ផ្លាស់ប្ដូរខ្នាតធំ! Mark ថា ២០២៣អ្នកប្រើ Facebook និង IG នឹងឃើញផុសមនុស្សមិនដែលស្គាល់គ្នាដល់ទៅ៣០%
Navasiri Morm
JANUARY 22 2023
ឌីជីថល
757 views
2 mins read

យោងតាមការចុះផ្សាយរបស់គេហទំព័រ Tech Crunch បានឱ្យដឹងថា លោក Mark Zuckerberg បានប្រកាសថា នៅឆ្នាំ២០២៣ អ្នកប្រើប្រាស់​ Facebook និង Instagram ទាំងអស់នឹងឃើញផុស ពីផេក ក៏ដូចជាគណនីដែលខ្លួនមិនបានតាមដានរហូតដល់ទៅ ៣០% នៅលើ Feed របស់ខ្លួន តាមរយៈប្រព័ន្ធដែលហៅថា «Discovery Engine» ដើម្បីឱ្យមនុស្សភ្ជាប់ទំនាក់ទំងនជាមួយគ្នាបានកាន់តែច្រើនជាងមុន។

ប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ Discovery Engine នេះ គឺជាប្រព័ន្ធបញ្ហាសុប្បនិម្មិត AI ដែលដើរតួនាទីជាអ្នករុញផុសណាដែលវាសិក្សាឃើញថាអ្នកប្រើចូលចិត្តមើល បញ្ចូនទៅឱ្យអ្នកប្រើប្រាស់ម្នាក់ៗបានឃើញ។ ដោយរចនាបទនៃ AI ដែល Mark Zuckerberg ត្រៀមធ្វើបច្ចុប្បន្នភាពទៅលើ Facebook និង Instagram នេះ ត្រូវបានគេរកឃើញថា​ ជាប្រព័ន្ធដ៏ពេញនិយមមួយដែលមានប្រើនៅលើ TikTok។ ជាក់ស្ដែងប្រព័ន្ធ Algorithm AI របស់ TikTok ធ្វើការបញ្ជូនវីដេអូណាមួយដែលវាសិក្សាឃើញថា អ្នកប្រើម្នាក់ៗចូលចិត្ត ទោះបីជាអ្នកប្រើមិនបានតាមដាន (Follow) គណនី TikTok នោះក៏ដោយ។

ការប្រកាសផែនការបង្ហាញផុសដែលអ្នកប្រើប្រាស់មិនបានតាមដាន ៣០%​ នេះ ត្រូវបានធ្វើឡើងក្រោយ ក្រុមហ៊ុន Meta ប្រកាសពីការបំបែក News Feed នៅលើបណ្ដាញសង្គម Facebook ជាពីរ ពោលគឺត្រឡប់ទៅបែបចាស់មួយដែលអាចកំណត់ឱ្យបង្ហាញតែផុសរបស់មនុស្សឬផេកដែលខ្លួនបានតាមដាន និងមួយទៀតឈ្មោះថា Home គឺបង្ហាញតែដែល Facebook គិតថាសាកសមឬអ្នកប្រើម្នាក់ម្នាក់ៗចូលចិត្តមើល។

គួរជម្រាបផងដែរថា នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២២ កន្លងទៅនេះ ចំណូលរបស់ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ជួបការធ្លាក់ចុះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដ ពោលគឺធ្លាក់ចុះ១%។ ជាហេតុធ្វើឱ្យ លោក Mark Zuckerberg ដែលជា CEO ក្រុមហ៊ុន Meta បានប្រកាសចេញនូវផែនការណ៍ក៏ដូចជាកំណែទម្រង់ថ្មីៗ ជាច្រើនទៅលើបណ្ដាញសង្គមរបស់ខ្លួន ដើម្បីយកឈ្នះដៃគូប្រគួតប្រជែង និងរក្សាតំណែងឱ្យ Facebook នៅតែជាប់ជាបណ្ដាញសង្គមលេខ១ លើលោកដដែល៕

អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia