បង្កើតឡើងនៅក្នុងឆ្នាំ២០១៦ Neuralink គឺជាក្រុមហុនបច្ចេកវិទ្យាសរសៃប្រសាទមួយ ដែលស្រាវជ្រាវទៅលើគម្រោងភ្ជាប់បន្ទះឈីប ជាមួយនឹងខួរក្បាលរបស់មនុស្ស ដើម្បីជួយទៅដល់អ្នកមានជំងឺខួរឆ្អឹងខ្នង ខ្វិន ពិការភ្នែក ឱ្យពួកគេអាចធ្វើសកម្មភាពដូចមនុស្សធម្មតា។ ហើយក្រោយពីធ្វើការស្រាវជ្រាវនិងតេស្ដសាកល្បងអស់រយៈពេលជាច្រើនឆ្នាំ កាលពីពេលថ្មីៗនេះ លោក Elon Musk ដែល CEO នៃក្រុមហ៊ុន Neuralink បាននិយាយថា លោកមានគម្រោងនឹងដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលរបស់លោកផ្ទាល់ផងដែរ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ក្រោយពីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើតេស្ដជោគជ័យជាបន្ដបន្ទាប់ ថ្មីៗនេះ លោក Elon Musk បានប្រកាសថា Neuralink បានត្រៀមខ្លួនរួចរាល់ នឹងគ្រោងចាប់ផ្ដើមធ្វើការដាក់បន្ទះឈីបភ្ជាប់ទៅកាន់ខួរក្បាលមនុស្សជាលើកដំបូង នៅក្នុងរយៈពេល៦ខែខាងមុខនេះ។
ប្រភពដដែលបានឱ្យដឹងទៀតថា លោក Elon Musk ដែលជា CEO នៃក្រុមហ៊ុន Neuralink ធ្លាប់ប្រកាសនៅលើបណ្ដាញសង្គម Twitter របស់ខ្លួនថា លោកគ្រោងនឹងដាក់បន្ទះឈីបភ្ជាប់ទៅកាន់ខួរក្បាលរបស់លោក នៅពេលដែលបច្ចេកវិទ្យាទាំងអស់រួចរាល់។ ហើយការដែលលោក Elon Musk បានប្រកាសពីគម្រោងដាក់បន្ទះឈីបភ្ជាប់ទៅក្នុងខួរក្បាលរបស់ខ្លួនដូច្នេះ គឺបានបន្ថែមនូវទំនុកចិត្តទៅលើបច្ចេកវិទ្យានៃក្រុមហ៊ុនរបស់លោក មុននឹងដាក់វាទៅលើអ្នកជំងឺ។
ទន្ទឹមនឹងនេះផងដែរ បច្ចុប្បន្ននេះ លោក Elon Musk កំពុងតែធ្វើការដាក់សំណើរទៅកាន់ រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ហៅកាត់ថា FDA ឱ្យអនុញ្ញាតទៅលើការលក់ក៏ដូចជាប្រើប្រាស់បានកាន់តែទូលំទូលាយផងដែរ។