បញ្ហាដែលពិបាកកែបំផុតរបស់ Facebook គឺគណនីក៏ដូចជា ផេកមួយចំនួនត្រូវបានហ្វេសប៊ុកបិទ ឬហាមឃាត់លែងឱ្យផុស ដោយមិនសមហេតុផល ហើយពេលដែលអ្នកប្រើប្រាស់ផ្ញើសារទៅតវ៉ា បញ្ជាក់ថាគ្មានកំហុសជួនកាលត្រូវរង់ចាំជាច្រើនសប្ដាហ៍ ឬច្រើនខែទើបបានត្រឡប់មកវិញ ហើយករណីខ្លះ គឺត្រូវបិទរហូតតែម្ដង។
យ៉ាងណាក៏ដោយ បញ្ហាខាងលើនេះអាចនឹងមានភាពល្អប្រសើរជាងមុន ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានធ្វើការបង្កើតក្រុមសេវាកម្មអតិថិជន សម្រាប់ជាជំនួនឆ្លើយតបទៅកាន់អ្នកប្រើប្រាស់ដែលត្រូវបានលុបផុស ឬបិទគណនី ឬផេក ដោយមិនសមហេតុផល ខណៈកាលពីពេលកន្លងមកភាគច្រើន Meta ប្រើបច្ចេកវិទ្យាបញ្ញាសុប្បនិម្មិត AI ជាគោលក្នុងការសម្រេចទៅលើរឿងទាំងនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុន Meta បានសម្រេចធ្វើរឿងមួយនេះ ក្រុមប្រឹក្សាត្រួតពិនិត្យ (Oversight Board) យល់ឃើញថា គោលការណ៍សម្របសម្រួលមាតិកា ឬក៏ផុសនៅលើ Facebook អាចមានបញ្ហាបន្ដិចបន្ដួច ដែលតម្រូវឱ្យធ្វើការកែប្រែ ខណៈមានមនុស្សមិនតិចជាង១លាននាក់ទេ ដែលបានផ្ញើសារ ត្អូនត្អែររឿងត្រូវបិទអាខោន ផេក ឬផុសផ្សេងៗរបស់ពួកគេដោយមិនសមហេតុផល។
គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ Meta មានអ្នកប្រើប្រាស់រហូតដល់ទៅជាង ៣ពាន់លាននាក់ បើបូកទាំងអ្នកប្រើនៅលើ Facebook និង Instagram។ ហើយការដែលមានទំហំអ្នកប្រើប្រាស់រាប់ពាន់លាននាក់ដូច្នេះ វាគឺជាបញ្ហាដ៏លំបាកមួយសម្រាប់ Meta ត្រូវដោះស្រាយក៏ដូចជាគ្រប់គ្រងទៅលើមាតិកា ឬផុសដែលខុសច្បាប់ ក៏ដូចជាផុសដែលអសីលធម៌មិនសមរម្យនៅលើ Facebook។ ដោយកាលពីពេលកន្លងមក Meta បានប្រើបច្ចេកវិទ្យា AI ជាគោលសម្រាប់ជួយដោះស្រាយទៅលើបញ្ហាទាំងនេះ។
យ៉ាងណាមិញ ការបង្កើតក្រុមសេវាកម្មអតិថិជននេះឡើងមក គេរំពឹងថានឹងអាចជួយដោះស្រាយបញ្ហាកំហុសបច្ចេកទេសផ្សេងៗ និងជួយដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់បាន។ ដោយឡែកសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ដើម្បីកុំឱ្យជួបបញ្ហាគួរតែសិក្សាពីគោលការណ៍របស់ Facebook ដើម្បីការពារកុំជួបបញ្ហាផ្សេងៗ។ យ៉ាងណាមិញ ប្រសិនបើជួបបញ្ហាត្រូវបានបិទផេក ឬគណនីដោយអ្នកពិតជាមិនបានធ្វើខុសនិងច្បាប់ Facebook មែន អ្នកអាចទាក់ទងទៅក្រុមការងារសេវាកម្មអតិថិជនរបស់ Facebook តវ៉ាស្នើសុំមកវិញបាន។ ប៉ុន្ដែអ្នកត្រូវតែប្រាកដក្នុងចិត្តថា អ្នកពិតជាមិនបានធ្វើអ្វីខុសឬប្រឆាំងទៅនឹងច្បាប់ក៏ដូចជាគោលការណ៍ផ្សេងៗ របស់ Facaebook ពិតប្រាកដមែន៕