ត្រូវដឹងជាចាំបាច់! អ្នកបើកឡានលើផ្លូវល្បឿនលឿន បើឡានខូចត្រូវដឹងរឿងទាំងនេះឱ្យច្បាស់ ចៀសវាងគ្រោះថ្នាក់
ផែន ផាន់ណា
SEPTEMBER 30 2022
យានយន្ត
537 views
1 min read

ផ្លូវល្បឿនលឿន ឬ Express way ដំបូងបង្អស់នៅកម្ពុជា ដែលភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ចាប់ផ្ដើមដាក់ឱ្យប្រើដោយឥតគិតថ្លៃរយៈពេល១ខែពេញ ក្រោយសាងសង់រួចរាល់កាលពីពេលថ្មីៗនេះ។ ថ្វីត្បិតថាជាផ្លូវល្បឿនលឿនពិតមែន ប៉ុន្តែក្រសួងបានកំណត់យកយានយន្តដែលបើកបរលើផ្លូវនេះ ត្រូវមានលក្ខខណ្ឌត្រឹមត្រូវ តួយ៉ាងរថយន្តត្រូវមានល្បឿនតិចបំផុត ៦០គីឡូម៉ែត្រក្នុងម៉ោង និងខ្ពស់បំផុតពី ៨០ ទៅ ១២០ គីឡូម៉ោង តាមប្រភេទរថយន្តជាដើម។ ចុះបើរថយន្តដែលដែលកំពុងបើកបរលើផ្លូវនេះ មានបញ្ហាឬខូច តើអ្នកបើកបរគួរធ្វើបែបណា?

Car breakdown Stock Photos, Royalty Free Car breakdown Images |  Depositphotos

បើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងពីលក្ខខណ្ឌមួយចំនួនដែលត្រូវធ្វើ ក្នុងការដោះស្រាយនៅពេលថយន្តខូច និងការស្វែងរកជំនួយ " លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។ នៅពេលយានយន្តខូច អ្នកបើកបរត្រូវបើកបរ ឬរុញរថយន្តមកខាងស្ដាំតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់កៀកនឹងរនាំងសុវត្ថិភាព រួចត្រូវបើកភ្លើងសញ្ញាអាសន្ន និងត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ចម្ងាយយ៉ាងតិច១០០ម៉ែត្រ ពីក្រោយរថយន្ត។

May be an image of road

ប្រសិនបើពេលយប់ងងឹត ឬពេលថ្ងៃមានភ្លៀងធ្លាក់ ត្រូវបើកភ្លើងសញ្ញាអាសន្ន បើកភ្លើងទីតាំង(ភ្លើងដឺមី)ខាងមុខ និងភ្លើងក្រហមខាងក្រោយ ហើយត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ពីក្រោយរថយន្តចម្ងាយយ៉ាងតិច ២០០ម៉ែត្រ។

ក្នុងករណីនេះ អ្នកបើកបររថយន្តអាចឈប់ ឬចតដើម្បីត្រួតពិនិត្យ ឬជួសជុលរថយន្តក្នុងរយៈពេលមិនលើស៣០នាទីឡើយ ហើយអ្នកបើកបរត្រូវរៀបចំឱ្យអ្នករួមដំណើរទាំងអស់ទៅកាន់ទីសុវត្ថិភាពដែលស្ថិតនៅក្រៅរនាំងការពារ។ ក្នុងករណីរថយន្តខូចមានបញ្ហាពិបាកដោះស្រាយ អ្នកបើកបរត្រូវស្នើសុំជំនួយពីក្រុមហ៊ុនផ្លូវល្បឿនលឿនតាមលេខទូរសព្ទបន្ទាន់១៣៩៩។

May be an image of 3 people, car, road and text

នៅពេលជួសជុលរួចរាល់ ដើម្បីងាកចូលទៅគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ អ្នកបើកបរត្រូវបង្កើនល្បឿនតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ និងឱ្យភ្លើងសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច៥វិនាទី  ដោយមិនត្រូវឱ្យរំខានដល់ចរាចរណ៍យានយន្តផ្សេងទៀតឡើយ។

សូមជម្រាបជូនផងដែរថា៖ "ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ" នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ តទៅ។

សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team