កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅម្សិលមិញនេះ ក្រុមអ្នកវិទ្យាសាស្រ្តដែលជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ University Of Florida បានធ្វើការប្រកាសថាខ្លួនទទួលបានភាពជោគជ័យទៅលើការដាក់ពិសោធន៍រុក្ខជាតិ Arabidopsis thaliana ជាមួយនឹងប្រភេទដីដែលយកមកពីឋានព្រះច័ន្ទហើយ នេះបើយោងតាមការចុះផ្សាយរបស់អង្គការ NASA ។
ប្រភពដដែលបានបន្តថា មានមូលហេតុពីរដែលធ្វើឲ្យពួកគាត់ចង់ដាំរុក្ខជាតិលើដីរបស់ឋានព្រះច័ន្ទ ទី១គឺ ពួកគាត់ចង់ដឹងថាតើដីដែលខ្សោះជាតិទឹករបស់ឋានព្រះច័ន្ទអាចឲ្យរុក្ខជាតិលូតលាស់បានឬអត់? ហើយចម្លើយដែលអ្នកវិទ្យាសាស្រ្តទទួលបាននោះគឺ «បាន» ព្រោះថាបន្ទាប់ពីដាក់ផ្សាំរុក្ខជាតិ Arabidopsis thaliana ជាមួយនឹងដីរបស់ឋានព្រះច័ន្ទបានប្រមាណ ២០ថ្ងៃក្រោយមកគេឃើញមានពន្លកដុះចេញពីក្នុងបំពង់ពិសោធន៍នោះ ដែលសមិទ្ធផលមួយនេះបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តភ្ញាក់ផ្អើលមែនទែន ប៉ុន្តែគ្រាន់តែថា រុក្ខជាតិដែលបានដុះចេញមកនោះវាមិនសូវជាមានភាពរឹងមាំដូចរុក្ខជាតិដែលដុះចេញមកពីដីដែលសម្បូរជីវជាតិរបស់ផែនដីនោះទេ។
ជាមួយគ្នានេះដែរ គោលបំណងទី២ ដែលអ្នកវិទ្យាសាស្រ្តបង្កើតការស្រាវជ្រាវដាំរុក្ខជាតិទៅលើដីដែលបានយកមកពីឋានព្រះច័ន្ទនេះគឺដោយសារ ពួកគាត់ចង់បើកផ្លូវឲ្យក្រុមអ្នកវិទ្យាសាស្រ្តជំនាន់ក្រោយមានភាពងាយស្រួលក្នុងការចុះទៅស្រាវជ្រាវពីឋានព្រះច័ន្ទ លើសពីនេះទៀតនាពេលអនាគតពួកគាត់ចង់ឲ្យក្រុមអ្នកវិទ្យាសាស្រ្តជំនាន់ក្រោយយក បន្លែស្រូវផ្កា ទៅដាំនៅឯឋានព្រះច័ន្ទផ្ទាល់ដើម្បីឲ្យពួកគាត់សិក្សាកាន់តែស៊ីជម្រៅអំពីឋានព្រះច័ន្ទថែមទៀត។
គូសបញ្ជាក់ថា ការធ្វើពិសោធន៍នេះអ្នកវិទ្យាសាស្រ្តបានយករុក្ខជាតិប្រភេទ Arabidopsis thaliana ទៅដាំនៅលើដីរបស់ឋានព្រះច័ន្ទមុនគេព្រោះថារុក្ខជាតិប្រភេទនេះវាងាយស្រួលក្នុងការលូតលាស់មិនរើសទីតាំង ពោលគឺវាដុះនៅលើដីជុំវិញពិភពលោក ដូច្នេះហើយទើបពួកគាត់សម្រេចចិត្តយករុក្ខជាតិប្រភេទនេះទៅពិសោធន៍៕
អត្ថបទដោយ៖ អូន រ៉ាទី