ក្រោយគ្រោងតំណែងជាមហាសេដ្ឋីលេខ១ពិភពលោករយៈពេលជាង២ឆ្នាំ នៅថ្ងៃនេះលោក Elon Musk បានធ្លាក់តំណែងមកនៅត្រឹមលេខ២ ក្រោយមកហាសេដ្ឋីបច្ចេកវិទ្យារូបនេះខាតទ្រព្យផ្ទាល់ខ្លួន២ពាន់លានដុល្លារត្រឹមរយៈពេល២ថ្ងៃ។ ហើយសម្រាប់អ្នកដែលជាប់ឈ្មោះជាសេដ្ឋីលេខ១ ពិភពលោកបច្ចុប្បន្ននេះ គឺលោក Bernard Arnault ដែលជា CEO ក្រុមហ៊ុន LVMH។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider។
ប្រភពដដែលបានឱ្យដឹងទៀតថា កត្តាដែលធ្វើឱ្យលោក Elon Musk ធ្លាក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរហូតដល់ទៅ ២ពាន់លានដុល្លារត្រឹមរយៈពេល២ថ្ងៃដូច្នេះ គឺដោយសារតែតម្លៃហ៊ុនភាគហ៊ុននៃក្រុមហ៊ុន Tesla មានការធ្លាក់ចុះ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចមានការប្រែប្រួល។ ជាពិសេស ចិនដែលជាទីផ្សារលក់ចេញរថយន្ដដ៏ធំរបស់ Tesla ក៏មានការធ្លាក់ចុះតម្រូវការរថយន្ដផងដែរ។ ហើយបម្រែបម្រួលនៃសេដ្ឋកិច្ចនេះក៏បានធ្វើឱ្យមានផលប៉ះពាល់ទៅដល់ក្រុមហ៊ុនជាច្រើនទៀតដែលជាប្រភពចំណូលរបស់លោក Elon Musk ផងដែរ។ ជាក់ស្ដែងកាលពីពុធ ទី០១ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ តម្លៃភាគហ៊ុននៃក្រុមហ៊ុន Tesla បានធ្លាក់ចុះបន្ថែម ១.៤% មកសល់តម្លៃត្រឹមតែ ២០២.៧៧ដុល្លារក្នុងមួយហ៊ុន និងបន្ដធ្លាក់រហូតដល់ទៅ ៥.៧% បន្ទាប់ពីប្រារព្ធកម្មវិធីជំនួបអ្នកវិនិយោគរបស់ Tesla ដែលធ្វើឡើងកាលពីថ្ងៃទី២ មីនា ២០២៣កន្លងទៅនេះ។
គួរជម្រាបផងដែរថា បច្ចុប្បន្ននេះលោក Elon Musk មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបប្រមាណ ១៨៤ពាន់លានដុល្លារ ខណៈលោក Bernard Arnault ដែលជា CEO ក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបរហូតដល់ទៅ ១៨៦ពាន់លានដុល្លារ និងជាប់ឈ្មោះជាមហាសេដ្ឋីលេខ១ ពិភពលោកផងដែរ៕