បច្ចុប្បន្ននេះ ការធ្វើទីផ្សារលើបណ្ដាញសង្គមបានក្លាយជាវិធីដ៏ពេញនិយម និងមានប្រសិទ្ធិភាពបំផុតមួយនៅ ក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្ម ឱ្យទៅដល់ភ្នែកអតិថិជន។ យ៉ាងណាមិញ សម្រាប់ការធ្វើទីផ្សារលើបណ្ដាញសង្គម ការសរសេរ Caption ឬការរៀបចំពាក្យនិយាយក្នុងវីដេអូផ្សព្វផ្សាយ គឺមានសារៈសំខាន់ខ្លាំងណាស់ ពោលគឺបើអ្នកមិនយកចិត្តទុកដាក់រៀបចំវាឱ្យបានល្អទេ នោះផុសរបស់អ្នកនឹងមិនសូវទទួលបានការចាប់អារម្មណ៍ ហើយមិនអាចទាក់ទាញចិត្តអតិថិជនទិញបានច្រើនឡើយ។
ថ្ងៃនេះផងដែរ Technology Cambodia នឹងធ្វើការលើកយកនូវក្បួនសរសេរ Captionមួយចំនួនដែលអាចជួយជំរុញចិត្តអតិថិជនគោលដៅរបស់អ្នកឱ្យសម្រេចចិត្តទិញ។ ហើយអ្នកក៏អាចយកក្បួនសរសេរនេះរៀបនៅក្នុងប្លង់និយាយលក់ផលិតផលរបស់អ្នកបានដូចគ្នាដែរ។
១. ក្បួនសរសេរបែប FOMO៖
FOMO គឺមកពីពាក្យថា Fear of Missing out ដែលមានន័យថា «ភ័យខ្លាចចំពោះបាត់បង់»។ អ្នកប្រហែលជាធ្លាប់ឃើញដែលសរសេរបញ្ជាក់ថា បញ្ចុះតម្លៃ៥០% សម្រាប់អតិថិជន ៣០នាក់ដំបូង ហើយឥឡូវនេះសល់ ៧កន្លែងចុងក្រោយប៉ុណ្ណោះ ឬជួនកាលគេសរសេរថា បញ្ចុះប្រូមូសិនពិសេស បញ្ចុះតម្លៃពី៤៩ដុល្លារ មកសល់ត្រឹម២៧ដុល្លារ ការបញ្ចុះតម្លៃពិសេសនេះ នឹងត្រូវបញ្ចប់ត្រឹមម៉ោង៧ល្ងាចនេះ។
ការសរសេរ Caption តាមក្បួន FOMO ដូចដែលបានលើកឧទាហរណ៍ខាងលើនេះ គឺជាការលេងជាមួយអារម្មណ៍ «ភ័យខ្លាច» របស់មនុស្ស ដោយអតិថិជនដែលកំពុងតែចាប់អារម្មណ៍ជាមួយផលិតផលរបស់អ្នកស្រាប់ហើយ គេនឹងសម្រេចចិត្តទិញភ្លាមៗ ដោយសារតែមិនចង់បាត់បង់ឱកាស។
២.ខ្ចីដៃភ្ញៀវចាស់ប្រើ (Social Proof)៖ នៅត្រង់ចំណុចនេះ គឺអ្នកត្រូវចេះយកបទពិសោធន៍ និងមតិល្អៗរបស់អតិថិជនចាស់ ដែលពួកគាត់ទទួលបាន ក្រោយប្រើផលិតផលឬសេវាកម្មរបស់អ្នក យកមកបង្ហាញទៅកាន់ភ្ញៀវថ្មីរបស់អ្នក។
ដោយហេតុថា បច្ចុប្បន្ននេះមុននឹងសម្រេចចិត្តទិញផលិតផល ឬសេវាកម្មអ្វីមួយ មនុស្សភាគច្រើនតែងតែទៅអង្គុយមើល Comment ឬទៅសួរមតិយោបល់របស់អ្នកដែលធ្លាប់បានប្រើទំនិញដែលខ្លួនចង់ទិញនោះ។ ហេតុនេះការយកបទពិសោធន៍ល្អៗ របស់អតិថិជនចាស់ៗរបស់អ្នកមកបង្ហាញ វាអាចជួយបង្កើនទំនុកចិត្តដល់អតិថិជនថ្មី និងជួយជំរុញឱ្យពួកគេអាចសម្រេចចិត្តទិញផលិតផលរបស់អ្នកភ្លាមៗដោយមិនស្ទាក់ស្ទើរ៕
អត្ថបទដោយ៖ Nava Siri