Telegram គឺជាបណ្ដាញសង្គមដ៏ពេញនិយមមួយ សម្រាប់មនុស្សសម័យថ្មី ដែលត្រូវបានបង្កើតឡើងដោយយុវជនរុស្សីពីររូប គឺលោក Pavel Durov និងលោក Nikolai Durov។ ហើយបើគិតមកទល់នឹងពេលនេះ អ្នកប្រើប្រាស់ Telegram សរុបមានប្រមាណ ៥០០លាននាក់។ លើសពីនេះទៀត ក្នុងឆ្នាំ២០២២នេះ Telegram បានជាកម្មវិធីផ្ញើសារលេខ១នៅកម្ពុជា ក្នុងចំណោមកម្មវីធីទំនាក់ទំនងនៅកម្ពុជា។
យ៉ាងណាមិញ មានអ្នកប្រើប្រាស់ Telegram ជាច្រើននៅកម្ពុជា បានឆ្ងល់ថា មិនដែលឃើញពាណិជ្ជកម្មលើ Telegram និងឱ្យប្រើប្រាស់ហ្វ្រី តើ Telegram បានចំណូលមកពីណាសម្រាប់យកទៅដំណើរការក្រុមហ៊ុន?
បើតាមការចុះផ្សាយរបស់គេហទំព័រ Feedough បានឱ្យដឹងថា បណ្ដាញសង្គមយក្សមួយនេះគឺមិនបានរកចំណូលពីការផ្សាយពាណិជ្ជកម្ម ឬការគិតថ្លៃពីអ្នកប្រើប្រាស់នោះទេ ព្រោះបណ្ដាញសង្គមមួយនេះបានបង្កើតឡើងដំបូងឡើយក្នុងគោលដៅជាអំណោយសប្បុរសដ៏មានតម្លៃមួយសម្រាប់មហាជនតែប៉ុណ្ណោះ។
យ៉ាងណាមិញ បណ្ដាញសង្គមយក្សមួយនេះ គឺរកចំណូលបានពីការបរិច្ចាគ របស់មហាជន និងស្ថាប័នធំៗផ្សេងៗជាច្រើនដែលប្រើប្រាស់ Telegram ហើយបណ្ដាញសង្គម Telegram ក៏នឹងធ្វើការរៃអង្គាសប្រាក់ពីស្ថាប័នធំៗមួយចំនួនផងដែរនៅក្នុងករណីត្រូវការចាំបាច់ណាមួយ។ មួយវិញទៀត ធនធានដែល Telegram ប្រើដើម្បីចិញ្ចឹមអាជីវកម្មរបស់ខ្លួនភាគច្រើនគឺបានមកពីទុនរបស់អ្នកវិនិយោគផ្សេងៗតែប៉ុណ្ណោះ។
បើតាមប្រសាសន៍របស់ស្ថាបនិករបស់ Telegram បានឲ្យដឹងថា គោលដៅនៃការបង្កើត Telegram នេះ គឺចង់បម្រើដល់មនុស្សលោកក្នុងន័យសប្បុរធម៌ច្រើនជាង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កាកររស់ដោយពឹងលើការបរិច្ចាគពីគេ ប្រហែលជាមិនអាចធ្វើឱ្យ Telegram អាចរីកចម្រើនបានយូរអង្វែងទៅ អនាគតនោះទេ ហេតុនេះ Telegram កាលពីឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ Telegram បានគិតគូរពីគម្រោង ផ្លាស់ប្ដូរនូវទម្រង់អាជីវកម្មរបស់ខ្លួនមួយចំនួនទាក់ទងនឹងការចង់ទាញយកចំណូលពីការផ្សាយពាណិជ្ជកម្ម តាមរយៈការផ្សាយពាណិជ្ជកម្មនៅតាម Group និងតាមឆានែលធំៗដែលមានសមាជិកច្រើន។
ជាក់ស្ដែង មានឆានែលមួយចំនួនមានអ្នកសមាជិករហូតដល់ទៅរាប់លាននាក់ ហើយបើគេគិតឆានែលធំៗចំនួន ១០តែប៉ុណ្ណោះ គឺមានសមាជិករហូតដល់ទៅ ១២០លាននាក់ ដែលនេះជាប្រភពចំណូលដ៏ធំមួយសម្រាប់ Telegram នៅពេលដែលគម្រោងចាប់ផ្ដើមផ្សាយពាណិជ្ជកម្មចាប់ផ្ដើមដំណើរការ។
ទន្ទឹមនឹងនេះដែរ ថ្នាក់ដឹកនាំ Telegram ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើ Telegram សម្រេចចិត្តផ្សព្វផ្សាយពាណិជ្ជកម្មចូលទៅក្នុង Group និង Chanel ធំៗ ម្ចាស់ Group និង Chanel ទាំងនោះ ក៏នឹងទទួលបានចំណូលខ្លះដែរ។
គួរបញ្ជាក់ផងដែរថា គម្រោងចេញផ្សព្វផ្សាយពាណិជ្ជកម្មនេះគឺកំពុងតែស្ថិតនៅក្នុងការពិចារណាតែប៉ុណ្ណោះ ប៉ុន្តែវាក៏ជាដំណឹងល្អមួយផងដែរសម្រាប់ម្ចាស់ Group និង Chanel ធំៗដែលមានសមាជិកច្រើន ពោលគឺគាត់អាចនឹងទាញចំណូលបាន បើសិនជា Telegram ពិតជាចេញគោលការណ៍ផ្សាយពាណិជ្ជកម្មពិតមែន៕
