ប្រសើរណាស់! យុវជនឆ្នើមកម្ពុជាចាប់ដៃជាមួយជប៉ុន ចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
Navasiri Morm
MAY 31 2023
អាជីវកម្ម 4.0
183 views
3 mins read

កាលពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមយុវជន Global Shaper Phnom Penh Hub សហការជាមួយក្រុមយុវជន Global Shaper​​ Yokohama Hub (ជប៉ុន) បានរៀបចំកិច្ចសន្ទនា ផ្លាស់ប្តូរយោគបល់ និងចែករំលែកចំណេះដឹងទាក់ទិនទៅនឹងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចុង ក្រោយថ្មីៗនៅមជ្ឍមណ្ឌល AmCam Exchange ដោយមានការអញ្ជើញចូលរួមពីម្ចាស់អាជីវកម្មវិនិយោគិន និងសិស្សានុសិស្សមកពីគ្រប់មជ្ឍដ្ឋាន។

កិច្ចសន្ទនានេះប្រព្រឹត្តទៅដោយចែកចេញជាពីរទម្រង់ រួមមាន៖ ១).ការធ្វើបទបង្ហាញពីបទពិសោធន៍ និងរឿងរ៉ាវអាជីវកម្ម នៅក្នុងសហគ្រាស/វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ២).កិច្ចពិភាក្សាតុមូល និងសំណួរចម្លើយ។ កម្មវិធីនេះមានគោលបំណងជំរុញ និងលើកកម្ពស់ការអប់រំស្ទែម (STEM) នៅក្នុងតំបន់អាស៊ី ក៏ដូចជាចែករំលែកបទពិសោធន៍ ទស្សនៈ និងចក្ខុវិស័យ ពីសំណាក់វាគ្មិនដែលជាស្ថាបនិកធុរកិច្ចថ្មីនៅក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

នៅក្នុងកិច្ចសន្ទនានេះ វាគ្មិនទី១ លោក យឹម អធិជេដ្ឋា សហស្ថាបនិក និងនាយកប្រតិបត្តិអភិបាលកិច្ចនៃ Polymer Suite បានធ្វើបទបង្ហាញស្តីអំពីគំនិតអាជីវកម្មថ្មីមួយក្នុងការជួយសម្រួលទៅដល់ ម្ចាស់អាជីវកម្មផ្សេងទៀតក្នុងការផ្តល់វិក័យប័ត្រដ៏មានភាពងាយស្រួលទៅកាន់អតិថិជន ព្រមទាំងអនុញ្ញាតឱ្យគ្រប់គ្រងទិន្នន័យអតិថិជនទិញ-លក់ទាំងនោះឱ្យកាន់តែមានប្រសិទ្ធភាព។

1

ចំណែកឯវាគ្មិនទី២ លោក Kento Hatase ស្ថាបនិក និងនាយកប្រតិបត្តិនៃ MEMORY LAB, Inc. បានលើកឡើងអំពីគំនិតអាជីវកម្មដ៏ច្នៃប្រឌិតមួយក្នុងការជួយសិស្សានុសិស្ស អ្នកសិក្សាស្រាវជ្រាវក៏ដូចជាម្ចាស់អាជីវកម្មក្នុងការស្វែងរកប្រធានបទស្រាវជ្រាវ  ឬ ព័ត៌មានផ្សេងៗឱ្យកាន់តែមានភាពងាយស្រួលនិងលឿនជាងមុន។ 

ក្រៅពីនេះ លោក យឹម រីឆាត នាយកប្រតិបត្តិនៃ Quantum Engineering and Manufacturing បានរៀបរាប់អំពីប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ទាក់ទិនទៅនឹងសក្កានុពលនៃ Quantum Computing នៅក្នុងអាជីវកម្មនាយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ព្រមទាំងការផលិតឧបករណ៍ម៉ាស៊ីនកែច្នៃផ្សេងៗដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុនធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា។

2

3

ចំណែក លោកបណ្ឌិត Kengo Suzuki សហស្ថាបនិកនៃ Euglena Co.,Ltd បានធ្វើបទ​បង្ហាញស្តីពីក្រុមហ៊ុន Euglena នាយុគសម័យទំនើបនេះ។​ Euglena គឺជាក្រុមហ៊ុនបណ្តាក់ទុនដែលមានប្រភពមកពី មហាវិទ្យាល័យកសិកម្មនៃសាកលវិទ្យាល័យតូក្យូ ដែលជាក្រុមហ៊ុនដំបូងគេរបស់ពិភពលោក ដែលទទួល បានជោគជ័យក្នុងការដាំដុះ microalgae "Euglena" នៅខែធ្នូ ឆ្នាំ 2005។ បច្ចុប្បន្នក្រុមហ៊ុន Euglena ផ្តោតទៅលើវិស័យអាជីវកម្មដូចជា​​ ១). ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងផលិត microalgae​ ២). ការផលិត និងលក់អាហារ និងគ្រឿងសំអាង microalgae  ៣). ការអភិវឌ្ឍន៍បច្ចេកវិទ្យាជីវឥន្ធនៈសម្រាប់ មីក្រូសារាយ និងបច្ចេកវិទ្យាទាក់ទងនឹងបរិស្ថាន ៤). ការអភិវឌ្ឍន៍អាជីវកម្ម ការវិនិយោគនៃអាជីវកម្ម ដែលទាក់ទងនឹងបច្ចេកវិទ្យាជីវសាស្រ្ត។​

4

លទ្ធផលនៃកិច្ចពិភាក្សានេះ បានក្លាយសបញ្ជាក់ថា ភាពវៀងវៃនិងប៉ិនប្រសព្វរបស់ធុរកិច្ចជន និងទស្សនៈនយោបាយប្រកបដោយបរិយាប័ន្នបានដើរតួយ៉ាងសំខាន់ក្នុងការអនុវត្ត និងជំរុញវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពនៅក្នុងសង្គមជាតិ។ ជាការពិតណាស់ ភាពរីកចម្រើន និងជឿនលឿននៃផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបាននឹងកំពុងមានឥទ្ធិពលកាន់តែខ្លាំងនៅគ្រប់មជ្ឍដ្ឋាន ដែលការណ៍នេះទាមទារឱ្យបុគ្គលគ្រប់រូបយ៉ាងហោចណាស់បានស្វែងយល់ និងមានចំណេះដឹងជាមូលដ្ឋាននូវផ្នែកវិទ្យាសាស្រ្ត​ និងបច្ចេកវិទ្យានេះ។

5

បន្ថែមពីលើនេះ យុវជនជំនាន់ក្រោយត្រូវមានទំនួលខុសត្រូវខ្ពស់ និងជឿជាក់លើសមត្ថភាពរបស់ ខ្លួនឯងក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់ពួកគេ។ ជាងនេះទៀត វត្តមាននៃ ប្រព័ន្ធអ៊ីនធឺណិតបានផ្តល់ឱ្យយើងនូវថ្នាលមួយដ៏មានសារសំខាន់ ដើម្បីទទួលបានចំណេះដឹង និងចែក រំលែក ឬផ្លាស់ប្តូរគំនិតយោគបល់ ដោយគ្មានព្រំដែន។កិច្ចសន្ទនាបានបញ្ចប់ដោយមានការចោទសួរពីអ្នកចូលរួមប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងទទួលបានចំណេះដឹងជាផ្លែផ្កា។​

៦

៧

៩

៨

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team