ទាំងអស់គ្នាប្រហែលជាដឹងហើយថា Facebook គឺជាកម្មវិធីបណ្ដាញសង្គមធំបំផុតលេខ១លើលោក។ ហើយសម្រាប់កម្មវិធី Facebook ក្នុងពេលបច្ចុប្បន្ននេះ អាចនិយាយបានថា វាបានក្លាយជាផ្នែកមួយនៃជីវិតរបស់ប្រជាជនមួយផ្នែកធំទូទាំងពិភពលោកបាត់ទៅហើយ ពោលគឺយើងតែងតែប្រើវាជារៀងរាល់ថ្ងៃ ក្នុងគោលដៅផ្សេងៗ ដូចជាសម្រាប់កំសាន្ដ ទំនាក់ទំនង រៀនសូត្រ ឬក៏ប្រើសម្រាប់ផ្សព្វផ្សាយអាជីវកម្មជាដើម។
យ៉ាងណាមិញ ស្របពេលដែលមានបងប្អូនខ្មែរយើង ប្រមាន ៨លាននាក់ កំពុងតែប្រើប្រាស់ Facebook រាល់ថ្ងៃ វាហាក់ដូចជាយើងកំពុងតែទទួលបាននូវការប្រើប្រាស់វេទិការ Facebook ដោយឥតគិតថ្លៃដើម្បីប្រយោជន៍ឬគោលដៅណាមួយរៀងៗខ្លួន តែផ្ទុយទៅវិញ យើងក៏បានចូលរួមចំណែកជួយឱ្យ Facebook អាចរកលុយបានរាប់លានដុល្លារផងដែរ តាមរយៈការចូលទៅប្រើប្រាស់របស់យើងជាងរៀងរាល់ថ្ងៃ។ តើអ្នកទាំងអស់គ្នាមានដឹងទេថា នៅក្នុងរយៈពេលត្រឹមតែ១នាទី តើ Facebook អាចរកចំណូលបានប៉ុន្មានសែនដុល្លារ?
ជាក់ស្ដែង បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ក្នុងរយៈពេល ១នាទី ក្រុមហ៊ុន Facebook អាចរកចំណូលបានរហូតដល់ទៅ ២១៥៣៥៣.៩៣ ដុល្លារឯណោះ ខណៈចំណូលសរុបមានរហូតដល់ទៅ ២៧,៩១ ពាន់លានដុល្លារគិតត្រឹមត្រីមាសទី ១ នៃឆ្នាំ ២០២២នេះ។
គួរជម្រាបផងដែរថា Facebook គឺជាកម្មវិធីបណ្ដាញសង្គមធំបំផុតលេខ១ លើលោក ដែលមានអ្នកប្រើប្រាស់សរុបប្រមាណ ២.៧ពាន់លាននាក់ទូទាំងពិភពលោក ពោលគឺ ប្រជាជន Facebook មានច្រើនជាងប្រជាជនប្រទេសចិន និងប្រជាជនឥណ្ឌាទៅទៀត។ ដោយមានការគាំទ្រនិងមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លានដុល្លាននាក់ដូច្នេះជាហេតុធ្វើឱ្យ Facebook កើបលុយបានយ៉ាងងាយស្រួល ហើយបើទោះបីជាពិភពលោកកំពុងតែផ្ទុះកូវីដ១៩ក្ដី ក៏ក្រុមហ៊ុនបណ្ដាញសង្គមយក្ស១នេះ នៅរីកចម្រើននិងអាចរកចំណូលបានទ្វេរគុណថែមទៀតផង ខណៈមានក្រុមហ៊ុនផ្សេងៗជាច្រើនបានដួលប៉ះជើង។
យ៉ាងណាមិញ ការប្រើប្រាស់ Facebook គឺវាមានគុណសម្បត្តិច្រើនប៉ុន្ដែវាក៏ មាននូវគុណវិបត្តិមួយចំនួនផងដែរ ប៉ុន្ដែយើងសង្ឃឹមថាប្រជាជនខ្មែរយើងនឹងប្រើប្រាស់ Facebook ទៅលើផ្លូវដែលត្រឹមត្រូវ ប្រើក្នុងគោលដៅទាញផលប្រយោជន៍ ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕
