បច្ចុប្បន្ននេះ ផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្រ្ដ កាន់តែរីកចម្រើនខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានសម្រួលឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សកាន់តែមានភាពងាយស្រួលជាងមុន។ យ៉ាងណាក៏ដោយ ក្រៅតែពីការជួយសម្រួលដល់កិច្ចការងារផ្សេងៗរបស់មនុស្ស បច្ចេកវិទ្យានិងវិទ្យាសាស្រ្ដក៏អាចជាអាវុធមុខពីរ អាចប្រល័យលាងសម្អាតជីវិតមនុស្សមួយពិភពលោកបានដែរ ឱ្យតែមានការប៉ះទង្គិចរវាងថ្នាក់ដឹងនាំ និងកើតមានការបែកផ្កាភ្លើងសង្រ្គាម។
ជុំវិញបញ្ហានេះផងដែរ មហាសេដ្ឋី Elon Musk បានលើងឡើងថា បើយើងមិនទៅភពអង្គារទេ សង្គ្រាមលោក លើកទី៣ អាចនឹងផ្ដាច់ពូជមនុស្សជាតិ។ ដោយមើលឃើញពីបញ្ហាផងហើយ ទើបលោក Elon Musk ខំបង្កើតក្រុមហ៊ុន SpaceX ផលិតរុកកែត និងស្រាវជ្រាវរកបច្ចេកវិទ្យាផ្សេងៗ ដោយមានគោលដៅហោះទៅដាក់អណានិគមន៍នៅភពអង្គារ ហើយគ្រោងនឹងបញ្ចូលមនុស្ស១លានជីវិតពីផែនដីឱ្យទៅរស់នៅទីនោះ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ INDIATODAY។
លោក Elon Musk បាននិយាយថា «ពិភពលោកទំនងនឹងត្រឡប់ទៅយុគសម័យ Dark Ages ម្ដងទៀត ជាពិសេសប្រសិនបើមានសង្គ្រាមលើលោកលើទី៣កើតឡើង»។
សម្រាប់យុគសម័យ «Dark Ages» ឬ «យុគសម័យងងឹត» បានកើតឡើងនៅក្នុងចន្លោះសតវត្សទី ៥ និងទី១៤ មានរយៈពេល៩០០ឆ្នាំ។ ដោយក្នុងអំឡុងពេលនោះ គឺមិនសូវមានការរីកចម្រើនផ្នែកវិទ្យាសាស្រ្ដ និងវប្បធម៌នោះទេ។
ហើយបច្ចុប្បន្ននេះ នៅតាមប្រទេសមហាអំណាចជាច្រើន សុទ្ធតែមានគ្រាប់បែកនុយក្លេអែក្នុងដៃ ហើយប្រសិនបើថ្ងៃណាមួយផ្កាភ្លើងនៃសង្រ្គាមលោក លើងទី៣ ពិតជាផ្ទុះមែន យើងពិតជាពិបាកស្រមៃណាស់ថា តើអនាគតមនុស្សជាតិនឹងទៅជាយ៉ាងណា ប្រសិនបើប្រទេសដែលមាននុយក្លេអ៊ែចង់ឈ្នះ យកវាមកបាញ់គ្នាទៅវិញទៅមក ហើយឥទ្ធិពលវាមួយគ្រាប់ៗខ្លាំងក្លាដូច្នេះ។
គួរជម្រាបផងដែរថា ទៅថ្ងៃអនាគតលោក Elon Musk ម្ចាស់ក្រុមហ៊ុនស្រាវជ្រាវអាវកាស SpaceX បានដាក់គោលដៅក្នុងការឡើងទៅដាក់អណានិគមន៍ទៅលើភពអង្គារ ហើយបញ្ចូនមនុស្សឱ្យបាន១លាននាក់ ឱ្យទៅរស់នៅទីនោះ ដើម្បីចៀងវាងពីវិបត្តិដាច់ពូជមនុស្សជាតិ ប្រសិនបើសង្រា្គមលលោកលើកទី៣ កើតឡើងមែន។
តើអ្នកយល់ឃើញយ៉ាងណាដែរចំពោះរឿងមួយនេះ គិតថា បើសង្គ្រាមលោកលើកទី៣ កើតឡើងមែន តើអាវុធនុយក្លេអ៊ែ អាចនឹងប្រល័យជីវិតមនុស្សជាតិអស់ពីផែនដីទេ?
អត្ថបទដោយ៖ ម៉ម ណាវ៉ាសិរិ (FB: Navasiri Morm; Telegram: 0966034563)