បើនិយាយដល់វិស័យគ្រីបតូ គេប្រាកដជានឹកឃើញឈ្មោះបុរសម្នាក់គឺ Sam Bankman-Fried ស្ថាបនិកក្រុមហ៊ុន FTX Trading Ltd. ដែលជាផ្លែតហ្វមទីផ្សារផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូធំបំផុតទី២ លើពិភពលោក FTX ដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ ១៤ពាន់លានដុល្លារ។ ប៉ុន្ដែយ៉ាងណាក៏ដោយ ដូចពាក្យចាស់ពោលថា ជីវិតមានឡើងមានចុះ កាលពីពេលថ្មីៗនេះ លោក Sam Bankman-Fried បានប្រកាសពីការក្ស័យធននៃក្រុមហ៊ុន FTX Trading Ltd. ហើយសម្រាប់លោក Sam Bankman-Fried ក៏អាចប្រឈមជាមួយនឹងការជាប់ពន្ធធនាគារផងដែរ។
ជាក់ស្ដែង កាលពីថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីនេះ ស្ថាបនិក FTX លោក Sam Bankman-Fried ត្រូវបានចាប់ខ្លួននៅកោះ Bahamas បន្ទាប់ពីសហរដ្ឋអាមេរិកបានចេញដីការចាប់ខ្លួនពីបន្ទុកបទព្រហ្មទណ្ឌ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ប្រភពដដែលបានឱ្យដឹងថា ការឃាត់ខ្លួនលោក Sam Bankman-Fried គឺជាវិធានការដំបូងដែលនិយ័តករអាមេរិកអនុវត្តន៍ ដើម្បីឱ្យមានការទទួលខុសត្រូវទៅលើជនរកគ្រោះជាច្រើនរូបដែលជួបការខាតបង់រាប់លានដុល្លារ ដោយសារតែ FTX កាលពីខែមុន។
គួរជម្រាបផងដែរថា ក្រុមហ៊ុន FTX ត្រូវបានប្រកាសក្ស័យធន ក្រោយពីមានមនុស្សជាច្រើននាំគ្នាសម្រុកទៅដកលុយចេញពី FTX និងនាំគ្នាសម្រុកលក់កាក់ FTX Coin ចេញដែលធ្វើឱ្យតម្លៃកាក់ និងតម្លៃក្រុមហ៊ុនធ្លាក់ចុះយ៉ាងគំហុក។ ហើយដោយសារតែចំនួនទឹកលុយមានទំហំធំ និងមិនមានលុយបង្វិលទាន់ បូករួមនៃការធ្លាក់ចុះនៃតម្លៃក្រុមហ៊ុនផងនោះ ជាហេតុធ្វើឱ្យលោក Sam Bankman-Fried ត្រូវបង្ខំចិត្តដាក់ពាក្យក្ស័យធននៅទីបំផុត។ យ៉ាងណាក៏ដោយ លោក Sam Bankman-Fried ត្រូវបានគេរំពឹងថា នឹងត្រូវបានធ្វើបត្យាប័នឆាប់ៗ នេះ៕