កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា iPhone 14 និង iPhone 14 Pro Max កំពុងតែជាបញ្ហាផ្ទត់ផ្ទង់ដោយសារតែផលិតមិនទាន់ ខណៈបច្ចុប្បន្ននេះ Foxconn ដែលជារោងចក្រផលិត iPhone ធំបំផុតឱ្យក្រុមហ៊ុន Apple ដែលមានទីតាំងក្នុងទីក្រុង Zhengzhou ប្រទេសចិន កំពុងតែជួបបញ្ហាខ្វះកម្លាំងពលកម្មក្នុងការផលិត ស្របពេលដែលរដ្ឋាភិបាលកំពុងតែបន្ដវិធានការណ៍បិទខ្ទង់ការពារជំងឺរាតត្បាតកូវីដ១៩។ ដោយឡែក ខាងរោងចក្រ Foxconn វិញបាននឹងកំពុងតែព្យាយាមស្វែងរកវិធានការធ្វើយ៉ាងណាឱ្យបុគ្គលិកអាចបន្ដធ្វើការក្នុងរោងចក្របាន និងព្យាយាមរើសបុគ្គលិកចូលបន្ថែមផងដែរ។
ជាក់ស្ដែង បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ដើម្បីរួមចំណែកដោះស្រាយបញ្ហាខាងលើ ថ្មីៗនេះ ភ្នាក់ងារអតីតយុទ្ធជនក្នុងស្រុករបស់ប្រទេសចិន បានផ្ញើលិខិតបើកចំហមួយ ដល់កងទ័ពរំដោះប្រជាជន ដោយបានស្នើរឱ្យធ្វើការបញ្ជូនទាហានទៅធ្វើការ នៅរោងចក្ររបស់ Foxconn ក្នុងទីក្រុង Zhengzhou ខេត្ត Henan ដើម្បីជំរុញខ្សែសង្វាក់ផលិតកម្ម iPhone។
ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងទេ ដែលអាជ្ញាធរមូលដ្ឋានរបស់ចិនព្យាយាមជួយ ដោះស្រាយបញ្ហារបស់ Foxconn ដើម្បីអនុញ្ញាតឱ្យខ្សែសង្វាក់ផលិតកម្ម iPhone បន្ដដំណើរការបានដូចធម្មតា។ ជាក់ស្ដែងកាលពីពេលកន្លងទៅនេះ អាជ្ញាធរមូលដ្ឋានរបស់ចិន នៅក្នុងទីក្រុង Kaifeng និង Jiyuan ធ្លាប់បានស្នើថា ឱ្យភូមិនីមួយៗ គួរតែចាប់គ្នាបង្កើតជាក្រុមៗ ដើម្បីជួយការងារនៅរោងចក្រ Foxconn ជាបណ្ដោះអាសន្នសិន។ បន្ថែមពីនេះទៀត អាជ្ញាធរមូលដ្ឋានចិននៃទីក្រុង Zhengzhou ក៏បានចាប់ផ្តើមដំណើរការជ្រើសរើសបុគ្គលិក ឱ្យជួយទៅធ្វើការក្នុងរោងចក្រ Foxconn ផងដែរ។
ហើយបើតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP បានឱ្យដឹងថា Foxconn អាចដាក់បុគ្គលិកបានដល់ទៅ២០០០០០នាក់ ប៉ុន្ដែបច្ចុប្បន្ននេះ រោងចក្រ Foxconn មានបុគ្គលិកតែជាង ១០០០០០នាក់តែប៉ុណ្ណោះ ពោលគឺគេត្រូវរើសបុគ្គលិករាប់ម៉ឺននាក់បន្ថែមទៀត ដើម្បីអាចផលិត iPhone ផ្គត់ផ្គត់ទាន់តម្រូវការទីផ្សារ។
គួរជម្រាបផងដែរថា ការជួយដល់ក្រុមហ៊ុន Foxconn គឺជាការបង្ហាញនូវទំនួលខុសនិងការយកចិត្តទុកដាក់របស់អាជ្ញាធរក្នុងតំបន់ជាច្រើននៃប្រទេសចិន។ បន្ថែមពីនេះទៀត ការជួយដល់ក្រុមហ៊ុន Foxconn ក្នុងការផលិត iPhone លើកនេះ ដោយសារតែ Foxconnn ជារោងចក្រផលិតគ្រឿងអេឡិចត្រូនិចដ៏ធំមួយ ដែលបានបង្កើតការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុង Zhengzhou និងទីក្រុងផ្សេងទៀតនៅក្បែរនោះផងដែរ៕