បើនិយាយដល់ការទិញម្ហូបអាហារតាមអនឡាញ និងការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា គ្រប់គ្នាប្រហែលជានឹកឃើញដល់ App មួយដែលមានឈ្មោះថា Foodpanda ហើយបើយើងក្រឡេកមើលទៅតាមដងផ្លូវនូវរាជធានីភ្នំពេញវិញ យើងក៏ឃើញមានអ្នកដឹកជញ្ជូនចំណីអាហារជាមួយនឹង ឯកសណ្ឋានពណ៌ផ្កាឈូក និងធុងផ្ទុកអាហារពណ៌ផ្លាឈូកភ្ជាប់ និងរូបក្លាឃ្មុំដ៏ស្រស់ស្អាត។
ក្រឡេកទៅមើលប្រវត្តិរបស់ Foodpanda វិញ កម្មវិធីដឹកជញ្ជូននិងកម្មង់អាហារមួយនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ ដោយសហស្ថាបនិក ២រូបគឺលោក Lukas Nagel និងលោក Rico Wyder ដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។
មួយឆ្នាំកន្លងផុតទៅ ពោលគឺនៅក្នុងអំឡុងឆ្នាំ២០១៣ Foodpanda មានបុគ្គលិករហូតដល់ទៅ ២ម៉ឺននាក់ និងបានពង្រីកខ្លួនទៅប្រទេសជាច្រើនរួមមានម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងប្រទេសអាស៊ីជាច្រើនទៀត។ រហូតមកដល់ឆ្នាំ២០១៤ Foodpanda បានទិញយកក្រុមហ៊ុន Eat Oye មកពីប្រទេសប៉ាគីស្ថានដែលជាគូរប្រជែងរបស់ខ្លួន ហើយ Foodpanda ចាប់បោះជំហ៊ានពង្រីកខ្លួនយ៉ាងឆាប់រហ័សទៅប្រទេសផ្សេងៗជាច្រើន។ ប៉ុន្ដែក្រោយមកនៅក្នុងឆ្នាំ២០១៥ ដោយសារតែមានបញ្ហាមួយចំនួន លោក Rohit Chadda សហស្ថាបនិកដំបូងរបស់ Foodpanda បានសម្រេចចិត្តដើរចេញពី Foodpanda ហើយទុកឱ្យលោក Ralf Wenzel លោក Felix Plog និង លោក Ben Bauer ជាអ្នកមើលថែ Foodpanda បន្ដ។
ក្រោយមកនៅក្នុងឆ្នាំ២០១៥ ក្រុមហ៊ុនមកពីឥណ្ឌាមួយដែលមានឈ្មោះថា Just Eat បានទិញហ៊ុន Foodpanda ទាំងអស់ ១០០%។ ហើយចំណែកឯសហស្ថាបនិកដែលបានបង្កើត Foodpanda ទាំងអស់ក៏បានលានឈប់ពីក្រុមហ៊ុនផងដែរ ហើយនៅចុងឆ្នាំ២០១៥ Just Eat បានសម្រេចបញ្ឈប់បុគ្គលិកចោលអស់ ៣០០នាក់ ដែលធ្វើឱ្យ Foodpanda បាត់បុគ្គលិកជំនាន់ដំបូងគិតចាប់តាំងពីបង្កើតមក។
យ៉ាងណាមិញ ដោយសារតែការប្រគួតប្រជែងខ្លាំង និងប្ដូរម្ចាស់ជាច្រើនមក នៅក្នុងអំឡុងពេលនោះ Just Eat ដែលជាក្រុមហ៊ុនមេថ្មីបានជួបនូវបញ្ហាមួយចំនួន ដោយក្នុងពេលនោះ Foodpanda បានពង្រីកទៅច្រើនប្រទេស ប៉ុន្ដែនៅក្នុងប្រទេសខ្លះបានជួបបញ្ហាមួយចំនួនដូចជា នៅក្នុង App Foodpanda មាន «Fake Listing» ពោលគឺ នៅក្នុង App ដាក់ថាមានហាងមួយ ឧទាហរណ៍ថាឈ្មោះ «ក» ប៉ុន្ដែហាងឈ្មោះ «ក» មិនមានពីតទេ។ ហើយពេលខ្លះដាក់ថាហាងឈ្មោះ «ខ» ជាដៃគូរសហការណ៍ ប៉ុន្ដែដល់អតិថិជនចុចកម្មង់ហើយទាក់ទងទៅ ខាងហាង «ខ» ថាមិនដឹងរឿង។ ហើយករណីខ្លះ អិតិថិជនបានទិញនិងបង់លុយអស់ហើយ ប៉ុន្ដែខាងម្ចាស់ហាងបែរជាមិនទទួលបានលុយទៅវិញ ដែលនេះគឺជាបញ្ហាឈឺក្បាលដែលត្រូវដោះស្រាយ។
រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមហ៊ុន Mail.Ru ដែលជាក្រុមហ៊ុន IT មកពីរុស្សី បានទិញយក Foodpanda យកទៅរកស៊ីបន្ដម្ដង។ ហើយក្រោយមក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុនមកពីអាល្លឺម៉ង់មួយមានឈ្មោះថា Delivery Hero បានធ្វើការទិញយក Foodpanda ពី Mail.Ru បន្ដទៀត។ លើកលែងតែក្រុមហ៊ុន Foodpanda នៅក្នុងប្រទេសឥណ្ឌាដែលមួយប៉ុណ្ណោះ ដែលត្រូវបានទិញ និងដឹកនាំបន្ដដោយក្រុមហ៊ុន Ola ហើយក្រៅពីនោះគឺត្រូវបានដឹកនាំដោយក្រុមហ៊ុន Delivery Hero ទាំងអស់រហូតមកដល់សព្វថ្ងៃ។
ក្រោយពីទិញបាន Foodpanda ហើយ Delivery Hero បានព្យាយាមដោះស្រាយបញ្ហាដែល Foodpanda មានទាំងអស់ ហើយក្រោយមកដើម្បីរីកចម្រើនកាន់តែខ្លាំងទៅអនាគត ក្រៅពីពង្រឹកសេវាកម្មរបស់ Foodpanda ខាង Delivery Hero ក៏នឹងឃើញសេវាកម្មថ្មី គឺផ្ដោតទៅលើ «Cloud Kitchen» ពោលគឺហាងលក់អាហារនៅលើពពក។
សម្រាប់ «Cloud Kitchen» នេះ គឺឧទាហរណ៍ថា អ្នកមានហាងមួយនៅបាត់ដំបង ដែលហាងមានអាហារឆ្ងាញ់ៗច្រើនណាស់ ប៉ុន្ដែគ្មានលទ្ធភាពពង្រីកហាងទៅខេត្តផ្សេងៗ អ្នកអាចសហការជាមួយ Foodpanda បើកហាងលើពពកលក់បាន។ ដោយអ្នកអាចឱ្យរូបមន្ដទៅកាន់ Foodpanda ហើយ Foodpanda នឹងធ្វើអាហារទាំងនោះដូចនឹងហាងនៅបាត់ដំបង១០០% ហើយថតរូបដាក់លក់លើ App Foodpanda នៅពេលដែលក់ដាច់ គឺត្រូវបែងចែកប្រាក់ចំណេះឱ្យគ្នា។
ហើយមួយវិញទៀត អ្នកអាចបញ្ចូនចុងភៅ ដែលអ្នកបង្រៀនចេះធ្វើម្ហូបគ្រប់មុខ ដែលអាចទុកចិត្តបាន ហើយថតរូបដាក់លក់អាហារនៅក្នុង App Foodpanda នៅពេលដែលមានអ្នកទិញ ចុចភៅដែលអ្នកបញ្ជូនទៅនោះ នឹងធ្វើម្ហូបហើយឱ្យខាងភ្នាក់ងារដឹករបស់ Foodpanda ដឹកឱ្យ ដែលវិធីនេះគឺជួយឱ្យម្ចាស់ហាងមិនចាំបាច់ប្រថុយចំណាយលុយរាប់ម៉ឺនដុល្លារទៅបើកហាងថ្មី។ ហើយតាមរយៈសេវា «Cloud Kitchen» ឬហាងលើពពកនេះ បានរួមចំណែកធ្វើឱ្យ Foodpanda ទទួលបានការចាប់អារម្មណ៍និងល្បីល្បាញកាន់តែខ្លាំងផងដែរ។
គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ Foodpanda គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅពីក្រោម ក្រុមហ៊ុន Delivery Hero ដែលជាក្រុមហ៊ុន មកពីប្រទេសអាល្លីម៉ង។ ហើយបើគិតមកត្រឹមឆ្នាំ២០២២នេះ Foodpanda បាននឹងកំពុងតែបើកដំណើរការជាង៥០ប្រទេសទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាយើងផដែរ៕
តើអ្នកបានដឹង ឬបានរៀនអ្វីខ្លះពីសាច់រឿងដ៏ជូរចត់ និងដំណើរដ៏វែងឆ្ងាយ និងអស្ចារ្យ របស់ Foodpanda?
ប្រភព៖ Techcrunch, EconomicTimes, livemint, DeliveryHero, Marketing-Interactive, Techinasia, romania-insider,the daily star,tribune, reuter
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (FB: Navasiri Morm; Telegram: 0966034563)