នេះជារឿងដែលមិនគួរឲ្យជឿមួយដែលក្រុមហ៊ុនឈ្មោះថា Jetpack Ativation បានរៀបចំគម្រោងបង្កើតនូវម៉ូតូមួយប្រភេទដែលអាចឲ្យអ្នកដំណើរជិះហោះហើរនៅលើអាកាសបាន។ ដោយកាលពីពេលកន្លងមកក្រុមហ៊ុន Jetpack Ativation ធ្លាប់បានផលិតឧបករណ៍ម្យ៉ាងដែលមានឈ្មោះថា Jetpack ដោយវាជាជាឧបករណ៍សម្រាប់ពាក់ពីក្រោយខ្នងហើយអាចធ្វើឱ្យមនុស្សម្នាក់ហោះបាន ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Jetpack Ativation បានប្រកាសពីគម្រោងផលិតជាម៉ូតូហោះវិញម្ដង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Futurism ។
ប្រភពដដែលបានបន្តថា មូលហេតុដែលលោក David Mayman ម្ចាស់ក្រុមហ៊ុន Jetpack ចង់បង្កើតម៉ូតូហោះនេះឡើងគឺដោយសារតែគាត់ស្រលាញ់ខាងវិស័យអាកាសចរណ៍ និយាយរួមទៅគាត់មានដុងទៅខាងអាកាសចរណ៍នេះតែម្តងព្រោះក្រុមគ្រួសាររបស់គាត់សុទ្ធតែមានឈាមជ័រជាអាកាសយានិក។ មួយវិញទៀតគាត់មិនចង់ឲ្យក្រុមហ៊ុនរបស់គាត់មានតែ Jetpack ឧបករណ៍សម្រាប់ពាក់ជិះពីក្រោយប៉ុណ្ណោះទេ ពោលគឺគាតចង់ផ្តល់ជាបទពិសោធន៍ថ្មីមួយដល់អតិថិជនរបស់គាត់។
លោក David Mayman បានលើកឡើងថា សម្រាប់ការផលិតម៉ូតូហោះនេះឡើង ព្រោះគាត់យល់ឃើញពីភាពលំបាករបស់អ្នកជិះម៉ូតូ ព្រោះថារាល់ដងពេលជិះទៅតំបន់ភ្នំហើយមានឧបសគ្គគឺវាពិបាកក្នុងការខលហៅជាងទៅសន្តោង មួយវិញទៀតម៉ូតូហោះនេះក៏ជាគ្រឿងយន្តដ៏សំខាន់មួយសម្រាប់នគរបាលប្រើក្នុងករណីមានអាសន្នបន្ទាន់។ ឧទាហរណ៍ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Jetpack កំពុងតែបម្រើសេវាកម្ម ឲ្យក្រុមនគរបាលអាមេរិកជួល Jetpack ហ្វឹកហាត់ប្រើ Jetpack នេះជិះជួយសង្គ្រោះមនុស្សក្នុងករណីបន្ទាន់។
បើនិយាយពីគុណសម្បិត្តរបស់ម៉ូតូនេះវិញវាអាចឲ្យអ្នកដំណើរជិះបានកម្ពស់ជាង 300m ផុតពីដី និងល្បឿន 193km ក្នុងមួយម៉ោង។ លោក David Mayman បានបន្ថែមថាបើទោះបីជាមេឃភ្លៀងក៏ដោយក៏អ្នកអាចជិះម៉ូតូហោះលើអាកាសបានដែរ។
សូមជម្រាបថា តម្លៃរបស់ម៉ូតូហោះនេះ លោក David Mayman មិនទាន់បង្ហាញប្រាប់ពីតម្លៃជាក់លាក់នោះទេគាត់គ្រាន់តែបង្ហើបថា វាអាចប្រហាក់ប្រហែលទៅនឹងតម្លៃរបស់ឡានទំនើបនៅទីផ្សារ៕
អត្ថបទដោយ៖ អូន រ៉ាទី