International Investment ផ្ដល់ដំណោះស្រាយបច្ចេកវិទ្យាទំនើបក្នុងការជីករុករករ៉ែប៉ូតាស្យូមនៅក្នុងប្រទេសឡាវ កាលពីឆ្នាំមុន ក្រុមហ៊ុន Huawei ក៏ធ្លាប់មានបទពិសោធន៍ក្នុងការសហការជាមួយក្រុនហ៊ុនធំៗជាច្រើន ធ្វើការទៅលើការផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា ក្នុងការជីករុករករ៉ែផ្សេងៗ។ ដូចមានជាអាថ ក្រុមហ៊ុន Huawei បានបង្កើតបច្ចេកវិទ្យា MineHarmony ដែលជាឧបករណ៍ទំនើបក្នុងការជីករុករករ៉ែធ្យូងថ្ម ដែលអាចបញ្ជាដោយគ្រាន់តែអង្គុយក្នុងបន្ទប់ មើលតាមការមេរ៉ាបាន។
ហើយបច្ចេកវិទ្យា MineHarmony នេះ ត្រូវបានក្រុមហ៊ុន Shandong Coal Group ដែលជាដៃគូរសហការរបស់ Huawei បានយកទៅដាក់ពង្រាយចូលទៅក្នុងឧបករណ៍ជីករុករករ៉ែជាង ៣៣០០ឈុត នៅក្នុងអណ្ដូងរ៉ែធ្យូងថ្មធំៗ ចំនួន១៣នៅក្នុងប្រទេសចិនផងដែរ។ បន្ថែមពីនេះទៀត ក៏មានក្រុមហ៊ុនវិនិយោគធំៗ ជាច្រើនទៀតបានសហការប្រើបច្ចេកវិទ្យារុករករ៉ែឆ្លាតវៃរបស់ Huawei ផងដែរ។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei Technology បានក្លាយជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យាជីករុករករ៉ែឆ្លាតវៃឈានមុខគេមួយលើលោកផងដែរ៕